លោក គៀត ច័ន្ទថារិទ្ធិ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គស្នងការនគរបាលជាតិអះអាងថា ការចាប់ខ្លួនយុវជន៤នាក់ នៅសប្តាហ៍នេះ ដោយសារពួកគេជាប់ពាក់ព័ន្ធនិងប្រធានចលនាអំណាចប្រជាពលរដ្ឋ លោក សួន សេរីរដ្ឋា ដែលធ្លាប់ព្យាយាមផ្តួលរំលំ រាជរដ្ឋាភិបាល ដោយកម្លាំងប្រដាប់អាវុធ នាពេលកន្លងមក។
លោក សួន សេរីរដ្ឋា ត្រូវបានតុលាការកម្ពុជាចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ ដោយសារកសាងកម្លាំងប្រដាប់អាវុធខុសច្បាប់ ដែលកំពុងភៀសខ្លួននៅក្រៅប្រទេស។
សេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ ចេញផ្សាយនាថ្ងៃសៅរ៍ ទី១៧ ខែសីហា ម្សិលមិញឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យ៤នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានការអនុញ្ញាតពីតំណាងអយ្យការស្របតាមនីតិវិធីច្បាប់ ខណៈជនសង្ស័យទាំងនេះ កំពុងធ្វើសកម្មភាពផលិត និងចែកចាយខិតប័ណ្ណញុះញង់ឲ្យកងកម្លាំង ផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
សេចក្តីប្រកាសដដែលបន្ថែមថា ពួកគេទាំងនោះធ្វើសកម្មភាពតាមការបញ្ជាររបស់ លោក សួន សេរីរដ្ឋា។ VOD មិនអាចទាក់ទង លោក សួន សេរីរដ្ឋា ដើម្បីបំភ្លឺជុំវិញបទចោទនេះបាននៅឡើយទេ នៅថ្ងៃអាទិត្យនេះ។
មន្ត្រីស៊ើបអង្កេត សមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តាមការអង្គេតរបស់លោករកឃើញថា យុវជនទាំងគ្រាប់ចង់បន្ទន់ចិត្តកម្លាំង ដែលត្រូវបានដាក់ពង្រាយនោះ ឲ្យចេះស្រលាញ់ពលរដ្ឋ ដោយជូនបាច់ផ្កាដល់ពួកគេប៉ុណ្ណោះ។ លោកថា ចំណាត់ការនេះ ទំនងជាមិនធ្វើឲ្យកម្លៅនយោបាយក្រោយការបោះឆ្នោតចុះនោះទេ។
ទោះជាយ៉ាងណា សមត្ថកិច្ចចាត់ទុកថា សកម្មភាពរបស់យុវជនដែលបានចាប់ខ្លួននោះ ថា ជាបទល្មើសព្រហ្មទណ្ឌ ហើយពុំមែនជាសិទ្ធិសេរីភាព តាមផ្លូវច្បាប់ ឬសកម្មភាពនយោបាយឡើយ ហើយបានចាត់ទុកថា ការផលិត ចែកចាយខិតប័ណ្ណ ជាសកម្មភាពចេតនាបង្កើតឲ្យមានអំពើហិង្សាប្រដាប់អាវុធបង្កអស្ថិរភាពធ្ងន់ធ្ងរដល់សង្គមជាតិ និងត្រូវផ្តន្ទាទោស៕
សូមសរសេរមកកាន់ អ្នកនាង ថុល ស្រីលក្ខណ៍ តាមរយៈ sreyleak@vodhotnews.com
Read more: http://www.cambodiapage.info/


0 comments:
Post a Comment