ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមប្រកាសជូនសាធារណជនទាំងអស់ ឲ្យបានជ្រាបថា ថ្មីៗនេះ មានគណបក្សនយោបាយប្រព័ន្ធផ្សព្វផ្សាយមួយចំនួនតូច និងបណ្តាញព័ត៌មានសង្គម បានធ្វើការផ្សព្វផ្សាយលទ្ធផលសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ មិនត្រឹមត្រូវ និងពុំមានមូលដ្ឋានពិតប្រាកដ។
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ បង្ហាញថា ការផ្សព្វផ្សាយព័ត៌មានមិនពិតទាំងនោះ អាចធ្វើឲ្យមានការយល់ច្រឡំ ដែលនាំដល់ការបំពុលបរិយាកាសធ្វើឲ្យបាត់សណ្តាប់ធ្នាប់ របៀបរៀបរយ និងសន្តិសុខសង្គម។
គ.ជ.ប សូមអំពាវនាដល់សាធារណជនទាំងអស់ សូមកុំយកចិត្តទុកដាក់និងកុំជឿលើព័ត៌មានមិនពិតទាំងនោះ។ សូមសាធារណជន មេត្តារង់ចាំទទួលយកព័ត៌មានអំពីលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥ ដែល គ.ជ.ប នឹងប្រកាសជូនក្រោយពីការផ្ទៀងផ្ទាត់ និងការដោះស្រាយបណ្តឹងពាក់ព័ន្ធ និងរបាយការណ៍អំពីភាពមិនប្រក្រតី នៃការបោះឆ្នោតបានចប់សព្វគ្រប់។
ជាការកត់សម្គាល់ ក្រោយពីការបោះឆ្នោតភ្លាម គណបក្សប្រជាជនកម្ពុជា បានចេញលទ្ធផលបោះឆ្នោតបណ្តោះអាសន្នថា គណបក្សប្រជាជនកម្ពុជា ឈ្នះការបោះឆ្នោត ដោយទទួលបាន ៦៨ កៅអី។ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន ៥៥ កៅអី។
ប៉ុន្មានថ្ងៃក្រោយមក គណបក្សសង្គ្រោះជាតិ បានប្រកាសលទ្ធផលរបស់ខ្លួនថា ការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ ទទួលបាន ៦៣ កៅអី។ រីឯគណបក្សប្រជាជនកម្ពុជា ទទួលបានត្រឹមតែ ៦០ អាសនៈប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លទ្ធផលផ្លូវការ នៃការបែងចែកអាសនៈ នឹងត្រូវគជប ប្រកាសជាផ្លូវការ យ៉ាងយូរ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៣៕
ប្រភពពី CEN
Read more:http://www.cambodiapage.info/


0 comments:
Post a Comment