រាជធានីភ្នំពេញ ៖ លោក ចាន់ យុត្ថា អ្នកនាំពាក្យ និងជានាយក ខុទ្ទកាល័យក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ក្រសួងធនធានទឹក បាននឹងកំពុងធ្វើការតាមដាន យ៉ាងយកចិត្តទុកដាក់ ចំពោះអាកាសធាតុ ដែលបានកើតមានកាលពីរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៣ នេះ ព្រោះវាអាចមានឥទ្ធិពល ដល់ជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ បន្ទាប់ពីព្យុះទី១០ បានរលាយ និងជំនួសមកវិញ ដោយព្យុះទីហ្វុងទី១១។
លោក ចាន់ យុត្ថា បានបន្តថា បន្ទាប់ពីព្យុះទី១០ បានរលាយ ប្រពន្ធ័សម្ពាធទាប ដែលមានឥទ្ធិពលទឹកភ្លៀងច្រើនដល់អាងទន្លេមគង្គ បានលាតសន្ធឹងកាន់តែវែង ចាប់តាំងពីប្រទេសបង់ក្លាដែស រហូតដល់សមុទ្រប៉ាស៊ីហ្វិកខាងកើត ប្រទេសហ្វីលីពីន ដោយអូសកាត់ពីលើ អាងទន្លេមេគង្គលើ ហើយប្រពន្ធ័សម្ពាធទាបដ៏វែងនេះ បានតភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្មមួយ នៅខាងកើតប្រទេសហ្វីលីពីន។
មានការបញ្ជាក់ថា សម្ពាធទាបសកម្មនេះ អាចនឹងវិវត្តទៅជា កូនព្យុះទី១១ នៅរសៀលថ្ងៃ៩ ខែសីហា នេះមិនទាន់មានឈ្មោះពិតប្រាកដទេ តែបើតាមការព្យាករណ៍ជំហានដំបូង វានឹងក្លាយជាព្យុះទីហ្វុង កម្រិតទីបួន ដែលជាកម្រិតខ្លាំងបំផុត នៅពេលបន្ទាប់។ ក្រសួងកំពុងតែធ្វើការ តាមដានយ៉ាងយកចិត្តទុកដាក់បំផុត ព្រោះបើវាកើតមាន គឺមានឥទ្ធិពលខ្លាំងណាស់ ដល់អាងទន្លេមេគង្គលើ ធ្វើឲ្យទឹកទន្លេនេះ ជន់ឡើងលឿន។
តាមការសង្កេតជារួមគឺ នៅពេលព្យុះនេះ មិនទាន់មកដល់ ភ្លៀងបានធ្លាក់មកច្រើន ជាបន្តបន្ទាប់ នៅតំបន់អាងទន្លេមេគង្គលើតំបន់ខ្ពង់រាប ភាគឦសាន និងតំបន់ខ្ពង់រាបភាគខាងជើង នៃប្រទេសកម្ពុជា ដែលកត្តាទាំងនេះ អាចបង្កឲ្យមាន ទឹកជំនន់តាមដងទន្លេ យ៉ាងអាក្រក់បំផុត ។ យ៉ាងណាក៏ដោយ អាជ្ញាធរបានចេញសេចក្តីអំពាវនាវ ឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដើម្បីទប់ទល់ចំពោះ គ្រោះទឹកជំនន់ដ៏អាក្រក់នៅពេលនេះ ៕
ប្រភពពី វត្តភ្នំ
Read more: http://www.cambodiapage.info/


0 comments:
Post a Comment