ភ្នំពេញៈ គម្រោងអភិវឌ្ឍន៍លំនៅឋានរបស់បុរី វិមាន ភ្នំពេញ ដែលមានទឹកប្រាក់អភិវឌ្ឍន៍ជាង ១១៤ លានដុល្លារស្ថិតនៅតាមបណ្តោយផ្លូវលោក ជា សុផារ៉ា នៅពេលនេះគេបានសង្កេតឃើញថា កំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័ស។
លោក អ៊ូច ពិសាល ប្រធានគម្រោងអភិវឌ្ឍន៍បុរី វិមាន ភ្នំពេញ បានប្រាប់ឲ្យដឹងថា បុរី វិមាន ភ្នំពេញបានចាប់ផ្តើមសាងសង់ដំបូងក្នុងខែ ឧសភា ឆ្នាំ ២០១១ លើគម្រោង ទី១របស់ខ្លួនដែលមានផ្ទះជាង ៦០០ ដោយការសាងសង់រហូតមកដល់ពេលនេះសម្រេចបានប្រមាណជាង ៧០ ភាគរយ ខណៈគម្រោង ទី២ ដែលមានផ្ទះជិត ៣០០ នោះសម្រេចការសាងសង់បានប្រហែល ៥០ ភាគរយផងដែរ។
លោកបានប្រាប់ទៀតថា ការលក់នៅក្នុងគម្រោងអភិវឌ្ឍន៍បុរី វិមាន ភ្នំពេញ ពេលនេះកំពុងមានដំណើរទៅមុខយ៉ាងល្អប្រសើរ។
លោក ពិសាល បានថ្លែងថា៖ «ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរឹងមាំ ស្របពេលចំនួនប្រជាជនមករស់នៅរាជធានី ភ្នំពេញកាន់តែច្រើន គឺជាកត្តាដែលជំរុញឲ្យក្រុមហ៊ុន លី ហួរ គ្រុប សម្រេចបោះទុនវិនិយោគលើគម្រោងសាងសង់ដែលមានប្រាក់ប្រហែល ១១៤ លានដុល្លារ ដើម្បីអភិវឌ្ឍបុរី វិមាន ភ្នំពេញ និងបុរី វិមាន ភ្នំពេញ ឌឹខមម័រសលហ្សូន»។
ប្រធានគម្រោងអភិវឌ្ឍន៍ខាងលើបានប្រាប់ទៀតថា ការគូរប្លង់ និងតុបតែងផ្ទះនីមួយៗក្នុងបុរី វិមាន ភ្នំពេញ និង បុរី វិមាន ភ្នំពេញ ឌឹខមម័រសល ហ្សូន សុទ្ធតែធ្វើឡើងដោយស្នាដៃកូនខ្មែរ ១០០ ភាគរយ ដែលទាំងនេះបញ្ជាក់ឲ្យឃើញថា វិស្វករ និងស្ថាបត្យករខ្មែរទាំងអស់សុទ្ធតែមានសមត្ថភាពមិនចាញ់ជនបរទេសឡើយ។ លោកបានបន្តថា បុរី វិមាន ភ្នំពេញមានលំនៅឋានជាច្រើនប្រភេទដូចជា ផ្ទះល្វែង វីឡា ស៊ីលវ័រ វីឡា គ្រីស្តាល់ វីឡា ស៊ុភើរៀ វីឡា ដាយអឹមិន និងភូមិគ្រឹះប្រណីតៗជាច្រើនទៀត ដោយផ្ទះមានតម្លៃចាប់ពី ៧៧.០០០-៤៥០.០០០ដុល្លារ។
លោកបានបញ្ជាក់ថា៖ «ភាពជោគជ័យរបស់គម្រោង គឺដោយសារក្រុមហ៊ុនមានទិសដៅ និងគោលជំហរច្បាស់លាស់»។
លោកបានបន្តទៀតថា៖ «យុទ្ធសាស្រ្តនៃការលក់ដោយមិនយកការប្រាក់សម្រាប់រយៈពេល ២ ឆ្នាំដំបូងនិងអតិថិជនអាចបង់រំលស់ជាមួយក្រុមហ៊ុនរហូតដល់ ១៥ ឆ្នាំ គឺសុទ្ធតែជាកត្តាសំខាន់ដែលជំរុញដល់ភាពជោគជ័យនេះ»។
ទាក់ទងនឹងការទិញលំនៅឋានលោក ពិសាល បានប្រាប់ថា មុននឹងសម្រេចចិត្តទិញលំនៅឋានណាមួយអតិថិជនគួរតែពិនិត្យមើលគុណភាពសំណង់ឲ្យបានច្បាស់លាស់និងពិនិត្យតើបុរីនោះអាចធ្វើប្លង់រឹងបានដែរឬទេ?។
លោក សន សៀប ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឃី រៀលអេស្ទេត បាននិយាយថា បុរី វិមាន ភ្នំពេញមានចំណុចល្អច្រើន ដោយសំណង់មានគុណភាពល្អផ្ទះមានទំហំធំ មានបរិស្ថានល្អ ព្រមទាំងមានតម្លៃសមរម្យទៀតផង បើប្រៀបធៀបនឹងជាមួយផ្ទះនៅក្នុងបុរីផ្សេងៗទៀត បើទោះបីជាវាមានចម្ងាយឆ្ងាយបន្តិចពីកណ្តាលរាជធានីភ្នំពេញក៏ដោយ។
លោកបានបញ្ជាក់ថា៖ «ការលក់នៅក្នុងគម្រោង ទី១របស់បុរី វិមាន ភ្នំពេញ ទទួលបានជោគជ័យ ដោយសារសំណង់មានគុណភាពល្អមានទំហំធំទូលាយ និងមានតម្លៃសមរម្យ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment