ខេត្តព្រះវិហារ ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ស្ថិតក្នុងភូមិជាំស្រែ ឃុំយាង ស្រុកជាំក្សាន្ត ដោយសារតែមានប្រជាពលរដ្ឋមួយក្រុមបានជិះគោយន្តកន្ត្រៃ ត្រទ្បប់មកពីធ្វើស្រែ បានកិនចំមីនតោនដែលបន្សល់ទុកតាំងពីសម័យសង្គ្រាមផ្ទុះលាន់កក្រើកដី បណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
បើតាមប្រភពឲ្យដឹងពីលោក ដាំ យិន អធិការនគរបាលស្រុកជាំក្សាន្ដ បានឲ្យដឹងថា ជនរងគ្រោះទាំង៧នាក់ខាងលើនេះ គឺជាប្រជាពលរដ្ឋរស់នៅភូមិស្រែ ឃុំយាង ស្រុកជាំក្សាន្ត។ ប្រភពដដែលបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីកើតហេតុភ្លាមៗ សមត្ថកិច្ចក៏បានចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងបានធ្វើការសន្និដ្ឋានថា មីនដែលបានផ្ទុះនេះ គឺបានបន្សល់ទុកតាំងពីសម័យសង្គ្រាមមកម្ល៉េះ។
សាកសពជនរងគ្រោះទាំង៦នាក់នោះត្រូវក្រុមគ្រួសារធ្វើពិធីបូជានៅ កន្លែងកើតហេតុតែម្តង ដោយសារតែសាកសពទាំងអស់មានសភាពបែកខ្ទេចសាច់ពិបាកក្នុងការប្រមូល។ ចំណែកអ្នករបួសត្រូវបានគេបញ្ជូនទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត។
ប្រភពមួយចំនួនបានបង្ហើបឲ្យដឹងថា នេះមិនមែនជាលើកទី១ទេ ដែលមានប្រជាពលរដ្ឋរងគ្រោះដោយសារគ្រាប់មីន។ ដែលបញ្ហានេះត្រូវបានប្រជាពលរដ្ឋធ្វើការរិះគន់យ៉ាងចំ ទៅលើអាជ្ញាធរមូលដ្ឋានដែលមានការធ្វេសប្រហែស មិនបានយកចិត្តទុកដាក់ក្នុងការដោះគ្រាប់មីនឲ្យអស់ចេញពីផ្លូវដែលប្រជាពលរដ្ឋត្រូវធ្វើដំណើរឆ្លងកាត់៕
ប្រភពពី វត្តភ្នំ
Read more: http://www.cambodiapage.info/


0 comments:
Post a Comment