បន្ទាប់ពីជំនន់ទឹកភ្លៀង អាជ្ញាធរបានសម្តែងនូវការព្រួយបារម្មពីការខ្វះខាតទឹកសម្រាប់ធ្វើស្រែ ដោយសារតែ ចាប់ពីពាក់កណ្តាល ខែសីហានេះ រហូតដល់ចុងខែ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់តិចតួច។ ឥទ្ធិពលព្យុះ និងប្រព័ន្ធសម្ពាធទាបនឹងបន្តកើតមានក៏ប៉ុន្តែ មិនមានភ្លៀងធ្លាក់ច្រើនដូចកាលពីដើមខែសីហាកន្លងទៅឡើយ។ ជាមួយគ្នានេះ អង្គការការីតាសកម្ពុជាក៏បានត្រៀមថវិការរបស់ខ្លួនប្រមាណ ៥០ម៉ឺនដុល្លារសម្រាប់គម្រោងជំនួយលើគ្រោះទឹកជំនន់និងភាពរាំងស្ងួតផងដែរ។
មន្ត្រីនានាដែលធ្វើការងារទាក់ទងទៅហ្នឹងទឹកជំនន់បានថ្លែងឲ្យដឹងថា មកទល់ពេលនេះជំនន់ទឹកភ្លៀងក៏ដូចជាជំនន់ទន្លេមេគង្គ មិនមានអ្វីជាការព្រួយបារម្មណ៍ថានឹងមានការគំរាមកំហែងទៀតទេ ដោយសារទឹកបានស្រកទៅវិញអស់ហើយ។
នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក លោក ចាន់ យុត្ថា, បានប្រាប់វិទ្យុបារាំង RFI ថាកម្ពុជាជាមានតែការព្រួយបារម្មណ៍ពីការខ្វះខាតទឹកសម្រាប់ធ្វើស្រែទៅវិញនោះទេ។ លោក ចាន់ យុត្ថា ពន្យល់ថាតាមការព្យាករណ៍ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២៣ ខែ សីហានេះ ប្រទេសកម្ពុជាមានភ្លៀងធ្លាក់តិចតួចបំផុត ហេតុដូច្នេះ ខេត្តមួយចំនួនអាចប្រឈមនឹងកង្វះខាតទឹកសម្រាប់ធ្វើស្រែ ដូចជាខេត្ត កំពង់ធំ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាបជាដើម ដោយខេត្តទាំងនេះមានផ្ទៃដីស្រែធំៗ ហើយកាលពីសំបូរទឹកប៉ុន្មានថ្ងៃកន្លងទៅនេះដោយជំនន់ទឹកភ្លៀង, ទឹកមួយភាគធំត្រូវបានកាយប្រឡាយបង្ហូរទៅអស់។ ដោយឡែកចំពោះជំនន់ទឹកទន្លេវិញ មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹកបន្ថែមថា ទឹកទន្លេក៏មិនបង្កឲ្យមានការព្រួយបារម្មណ៍អ្វីដែរ ដោយកម្ពស់ទឹកគ្រប់ស្ថានីយ៍ជលសាស្ត្រទាំងអស់ បានស្រកទៅវិញជាបណ្តើរៗហើយ។
ទោះជាយ៉ាងនេះក្តី កំពស់ទឹកទន្លេអតិប្បរមាលើកទី២នឹងកើតមានម្តងទៀត នៅចុងខែ កញ្ញា និងដើមខែតុលាខាងមុខ។ ដោយគិតមកទល់ពេលនេះ កូនព្យុះទី ១២និងទី ១៣បាននិងកំពុងកើតឡើង តែមិនមានឥទ្ធិពលមកលើប្រទេសកម្ពុជានោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ អង្គការការីតាសកម្ពុជា ដែលជាអង្គការគ្រឹះសាសនា ធ្វើសកម្មភាពជួយដល់វិស័យគ្រោះមហន្តរាយនៅក្នុងប្រទេសកម្ពុជា បានចាប់ផ្តើមផ្តល់ជំនួយជាបន្តបន្ទាប់ ដល់អាជ្ញាធរមូលដ្ឋាននិងគ្រួសាររងគ្រោះដោយទឹកជំនន់ ខណៈដែលជំនន់ទឹកភ្លៀងបានបន្តលិចលង់ខេត្តមួយចំនួន។
ដោយផ្តើមចេញពីខេត្តបន្ទាយមានជ័យ អង្គការការីតាសកម្ពុជាបានចាប់អារម្មណ៍និងផ្តល់ជា ជំនួយសម្ភារៈសង្គ្រោះបន្ទាន់កាលពីពេលថ្មីៗនេះ ដល់សេវាកម្មគ្រោះមហន្តរាយខេត្ត រួមមាន ទូកម៉ាស៊ីន កៅស៊ូតង់ ស៊ីទែនទឹកធំ និងមុងភួយ សម្រាប់ប្រើប្រាស់ត្រៀមឆ្លើយតបនឹង
ទឹកជំនន់។ លោក គីម រតនា ប្រធានអង្គការការីតាសកម្ពុជា បានប្រាប់ឲ្យដឹងថា នៅក្នុងការងារត្រៀមបង្ការ ឆ្លើយតបគ្រោះមហន្តរាយ និងស្តារឡើងវិញ អង្គការគ្រឹះសាសនាមួយនេះបានគ្រោងថវិការប្រមាណជា កន្លះលានដុល្លារ ហើយផ្តោតទៅលើខេត្តចំនួន ៩ ក្នុងនោះខេត្ត ៥ ជាខេត្តដែលងាយរងគ្រោះដោយទឹកជំនន់ និងខេត្ត៤ ទៀតជាខេត្តងាយរងគ្រោះដោយគ្រោះរាំងស្ងួត។ លោក គីម រតនា ក៏បានឲ្យដឹងផងដែរថា ក្នុងមួយឆ្នាំអង្គការរបស់លោក មានគម្រោងផ្តល់ទូកម៉ាស៊ីនចំនួន ២០គ្រឿងដល់តំបន់ដែលរងគ្រោះ សម្រាប់ជាមធ្យោបាយសង្គ្រោះប្រជាពលរដ្ឋដោយទឹកជំនន់ និងការងារអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដទៃទៀត។

ប្រភពពី RFI
Read more: http://www.cambodiapage.info/?p=10986#ixzz2cN3fZ7o7

0 comments:
Post a Comment