មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងតំណាងអង្គការសហប្រជាជាតិ បានធ្វើដំណើររួមគ្នា កាលពីថ្ងៃអាទិត្យ ទី១៨សីហាម្សិលមិញ ទៅរ៉ៃអង្គាសថវិកា នៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន សម្រាប់ជួយដល់ដំណើរការកាត់ទោសអតីតមេខ្មែរក្រហម។ សាលាក្តីចម្រុះ ពេលនេះ កំពុងជួបវិបត្តិថវិកា។
ការសម្រេចរ៉ៃអង្គាសថវិកា ដើម្បីជួយដល់ដំណើរការកាត់ទោសអតីតមេខ្មែរក្រហម ត្រូវបានធ្វើឡើង ក្នុងកិច្ចប្រជុំរវាងលោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងរដ្ឋាភិបាលកម្ពុជា ជាមួយលោក ដេវីត ស្វិហ្វហ្វ័រ ( David Scheffer ) អ្នកជំនាញពិសេសរបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកការងារសាលាក្តីខ្មែរក្រហម កាលពីព្រឹកថ្ងៃទី១៦សីហា។
កាលពីថ្ងៃអាទិត្យ ទី១៨សីហា លោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងអង្គការសហប្រជាជាតិ លោក David Scheffer បានចេញដំណើរពីភ្នំពេញ ដើម្បីស្វែងរកថវិកាពីបណ្តាប្រទេសសមាជិកអាស៊ាន ដែលកម្ពុជា ជាសមាជិកមួយដែរ។ មន្ត្រីជាន់ខ្ពស់កម្ពុជា និងអង្គការសហប្រជាជាតិ ត្រូវឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ប្រទេសសឹង្ហបូរី ប្រុយណេ ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ នេះបើតាមលោក ឯក ថា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ការបង្វែទិសដៅស្វែងរកថវិកាពីដៃគូប្រទេស ក្នុងប្លុកអាស៊ានទាំង១០ ត្រូវបានលោក ឯកថា បញ្ជាក់ថា បណ្តាប្រទេសសមាជិកអាស៊ាន មានសារៈសំខាន់ក្នុងការរួមចំណែកជួយដល់ការកាត់ទោសអតីតមេខ្មែរក្រហម ដែលទាក់ទងនឹងការការពារសិទ្ធិមនុស្ស និងទប់ស្កាត់អំពើប្រល័យពូជសាសន៍ក្នុងតំបន់អាស៊ាន។
សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើងរួមគ្នា ដោយអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា កាលពីឆ្នាំ២០០។ គិតមកដល់ឆ្នាំ២០១២ សាលាក្តីចម្រុះ បានចំណាយថវិកាសរុប ១៧៣,៣ លានដុល្លារ។ ក្នុងនោះ ភាគីជាតិ ចំណាយ ៤២,១ លានដុល្លារ និងអន្តរជាតិចំណាយអស់ ១៣១,២ លានដុល្លារ។
សម្រាប់ឆ្នាំ២០១៣ សាលាក្តី ត្រូវការថវិកាសរុបចំនួន ៣៥,៤ លានដុល្លារ ដែលភាគីជាតិ ត្រូវការ ៩,៤ លានដុល្លារ និងអន្តរជាតិ ត្រូវការ ២៦ លានដុល្លារ។
យ៉ាងណាក៏ដោយ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៣នេះ ភាគីកម្ពុជា ជួបនឹងវិបត្តិថវិកា ចាប់តាំងពីខែមិថុនា ដោយបុគ្គលិកជាតិប្រមាណ ២៥០ រូប មិនបានទទួលប្រាក់ខែឡើយ។
តាមអ្នកនាំពាក្យ ភាគីកម្ពុជា នៅខ្វះថវិកាប្រមាណ ៣ លានដុល្លារ។ រីឯភាគីអន្តរជាតិ មានថវិកាដំណើរការរហូតដល់ខែតុលា។
សាលាក្តីខ្មែរក្រហម សព្វថ្ងៃ កំពុងដំណើរការកាត់ទោសអតីតមេខ្មែរក្រហម ក្នុងសំណុំរឿង០០២ ដំណាក់កាលទី១ ដែលមានលោក នួនជា និងលោក ខៀវសំផន។ សំណុំរឿក្តីនោះ គ្រោងនឹងបិទបើកសវនាការ ដោយការសន្និដ្ឋានចុងក្រោយ ចាប់ពីថ្ងៃទី៩តុលា។ រីឯសាលក្រម អាចនឹងប្រកាសនៅដើមឆ្នាំ២០១៤៕
ប្រភពពី RFI
Read more: http://www.cambodiapage.info/?p=11183#ixzz2cUsCk3yx


0 comments:
Post a Comment