ភ្នំពេញៈ សំណុំរឿង ០០២.០១ នៅសាលាក្តីខ្មែរក្រហមឈានជិតដល់ទីបញ្ចប់ហើយ ដើមបណ្តឹងរដ្ឋប្បវេណីអាចនឹងមានលទ្ធភាពទទួលបានសំណងឬ យ៉ាងណា ចំពោះការរងអំពើព្រៃផ្សៃក្នុងរបបមួយនេះគឺថាវាអាចជាលើកទី ១ ក្នុងប្រវតិ្តសាស្រ្តនៃយុតិ្តធម៌អន្តរជាតិ ប្រសិនតុលាការតម្រូវឲ្យមានសំណងជាការបង់ប្រាក់នោះ។
ចាប់តាំងពីសាលាក្តីខ្មែរក្រហមធ្វើវិសោធនកម្មលើវិធានផ្ទៃក្នុង ក្រោយការកាត់ទោសជនជាប់ចោទ កាំង ហ្កេកអ៊ាវ ហៅ ឌុច ប្រធានមន្ទីរ ស‑២១ រួច តុលាការចម្រុះសាសន៍នេះបានអនុញ្ញាតឲ្យមានសំណងរួមដែលមិនមែនជាសាច់ប្រាក់សម្រាប់ដើមបណ្តឹងរដ្ឋប្បវេណី ដែលត្រូវបង់ដោយម្ចាស់ជំនួយខាងក្រៅ ក្នុងករណីដែលជនជាប់ចោទត្រូវរកឃើញថា មានពិរុទ្ធ និងគ្មានលទ្ធភាពបង់ប្រាក់សំណងនោះ។
ទោះយ៉ាងណាគ្មានវិធានច្បាស់លាស់ពីការរៃអង្គាសប្រាក់ទេ ការប្រមូលមូលនិធិនោះបានធ្លាក់លើផ្នែកគាំពារជនរងគ្រោះនិង មួយផ្នែកលើមេធាវីដើមបណ្តឹងរដ្ឋប្បវេណីផ្ទាល់ ដែលឥឡូវនេះមានពេលទៅដល់ថ្ងៃទី២៦ ខែកញ្ញា ដើម្បីដាក់គម្រោងទាមទារសំណងជាចុងក្រោយឲ្យតុលាការអាចអនុម័ត ប៉ុន្តែត្រូវស្ថិតក្នុងករណីមានមូលនិធិចាំបាច់តម្កល់រួចហើយ។
ក្នុងលិខិតចុះថ្ងៃទី១ ខែសីហា ផ្ញើទៅមេធាវីដើមបណ្តឹងរដ្ឋប្បវេណីអង្គជំនុំជម្រះ អ.វ.ត.ក បានឲ្យដឹងថា បញ្ជីសំណើទាមទារសំណង ដែលបានដាក់ជូនរួចហើយនោះបានទទួលស្គាល់យ៉ាងត្រឹមត្រូវនូវការខូចខាតដែលខាងដើមបណ្តឹងរដ្ឋប្បវេណីទទួលរងនិងផ្តល់អត្ថប្រយោជន៍ដល់ដើមបណ្តឹងរដ្ឋប្បវេណី ដោយការដោះស្រាយការខូចខាតនោះ។
ប៉ុន្តែលិខិតដដែលនោះបន្តថា តាមវិធានលេខ ២៣ អង្គជំនុំជម្រះអាចគាំទ្រវិធានការសំណងនោះ ដោយអនុលោមតាមប្រការនេះ ប្រសិនមានមូលនិធិគ្រប់គ្រាន់។
ចំណែកការទទួលបានមូលនិធិ វាជារឿងនិយាយស្រួល តែពិបាកធ្វើ។ លោកស្រី Elisabeth Simonneau-Fort មេធាវីដើមបណ្តឹងរដ្ឋប្បវេណីនាំមុខបញ្ជាក់តាមអ៊ីមែលថា៖ «យើងសង្ឃឹមថា នឹងអាចលើកកម្ពស់ការយល់ដឹងដល់អ្នកឧបត្ថម្ភមួយចំនួន និងទទួលបានសំណងជាចំនួនដែលមិនអាចលេងសើចបាន»។ តែថាមកដល់ពេលនេះ មានអ្នកឧបត្ថម្ភតែមួយចំនួនតូចប៉ុណ្ណោះទេ។
ករណីមួយគឺគម្រោងពីរដែលត្រូវអនុវត្តស្របនឹងអង្គការសុខភាពផ្លូវចិត្តក្នុងស្រុក។ យោងតាមអ្នកប្រឹក្សាដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ថវិកាបឋមដែលព្រាងដើម្បីបញ្ចូលដើមបណ្តឹង ៧០០នាក់ បានស្នើសុំប្រាក់ប្រហែល ១ លានដុល្លារអាមេរិក ប៉ុន្តែ មកដល់ពេលនេះ មានការសន្យាផ្តល់ពីម្ចាស់ជំនួយនានា តែជាង ១ ភាគ ១០ ប៉ុណ្ណោះ។
លោកស្រី Simonneu-Fort បន្តថា៖ «ដូច្នេះជាមួយនឹងទឹកប្រាក់នេះ រឿងមួយតែគត់ដែលយើងសង្ឃឹមធ្វើបាន គឺចាប់ផ្តើមកម្មវិធីសាកល្បងដែលសង្ឃឹមថា ម្ចាស់ជំនួយនឹងចូលរួម»។ លោកស្រីទទួលស្គាល់សេចក្តីសម្រេចរបស់តុលាការដែលរាប់បញ្ចូលដើមបណ្តឹងរដ្ឋប្បវេណីទាំងអស់ក្នុងសាលក្រមក្នុងរឿងនៃក្តី ០០២.០១ ដែលធ្វើឲ្យតួលេខអ្នកទទួលផលកើនដល់ ៤ ដង។
លោកស្រី បន្ថែមថា បញ្ហាមួយផ្នែកទៀត គឺស្ថិតក្នុងផ្នែកគាំពារជនរងគ្រោះហើយថា៖ «ទីនោះគ្មានបុគ្គលិកមានបទពិសោធគ្រប់គ្រាន់ក្នុងការគ្រប់គ្រងគម្រោងសរសេរសំណើទាក់ទងនឹងម្ចាស់ជំនួយ និងធ្វើការនេះទេ»។
លោក ឡុង បញ្ញាវុធ មន្រ្តីកម្មវិធីនៅអង្គការគំនិតផ្តួចផ្តើមយុតិ្តធម៌កម្ពុជា ថ្លែងថា ការគិតអំពីការចំណាយរាល់ថ្ងៃរបស់តុលាការក៏បានប៉ះពាល់ដល់ការរៃអង្គាសប្រាក់សម្រាប់សំណងផងដែរ។
លោកបន្តថា៖ «អង្គការពាក់ព័ន្ធទាំងអស់រាប់ទាំងអង្គជំនុំជម្រះ អ.វ.ត.ក និងលោក David Scheffer អ្នកជំនាញពិសេសរបស់អង្គការសហប្រជាជាតិ ពុំបានធ្វើការងារនេះអស់លទ្ធភាពទេដើម្បីធានាលើការផ្តល់សំណងនេះ។ បញ្ហាវាស្ថិតលើស្មាផ្នែកគាំពារជនរងគ្រោះទាំងស្រុង»។
ការដាក់បន្ទុកលើផ្នែកគាំពារជនរងគ្រោះឲ្យប្រមូលមូលនិធិធ្វើឲ្យកាន់តែមានផលវិបាកថែមទៀត។ នេះបើតាមលោកស្រី Lyma Nguyen មេធាវីដើមបណ្តឹងរដ្ឋប្បវេណី បញ្ជាក់តាមអ៊ីមែល។
លោកស្រីមេធាវីលើកឡើងថា៖ «បើទោះជាវិធានផ្ទៃក្នុងពុំបានចែងអំពីដើមបណ្តឹងរដ្ឋប្បវេណីស្វែងរកមូលនិធិចាំបាច់ សម្រាប់គម្រោងទាំងនេះក៏ដោយការបែងចែកធនធាន ដែលកំហិតដោយរដ្ឋបាលតុលាការមកឲ្យផ្នែកគាំពារជនរងគ្រោះបានធ្វើឲ្យវាក្លាយជាភាពចាំបាច់ដែលមេធាវីត្រូវតែចូលរួមយ៉ាងសកម្ម»។
តាមលោកស្រីមេធាវី Simonneu-Fort ឲ្យដឹងថា ការរៃអង្គាសប្រាក់មិនស្ថិតក្នុងបរិយាយការងាររបស់មេធាវីទេ។ លោកស្រីបន្តថា៖ «វាមិនមែនជាការងារខ្ញុំទេ ប៉ុន្តែខ្ញុំត្រូវតែព្យាយាមបញ្ចុះបញ្ចូលម្ចាស់ជំនួយមួយចំនួន ហើយខ្ញុំនឹងបន្តធ្វើជាមួយនឹងម្ចាស់ជំនួយអន្តរជាតិ ឥឡូវនេះ»។
លោកស្រីបន្តថា៖ «វាពិតជាត្រូវការពេលវេលាច្រើនដើម្បីធ្វើការងារនោះ ដើម្បីរកមូលនិធិក្នុងគម្រោងដ៏ល្អ»។ លោកស្រីយល់ថា មេធាវីបានព្យាយាមបញ្ចុះបញ្ចូលផ្នែកគាំពារជនរងគ្រោះឲ្យកំណត់ការរៃអង្គាសប្រាក់ជាអាទិភាពហើយថា «ខ្ញុំនឹងមិនគិតថា វាមិនគួរឲ្យចាប់អារម្មណ៍ឡើយ ប៉ុន្តែ វាមិនគួរជាការងារខ្ញុំទេ»។
សូម្បីលោកស្រី ពេជ្រ ស្រីផល អាយុ ៥៩ ឆ្នាំជាមេធាវីជាតិក៏បានចាត់ទុកថា ការរៀបចំបែបនេះមិនស័ក្តិសមទេ។ លោកស្រីថ្លែងថា៖ «ខ្ញុំមិនគិតថា មេធាវីដើមបណ្តឹងរដ្ឋប្បវេណីតម្រូវឲ្យរកមូលនិធិនៃគម្រោងសំណងជនរងគ្រោះឡើយ។ ពួកគេជាអ្នកច្បាប់មិនមែនជាអ្នករកប្រាក់ទេ ខ្ញុំគិតថា តុលាការគួរស៊ើបរកប្រាក់ ដែលជនសង្ស័យទាំងនោះបន្សល់ទុក ហើយដកយកប្រាក់នោះមកបង់សម្រាប់គម្រោងផ្តល់សំណង»។
យោងតាមលោកស្រី Nguyen ឲ្យដឹងថា យន្តការដែលកំណត់មិនច្បាស់លាស់សម្រាប់ប្រមូលមូលនិធិពីភាគីទី ៣ ធ្វើឲ្យមានការភាន់ច្រឡំច្រើនឆ្នាំហើយ ហើយតុលាការមិនមែនពិនិត្យតែលើប្រភពធនធានរបស់ជនជាប់ចោទទេ។
លោកស្រីបន្តថា៖ «ជនជាប់ចោទទាំងអស់ត្រូវកំណត់ថាជាជនក្រីក្រ គឺក្នុងបំណងស្វែងរកជំនួយផ្នែកច្បាប់។ គ្មានការស៊ើបអង្កេតលើទ្រព្យសម្បត្តិជនជាប់ចោទទេ បើទោះមានសំណើពីមេធាវីដើមបណ្តឹងក៏ដោយ»។
លោក បញ្ញាវុធ រួមទាំងលោកស្រី Nguyen និងលោកស្រី Simonnau-Fort សង្កត់ធ្ងន់ពីសារៈសំខាន់នៃសំណងចំពោះដំណើរការ ហើយគិតថា ឱកាសផ្តល់សំណងហាក់ដល់ទីបញ្ចប់ហើយ។ លោកថ្លែងថា៖ «គេត្រូវរង់ចាំសេចក្តីសម្រេចយ៉ាងយូរហើយត្រូវបន្តរង់ចាំថែមទៀត ដែលវាហាក់ដូចជាការប្រមាថដល់ពួកគេ។ ដើមបណ្តឹងរដ្ឋប្បវេណីពិតជាចាស់ ហើយពួកគាត់ចង់ឃើញសំណងនោះ ដើម្បីកាត់បន្ថយការឈឺចាប់សម្រាប់គ្រាចុងក្រោយ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍
Read more: http://www.cambodiapage.info/


0 comments:
Post a Comment