ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការងារបច្ចេកទេសមួយដើម្បីវាយតម្លៃពីវិសាលភាពនៃការព្រួយបារម្ភទៅលើសុខភាព បន្ទាប់ពីម្សៅទឹកដោះគោកូនក្មេងត្រូវគេរកឃើញថាមានជាតិពុល។
លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង សុខាភិបាលបានប្រាប់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «រហូតមកដល់ពេលនេះខ្ញុំមិនបានទទួលព័ត៌មានណាមួយឬលទ្ធផលបានពីក្រុមនេះនៅក្នុងកិច្ចប្រជុំរបស់ពួកគេទេ។ ពេលនេះយើងមិនបានចេញការប្រកាសជាសាធារណៈនោះទេ»។ លោកលើកឡើងថា លោកនឹងរង់ចាំមើលពីលទ្ធផលបានពីក្រុមការងារនេះ។
លោកស្រី សុខ សោភ័ណ ស្ត្រីមេផ្ទះមានកូនពីរនាក់នៅសង្កាត់ ព្រែកប្រា ខណ្ឌ មានជ័យ រាជធានីភ្នំពេញបាននិយាយថា អ្នកស្រីបានឮដំណឹងនេះពីប្តីអ្នកស្រីកាលពីព្រឹក ម្សិលមិញ។ អ្នកស្រីបានទិញទឹកដោះគោ ឌុយមិច ប្រហែល ៦ កំប៉ុងឲ្យកូនប្រុសរបស់អ្នកស្រីជារៀងរាល់ខែ។ អ្នកស្រីបានបន្តថា៖ «ខ្ញុំនឹងឈប់ប្រើវាហើយដោយសារតែខ្ញុំគិតអំពីសុខភាពរបស់កូនប្រុសខ្ញុំ»។
លោក គង់ បូ នាយកគ្រប់គ្រងស្តីទីប្រចាំប្រទេសនៅក្រុមហ៊ុន Danone Dumex Cambodia បាននិយាយថា៖ «ពេលនេះយើងបានបន្តការដាក់បណ្ដាញទូរស័ព្ទរបស់យើងចាប់ពី ៥ ទៅដល់ ១៥ ខ្សែនៅថ្ងៃនេះហើយយើងបានដាក់ ២៤ ម៉ោង ក្នុងរយៈពេល ៧ ថ្ងៃ»។ លោកបន្តថា បុគ្គលិករបស់លោកកំពុងធ្វើការយ៉ាងសកម្មក្នុងការស្វែងរកដល់ទីកន្លែងដើម្បីប្រមូលត្រឡប់នូវផលិតផលពីបណ្ដាក្រុមហ៊ុនលក់រាយ។
ផលិតផលម្សៅទឹកដោះគោកូនក្មេងដែលមានក្នុងបញ្ជីត្រូវប្រមូលមកវិញនោះរួមមាន Dumex Dupro GreenDumex Dupro Gold និង Dumex Dulac Gold។
ផលិតផល ឌុយមិច ក្រៅពីនេះមិនមានផលប៉ះពាល់ទេ។
តាម AFP ក្រុមហ៊ុន Abbott Industries ជាក្រុមហ៊ុនឱសថរបស់អាមេរិក ដែលជាអ្នកផលិតម្សៅទឹកដោះគោ Similac Gain ក៏ប្រមូលម្សៅទឹកដោះគោផលិតនៅចិនមកវិញដែរ។ ម្សៅទឹកដោះគោ Abbott មិនប្រើប្រាស់គ្រឿងផ្សំទឹកដោះគោថ្លាទេ ប៉ុន្តែវាត្រូវបានផលិតក្នុងរោងចក្ររបស់ Fonterra ហើយការចាត់វិធានការនេះគ្រាន់តែបង្ការជាមុនប៉ុណ្ណោះ។
អតិថិជន ទាំងនោះអាចទូរស័ព្ទមកកាន់លេខ ០១២ ២៣៣ ២៨៣ ដែលបានបង្កើតឡើងក្នុងការឆ្លើយតបនឹងការសាកសួរផ្សេងៗការចង់ដឹងថាតើពួកគេអាចប្រគល់ទឹកដោះគោដែលបានទិញមកវិញឬទេ។
បច្ចុប្បន្ន ម្សៅទឹកដោះគោ ឌុយមិច ដែលយកគ្រឿងផ្សំទឹកដោះគោថ្លា ពីក្រុមហ៊ុន Fonterra ជាក្រុមហ៊ុនផលិតទឹកដោះគោធំជាងគេរបស់ប្រទេស នូវែលសេឡង់ ត្រូវបានគេរកឃើញថា មាន បាក់តេរី ហើយត្រូវបានហាមឃាត់នៅប្រទេស ចិន រុស្ស៊ី និង វៀតណាម។
ក្រុមហ៊ុនចែកចាយផលិតផលម្សៅទឹកដោះគោនៅកម្ពុជា ដែលទទួលគ្រឿងផ្សំពីក្រុមហ៊ុន Fonterra កំពុងប្រមូលម្សៅទឹកដោះគោយកមកវិញរាប់ពាន់កំប៉ុងដែលជាវិធានការប្រុងប្រយ័ត្នជាមុន។
យោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺ អាមេរិក ក្រុមហ៊ុនទឹកដោះគោ Fonterra បានប្រកាសកាលពីថ្ងៃសៅរ៍ថា ទឹកដោះគោថ្លាមានសារជាតិប្រូតេអ៊ីន ដែលបានលក់ឲ្យក្រុមហ៊ុនផលិតម្សៅទឹកដោះគោកូនក្មេង និងភេសជ្ជៈផ្សេងទៀតអាចមានផ្ទុកមេរោគដែលអាចបណ្ដាលឲ្យពុលនិងបង្កឲ្យកើតជាជំងឺធ្វើឲ្យខ្វិនធ្ងន់ធ្ងរ អាចបណ្ដាលឲ្យស្លាប់បាន។
មជ្ឈមណ្ឌលដែលមានមូលដ្ឋាននៅទីក្រុង អាត្លង់តា រដ្ឋ Georgia សហរដ្ឋ អាមរិក និយាយថា រោគសញ្ញាសម្រាប់កូនក្មេងរួមមានអាការល្ហិតល្ហៃ កង្វះការឃ្លានអាហារ និងយំខ្សាវៗ។
ក្រុមហ៊ុន Fonterra បានទាក់ទងជាមួយក្រុមហ៊ុនចំនួន ៨ ដែលខ្លួនបានលក់គ្រឿងផ្សំ ម្សៅទឹកដោះគោនេះឲ្យ រួមមានក្រុមហ៊ុនផលិតម្សៅទឹកដោះគោកូនក្មេង Danone Dumex ដែលជាសាខាចែកចាយនៅកម្ពុជានាំចូលមកពីប្រទេស ម៉ាឡេស៊ី។
លោក គង់ បូ បានអះអាងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនប្រមូលម្សៅទឹកដោះគោបានចំនួនប្រហែលពី ៧ ០០០ ទៅដល់ ៨ ០០០ ប្រអប់ (មួយ ប្រអប់ៗមាន ១២ កំប៉ុង) ដែលត្រូវបានកំណត់ថាមានជាតិពុល។ លោកថ្លែងថា៖ «រហូតមកដល់ពេលនេះយើងមិនមានគ្រោះអ្វីកើតឡើងនោះទេ»។ ប៉ុន្តែលោកបញ្ជាក់ថា មិនមែនម្សៅទឹកដោះគោទាំងអស់សុទ្ធតែនៅក្នុងដៃអតិថិជននោះទេ។
គិតត្រឹមថ្ងៃចន្ទ ម្សៅទឹកដោះគោមួយចំនួននៅក្នុងឃ្លាំងហើយប្រមាណពី ៧០០ ដល់ ១ ០០០ ប្រអប់នៅតាមហាងលក់រាយស្ថិតក្នុងការប្រមូលមកវិញ ហើយផ្សេងទៀតត្រូវបានលក់បន្តឲ្យអតិថិជន។ លោកបន្ថែមថា៖ «យើងនឹងធ្វើការប្រមូលយកមកវិញដើម្បីចៀសវាងមានបញ្ហាណាមួយកើតឡើង»។
បុគ្គលិកនៅក្រុមហ៊ុន Dumex ចាប់ផ្ដើមដើរពិនិត្យក្រុមហ៊ុនលក់រាយកាលពីម្សិលមិញដើម្បីប្រមូលយកផលិតផលសង្ស័យមកវិញ។
លោក គង់ បូ បានលើកឡើងថា៖ «យើងនឹងសងប្រាក់លើតម្លៃទឹកគោទាំងអស់នេះ»។ លោកបានបន្តថា អតិថិជនអាចប្រគល់ផលិតផលរបស់ពួកគេឲ្យទៅក្រុមហ៊ុនលក់រាយដើម្បីយកប្រាក់វិញ។
លោក បូ និយាយថា ទាំងអតិថិជន និងក្រុមហ៊ុនលក់រាយនឹងអាចបញ្ជាក់ពីការពិនិត្យលេខកូដស្ដុក ទាក់ទងនឹងម្សៅទឹកដោះគោដែលមានជាតិពុលដោយចេញផ្សាយនៅក្នុង សារព័ត៌មានក្នុងស្រុក។
ចិន ជាប្រទេសមាន សេដ្ឋកិច្ចឈានមុខគេទី២របស់ពិភពលោក បានហាមឃាត់ការនាំចូលទាំងអស់របស់ម្សៅទឹកដោះគោមកពី នូវែលសេឡង់។
ក្រុមហ៊ុន Fonterra បានឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានមកកាន់ភ្នំពេញ ប៉ុស្ដិ៍ ថា៖ «យើងកំពុងសហការយ៉ាងជិតសិ្នទ្ធជាមួយក្រសួង ឧស្សាហកម្ម ទឹកដោះគោចិន MPI និយតករជុំវិញពិភពលោក និងអតិថិជនរបស់យើងក្នុងការធ្វើឲ្យពួកគេយល់ដឹងពីបញ្ហានេះ ហើយធានាថា ផលិតផលដែលមានផលប៉ះពាល់ធ្ងន់ធ្ងរទាំងអស់ត្រូវប្រមូលមកវិញ។ ការផ្ដោតជាសំខាន់របស់ Fonterra គឺសុខភាពនិងសុវត្ថិភាពរបស់អតិថិជន»។
កាលពីឆ្នាំ ២០០៨ រដ្ឋាភិបាលចិនបានចេញបញ្ជាឲ្យប្រមូលម្សៅទឹកដោះគោយីហោ Sanlu បន្ទាប់ពីម្សៅទឹកដោះគោនេះត្រូវបានគេរកឃើញថាមានសារជាតិ melamine ជាជាតិគីមីឧស្សាហកម្ម ដែលបណ្ដាលឲ្យកូនក្មេងស្លាប់ ៤ នាក់ និងពុលចំនួន ៥២ ៨៥៧ ករណី។ កម្ពុជានៅគ្រានោះបានរារាំងការនាំចូលផលិតផលទឹកដោះគោចិនដែរ។
អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុនលក់រាយម្សៅទឹកដោះគោកូនក្មេង ឌុយមិច នៅទីក្រុង ភ្នំពេញ សុំមិនបញ្ចេញឈ្មោះនិយាយថា ម្ចាស់ហាងបានដឹងពីផលិតផលដែលបានចុះក្នុងបញ្ជីខ្មៅតាមរយៈ អ៊ីមែលមកពីក្រុមហ៊ុន Dumex កម្ពុជា។
កាលពីថ្ងៃចន្ទក្រុមហ៊ុន Fonterra បានសុំអភ័យទោសពីការពុលដ៏គួរឲ្យភ័យខ្លាចនេះប៉ុន្តែបានបដិសេធការចោទប្រកាន់ថា ខ្លួនបានពន្យារពេលក្នុងការចេញផ្សាយព័ត៌មាន។
លោក Theo Spierings អគ្គនាយកបានប្រាប់សន្និសីទកាសែតនៅទីក្រុង ប៉េកាំងដែលជាទីផ្សារធំបំផុតរបស់ពិភពលោកសម្រាប់ទឹកដោះគោកូនក្មេងថា៖ «យើងសូមអភ័យទោសដល់ប្រជាជនដែលត្រូវបានទទួលផលប៉ះពាល់»។
លោក John Key នាយករដ្ឋមន្ដ្រីប្រទេស នូវែលសេឡង់ បានរិះគន់ក្រុមហ៊ុននេះតាមវិទ្យុនៅក្នុងប្រទេសដោយសារការចោទប្រកាន់ពីការពន្យារពេលនៅក្នុងការចេញផ្សាយរបស់ Fonterra អំពីការពុលលើកមុននៅពេលធ្វើតេស្ដបានរកឃើញបញ្ហានៅក្នុង ក្រុមហ៊ុននេះកាលពីខែឧសភា ឆ្នាំ ២០១២៕ PB
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment