លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានមានប្រសាសន៍បញ្ជាក់ប្រាប់គេហទំព័រថ្មីៗ នៅព្រឹកថ្ងៃពុធនេះថា គ.ជ.ប បានស្នើឲ្យលោក សេង ប៊ុនវ៉េង ហៅអាចារ្យអេ ម្ចាស់វិទ្យុអេប៊ីស៊ី ធ្វើការកែតម្រូវសម្តីខ្លួនដែលបានអត្ថាធិប្បាយថា ទាហានខ្មែរនឹងធ្វើបដិវត្តប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត។
កាលពីថ្ងៃម្សិលមិញ ជុំវិញឱកាសជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ម្ចាស់វិទ្យុអេប៊ីស៊ីដ៏មានប្រជាប្រិយភាព បានឆ្លើបសំណួររបស់សហការីខ្លួនថា បើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតមិនត្រឹមតែអ្នកមានទេដែលរត់អស់ អ្នកក្រក៏នឹងរត់ផងដែរ ប៉ុន្តែបញ្ហាត្រង់ពួកគាត់អត់មានលុយជិះយន្តហោះ។
ការរត់ចេញពីស្រុក គឺ អាចារ្យអេ ដែលមានឈ្មោះដើមថា សេង ប៊ុនវ៉េងនោះ ចង់សម្តៅលើការធ្វើរដ្ឋប្រហាររបស់ទាហានខ្មែរទៅលើរដ្ឋាភិបាល ប្រសិនជារដ្ឋាភិបាលនេះស្ថិតនៅក្រោមការដឹកនាំរបស់គណបក្សសង្គ្រោះជាតិ។
អាចារ្យអេ បានលើកឡើងថា កាយវិការរបស់លោក សម រង្ស៊ី ដូចជាឱនថើបដីនោះ គឺជាការយកគំរូតាមលោក ថាក់ស៊ីន អតីតនាយករដ្ឋមន្ត្រីថៃ (កាលពីលោកត្រូវបានលើកលែងទោសកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ) ដែលបានឱនថើបដីពេលដល់ព្រលានយន្តហោះនៅទីក្រុងបាងកក។
អាចារ្យអេបាននិយាយថា៖ «គាត់ [សម រង្ស៊ី] យកគំរូពីលោកថាក់ស៊ីន។ ចុះទាហានខ្មែរមិនចេះយកគំរូតាមទាហានថៃ ទេហី យល់អត់ទេ បងប្អូន។ យ៉ាងយូរបីខែ ទាហានខ្មែរធ្វើបដិវត្ត ជឿទៅ ជឿទៅ បើគាត់ចុះយកថាក់ស៊ីន ស៊ីណាវ៉ាត ជាគំរូ ទាហានខ្មែរក៏ចេះធ្វើអីចឹងដែរ។ អានឹងរបស់អញ អញច្បាំងមកបាន ហ្ហែងមកពីណាមកដណ្តើមរបស់អញ… អាចារ្យអេ អត់យកជីវិតមកតស៊ូរទេអញទៅមុនហើយ»។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានអះអាងថា លោកបានឲ្យគណៈកម្មការជំនាញត្រួតពិនិត្យមើលបញ្ហានេះ ហើយក្រុមការងាររបស់លោក បានទូរស័ព្ទទៅភាគីខាងវិទ្យុដើម្បីឲ្យមានការកែរតម្រូវពាក្យសម្តីឡើងវិញ។
តាមពិត លោក សេង ប៊ុនវ៉េង បាននិយាយពាក្យជាច្រើនទៀតទាក់ទងនឹងការបន្តុះបង្អាប់ដល់គណបក្សសង្គ្រោះជាតិក្រោមការដឹកនាំរបស់លោក សម រង្ស៊ី និងលោក កឹម សុខា ដោយលោកបានលើកឡើងថា យោធាសុទ្ធតែមានការស្មោះស្ម័គ្រនឹងគណបក្សប្រជាជនកម្ពុជារបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សម្តីរបស់លោកបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំង ជាពិសេសពីសំណាក់អ្នកស្តាប់ដែលមាននិន្នាការគាំទ្រគណបក្សសង្គ្រោះជាតិ។ សម្រាប់លោក យឹម សុវណ្ណ អ្នកនាំពាក្យសង្គ្រោះជាតិ នេះជាសម្តីបំភិតបំភ័យមួយ ដោយអះអាងថា ទាហាននឹងមិនធ្វើបែបនេះឡើយ ផ្ទុយទៅវិញ ពួកគាត់នឹងរឹតតែសប្បាយចិត្តចំពោះការទទួលបានប្រាក់ខែខ្ពស់៕
ប្រភពពី᧵៖ cambodiapage.info

