នៅវេលាយប់នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៣ម្សិលមិញនេះ បណ្តាប្រិយមិត្តនៃបណ្តាញសង្គមហ្វេសប៊ុក”Facebook” មានការភ្ញាក់ផ្អើលផង និងចែករំលែកព័ត៌មានតៗគ្នាផង ពេលបានឃើញរូបភាពវីដេអូឃ្លីបបង្ហោះក្នុងហ្វេសប៊ុកលេចចេញសកម្មភាពអាជ្ញាធរដឹករថក្រោះថ្មីៗជាច្រើនគ្រឿងតាមរថយន្តធុនធំពីកំពង់ផែខេត្តព្រះសីហនុ ឆ្ពោះមកទីតាំងរាជធានីភ្នំពេញ និងខេត្តនៅក្បែរៗរាជធានី ។
រូបភាពនៃការភ្ញាក់ផ្អើលនិងភ័យខ្លាចបានកើតមានឡើងនៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត នៅពេលឃើញមុននេះក្តី ឬពេលនេះក្តី អាជ្ញាធរបានធ្វើសកម្មភាពចល័តកងកម្លាំងប្រដាប់អាវុធជាមួយនឹងរថពាសដែកជាច្រើនគ្រឿងនៅគ្រប់ច្រកល្ហក ជាពិសេសនៅតំបន់ជុំវិញរាជធានីភ្នំពេញ នៅក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ខណៈគណបក្សសង្គ្រោះជាតិបដិសេធលទ្ធផលការបោះឆ្នោត ដោយចោទប្រកាន់ថា មានភាពមិនប្រក្រតី ព្រមទាំងបានគំរាមថានឹងធ្វើមហាបាតុកម្មប្រឆាំងនឹងលទ្ធផលឆ្នោត ប្រសិនបើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត”គ.ជ.ប”មិនបង្កើតគណៈកម្មការពិសេសស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោតតាមសំណើរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិទេនោះ ។
ទោះយ៉ាងណាក្តី ឯកឧត្តម សម រង្ស៊ី ធ្លាប់បានអំពាវនាវរួចហើយឲ្យរាជរដ្ឋាភិបាលបញ្ឈប់ការបង្កើនកម្លាំងទ័ព និងបញ្ឈប់ការចល័តកងកម្លាំងប្រដាប់អាវុធ ដើម្បីកុំឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ។ លើសពីនេះ ឯកឧត្តម សម រង្ស៊ី បានប្រកាសទៀតថា នៅពេលមកដល់មាតុភូមិវិញនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៣ ឯកឧត្តមនឹងចូលរួមភ្លាមក្នុងកិច្ចការដំណោះស្រាយដោយសន្តិវិធីចំពោះបញ្ហាទាក់ទងការបោះឆ្នោត កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅ ។
ជុំវិញរឿងរ៉ាវនៃការភ្ញាក់ផ្អើលក្នុងហ្វេសប៊ុកដែលឃើញសកម្មភាពអាជ្ញាធរដឹកជញ្ជូនរថក្រោះថ្មី្ៗជាច្រើនគ្រឿងពីកំពង់ផែខេត្តព្រះសីហនុមករាជធានីភ្នំពេញ និងបណ្តាខេត្តក្បែររាជធានីកាលពីយប់មិញនេះ មិនទាន់មានព័ត៌មានណាមួយបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយថា តើពិតឬមិនពិត ឬអាជ្ញាធរបានបញ្ជាទិញរថក្រោះថ្មីៗបន្ថែមតាំងពីពេលណាមកយ៉ាងណានោះនៅឡើយទេ ។
មជ្ឈដ្ឋានអ្នកវិភាគនិងតាមដានព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានលើកឡើងប្រកបដោយសុទិដ្ឋិនិយមថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នៅកម្ពុជានេះ នឹងមិនអាចជួបប្រទះបញ្ហាជាប់គាំងផ្នែកនយោបាយដូចពីអតីតកាលនោះទេ និងក៏មិនអាចមានបញ្ហាអំពើហិង្សាធំដុំអ្វីកើតឡើងដែរ ពីព្រោះថ្នាក់ដឹកនាំគណបក្សនយោបាយធំៗទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នឹងត្រូវចូលតុជជែកចរចាគ្នារកដំណោះស្រាយដោយសន្តិវិធី ដូចជាការអះអាងរបស់ឯកឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពជាក់ជាមិនខាន ៕
ប្រភពពី ដើមត្នោត


0 comments:
Post a Comment