គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

7:51 AM
គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​អំណាច​ជាង​ ៣០​ឆ្នាំ ​ត្រូវ​បាន​គេ​ចាត់​ទុក​ ឬ​ចាត់ទុក​ខ្លួន​ឯង​​ថា​ ជា​គណបក្ស​ចំណាស់​ជាង​គេ​មួយ​ដែល​មាន​បទពិសោធន៍​រឹងមាំ​ក្នុង​ការដឹកនាំ​ប្រទេស។​​ គណបក្ស​នេះ​មាន​បណ្តាញ​បក្ស​ក៏ដូចជា​បណ្តាញ​ផ្នែក​រដ្ឋបាល​តាំង​ពី​ថ្នាក់លើ​​រ​ហូត​ដល់​​ថ្នាក់​​ក្រោម។​ បណ្តាញ​រឹងមាំ ​ថវិកា​សម្បូរបែប​ និង​អំណាច​ពេញ​ដៃ ​គឺជា​អំណោយ​ផល​​ដល់​ការ​យក​​ប្រៀប​ទៅ​លើ​គូប្រជែង។​ ប៉ុន្តែ​ អ្វី​ដែល​គណបក្ស​​នេះ​​គិត​មិ​ន​​ដល់​ឬ​ក៏​មើល​ស្រាល​នោះ​គឺ​​ការអភិវឌ្ឍ​ផ្នែក​គំនិត​របស់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ឲ្យ​​ប្រព័ន្ធដឹកនាំ​​របស់​ខ្លួ​ន​​លែង​​សូវ​​មាន​​ប្រសិទ្ធភាព។​
ទោះបីជា​​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នៅ​មិនទាន់​​ចេញ​ក៏ដោយ​ ក៏ប៉ុន្តែ​ គេ​ពិត​ជា​អាច​​និយាយ​បាន​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្រុត​ចុះ​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​សម្រាប់​ការ​បោះឆ្នោត​លើក​នេះ។ ​ពី​គណបក្ស​មួយ​ដែល​ធ្លាប់តែ​មាន​អំនួត​ថា​ខ្លាំង​«គ្មាន​គូប្រៀប»​ ប៉ុន្តែ​ គណបក្ស​​​​ប្រជាជន​កម្ពុជា​​បាន​ស្គាល់​ស្ថានភាព​ផ្លាស់ប្តូរ​មួយ​ដែល​គណបក្ស​នេះ​មិន​បាន​រង់​ចាំ​ពោល​គឺ​ ការបោះឆ្នោត​កាលពី​ថ្ងៃ​ ២៨​ កក្កដា​ កន្លង​ទៅ​ ជា​សញ្ញា​អាសន្ន​យ៉ាង​ពិត​ប្រាកដ​​សម្រាប់​​គណបក្ស​ប្រជាជន​កម្ពុជា។​
មាន​ហេតុ​ផល​ច្រើន​ណាស់​ដែល​គេ​អាច​លើក​មក​ពន្យល់​ពី​ការស្រុត​ចុះ​ប្រជាប្រិយភាព​របស់​​គណបក្ស​កាន់អំណាច​មួយ​នេះ​ ហើយ​បញ្ហា​ទាំង​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​គ្រប់​គ្នា។ ​ប៉ុន្តែ​ ចំណុច​​សំខាន់​មួយ​ដែល​គួរ​តែ​ពិចារណា​នៅ​ពេល​នេះ​គឺ​ ការអភិវឌ្ឍ​ផ្នែក​គំនិត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​តាមរយៈ​ប្រព័ន្ធ​ព័ត៌មាន​សម័យ​ទំនើប​ក្នុង​បរិបទ​នៃ​ការរីក​លូតលាស់​ខាង​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា។ ​ការវិវឌ្ឍ​ដ៏​ស្ងាត់ស្ងៀម​នេះ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធដឹកនាំ​របស់​គណបក្ស​​ប្រជាជន​​កម្ពុជា​អស់​ប្រសិទ្ធភាព​បន្តិច​ម្តងៗ​ប្រៀប​បាន​ទៅ​នឹង​មេរោគ​ដែល​ចូល​ទៅ​​បំផ្លាញ​ប្រព័ន្ធការពារ​​រាងកាយ​របស់​មនុស្ស​ឲ្យ​ចុះ​ខ្សោយ​ដោយ​មិនដឹង​ខ្លួន​យ៉ាង​ដូច្នោះ​ដែរ។​
គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​គណបក្ស​ដ៏​ចំណាស់​មួយ​ គឺ​ចំណាស់​​ទាំង​​អាយុ​​កាល​បក្ស​ ទាំង​អ្នកដឹកនាំ​ និង​ទាំង​របៀប​ដឹកនាំ។ ​ជាទូទៅ ​គណបក្ស​នេះ​ប្រើ​របៀប​​គ្រប់​គ្រង​មនុស្ស​តាម​បែប​ចាស់​ដែល​អាច​និយា​យ​ថា​«ហួសសម័យ» ​ក៏​ថា​បាន​ ពោលគឺ​ជា​ ការ​គ្រប់គ្រង​ដោយ​ប្រើ​ឥទ្ធិពល​ និង​​មនោគមន៍​វិជ្ជា។ ​ការដឹកនាំ​បែប​នេះ ​មាន​ប្រសិទ្ធភាព​ តែ​ក្នុង​កាលៈទេសៈ​មួយ​តែ​ប៉ុណ្ណោះ។
ប៉ុន្តែ ​រយៈពេល​ចុងក្រោយ​នេះ​ពោល​គឺ​ បន្ទាប់​ពី​២០​ឆ្នាំ​នៃ​នយោបាយ​​ប្រជាធិបតេយ្យ​​សេរី​ ពហុបក្ស​ សកម្មភាព​របស់​បក្ស​នយោបាយ​ និង​សង្គមស៊ី​វិល​ បាន​ជ្រៀត​ចូល​ជា​បណ្តើរៗ​​ដល់​​ស្រទាប់​មហាជន​ ជាពិសេស​តាម​រយៈ​​ប្រព័ន្ធបច្ចេកវិជ្ជា​ទំនើប​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ។​ ចុង​ក្រោយ​នេះ​ ការរីក​ដុះដាលនៃ​បណ្តាញ​​សង្គម​បាន​ចូល​រួម​ចំណែក​យ៉ាង​សំខាន់​មួយ​ទៀត​​ទៅ​​ក្នុង​ស្រទាប់​មហាជន​ជាពិសេស​គឺ​ស្រទាប់​យុវវ័យ។​
ទាំង​នេះ​គឺ​ជា​កាតាលីក​ដែល​ជំរុញ​ឲ្យ​មាន​​ការវិវឌ្ឍ​​ផ្នែក​ស្មារតី​គួរ​ឲ្យ​កត់សម្គាល់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​។ ​ពួកគេ​ទទួល​​បាន​ព័ត៌មាន​​កាន់តែ​ច្រើន​ និង​ហ៊ាន​សម្រេចិត្ត​ដោយ​ខ្លួន​ឯង​ច្រើន​ជាង​មុន​ ទោះជា​ដោយ​​ចំហ​ក្តី​ ឬ​ដោយ​​សម្ងាត់​ក្តី។ ​អ្វី​ដែល​គេ​បាន​ឃើញ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​​ឆ្នោត​​កាលពី​ពេល​ថ្មីៗ​​កន្លង​​​ទៅ​​នេះ​ និង​លទ្ធផល​បោះឆ្នោត​ពេល​នេះ​គឺ​ជា​ភស្តុតាង​ជាក់ស្តែង។​
ពិតណាស់​ថា​ មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មែន​មើល​មិន​ឃើញ​បញ្ហា​នេះ​ទេ​ ប៉ុន្តែ​ ភាព​អសកម្ម​ និង​ហួស​សម័យ​កើត​ឡើង​ជាពិសេស​នៅ​ថ្នាក់​មូលដ្ឋាន។​ អាជ្ញាធរ​គ្រប់​​លំដាប់​​ថ្នាក់​ដែល​មាន​ទម្លាប់​ដឹកនាំ​បែប​ចាស់​គំរឹល​​បាន​បង្កភាព​អសកម្ម​ជាច្រើន​ទៅលើ​​ប្រជាពលរដ្ឋ​​របស់​ខ្លួន។ ​ការបណ្តែត​បណ្ដោយ ​ឬ​ក៏​មិន​អាច​គ្រប់គ្រង​បាន​ពីសំណាក់​ថ្នាក់​លើ ​ជា​ឱកាស​​​ដែល​ធ្វើ​ឲ្យ​កំហុស​ឆ្គង​របស់​មន្ត្រី​អាជ្ញាធរ​កាន់តែ​កើត​មាន​ច្រើន​ឡើង​ជា​លំដាប់។

ដូច្នេះ​ នៅ​ពេល​ដែល​ប្រជាជន​ទទួល​បាន​ការអភិវឌ្ឍ​ផ្នែក​ស្មារតី​កាន់​តែច្រើន ​ពួកគេ​​ក៏ផ្តើម​​បញ្ចេញ​ប្រតិកម្ម​តប​វិញ​ តាមរយៈ​ការ​ប្រើសិទ្ធិ​នានា​ ជាពិសេស​គឺ​សិទ្ធិ​បោះឆ្នោត​តែម្តង។​ សិទ្ធិ​​ទាំង​នោះ​ហើយ​ដែល​ធ្វើ​ឲ្យ​ការដឹកនាំ​ដោយ​ប្រើ​​ឥទ្ធិពល​និង​មនោគមន៍​វិជ្ជា​លែង​សូវ​មាន​​ប្រសិទ្ធភាព។​ នេះ​ជា​ចំណុច​ឫស​គល់​សំខាន់​មួយ​​ក្នុង​ចំណោម​បញ្ហា​ជាច្រើន​ទៀត​ដែល​ធ្វើ​ឲ្យ​​គណបក្ស​កាន់​អំណាច​ចុះខ្សោយ​ប្រជាប្រិយភាព។​
សម្រាប់​ក្រសែ​ភ្នែក​ក្រុម​អ្នកវិភាគ​ អំណឹះ​តទៅ ​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការ​​កែទម្រង់​ដ៏​​ស៊ី​ជម្រៅ​​មួយ​​​ជា​ចាំបាច់​​ ទាំង​គោលនយោបាយ​ ទាំង​ធនធាន​មនុស្ស ​និង​ទាំង​​ទស្សនៈវិជ្ជា​​ក្នុង​​ការ​ដឹកនាំ។​ កំណែ​ទម្រង់​នោះ​មាន​ន័យ​ជា​ការ​បញ្ចូល​ឈាម​ថ្មី​ដើម្បី​​ឲ្យ​​គណបក្ស​នេះ​ប្រែ​​រូបភាព​​ទៅ​ជា​គណបក្ស​ដែល​មានថាមពល​រស់​រវើក​ និង​​ទាន់​​សម័យ​​សម​ស្រប​តាម​​ការវិវឌ្ឍ​ខាង​គំនិត​របស់​ប្រជាពលរដ្ឋ​ដោយ​មិន​ភ្លេច​ក្រឡេក​មើល​បរិបទ​អន្តរជាតិ។​
សូម​កុំភ្លេច​ថា​ ក្នុង​សង្គម​ប្រជាធិបតេយ្យ ​និង​សម័យ​សកល​ភាវូបនីយកម្ម ​គេមិន​អាច​​គ្រប់​គ្រង​​គំនិត​គិតគូរ​របស់​មនុស្ស​ទៅ​តាម​ការចង់បាន​របស់​អ្នកដឹកនាំ​បាន​ទេ ​ផ្ទុយទៅវិញ អ្នកដឹកនាំ​​ ត្រូវ​​ព្យាយាម​​តម្រូវ​​ចិត្ត​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត។​ នេះគឺ​ជា​ចរន្ត​សត្យានុម័ត​ដែល​​អ្នក​នយោបាយ​​​​មិ​នអាច​​​ដើរ​បញ្ច្រាស​បាន​ឡើយ៕
ប្រភពពី វិទ្យុបារាំង


Read more: http://www.cambodiapage.info/wp/?p=10133#ixzz2bU3A8wNG

0 comments:

Post a Comment