កំពង់ឆ្នាំង ៖ ក្នុងខេត្តកំពង់ឆ្នាំងក៏ដូចទូទាំងប្រទេសដែរនៅព្រឹកថ្ងៃទី០៥ ខែ សីហា ឆ្នាំ២០១៣នេះបេក្ខជនបេក្ខនារីចំនួន៣៥៩០នាក់បានចូលរួមប្រឡងយកសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក្នុងមណ្ឌលចំនួន៧ក្នុងខេត្តកំពង់ឆ្នាំង ដែលមានបន្ទប់ប្រឡងសរុបចំនួន ១៤៧បន្ទប់ និងមេប្រយោគចំនួន៦០០នាក់ សន្តិសុខការពារចំនួន៣៣នាក់ និងគ្រូពេទ្យចំនួន៧នាក់ទៀត នេះជាការអោយដឹងរបស់លោក ពេជ្រ សំបូរ ប្រធានមន្ទីរអប់រំខេត្ត ក្នុងពេលលោកអភិបាលខេត្តអញ្ជើញចូលរួមកាត់ស្រោមសំបុត្រវិញ្ញាសាប្រឡងក្នុងវិទ្យាល័យព្រះបាទសុរាម្រឹត។
នៅព្រឹកមុនពេលប្រឡងមានពាក្យចរចាមអារាមជាច្រើនតាមតុកាហ្វេថា៖ វិញ្ញាសាប្រឡងមួយចំនួនបានបែកធ្លាយហើយ ពេលនោះដែរគេពិនិត្យឃើញ នៅតាមកន្លែងថតចម្លងមានបេក្ខជនប្រឡងរាប់រយនាក់បាននាំគ្នាទិញនិងថតចម្លងចម្លើយរបស់វិញ្ញាសាប្រឡងជាបន្តបន្ទាប់។
លោក ពេជ្រ សំបូរ ប្រធានមន្ទីរអប់រំខេត្តបាននិយាយអោយដឹង ក្នុងពេលលោកអភិបាលខេត្តកាត់ស្រោមសំបុត្រវិញ្ញាសាប្រឡងក្នុងវិទ្យាល័យព្រះបាទសុរាម្រឹតថា៖ លោកអភិបាលខេត្តមិនទាន់ទាំងកាត់ស្រោមសំបុត្រវិញ្ញាសាប្រឡងផងមានលេញលឺ ពាក្យថាបែកវិញ្ញាសាប្រឡងទៅហើយ រឿងនេះលោកសូមបដិសេធន៍ថាមិនមែនជាការពិតនោះទេ។
លោកគ្រូៗ ជាមេប្រយោគមួយចំនួនដែលជិតស្និត ជាមួយអ្នកយកព័ត៌មានយើងបាននិយាយ
អោយដឹងនៅល្ងាចថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ នេះថា វិញ្ញាសាប្រឡង៣មុខវិជ្ជា គឺ៖ គីមី ជីវវិទ្យា និងប្រវត្តិវិទ្យា ទំនងដូចជាបែកការមែន គឺ បែកការមកពីភ្នំពេញព្រោះថា ព្រីយ៉ុងដែលសិស្សថតចម្លងចែកគ្នាយកមកតាមខ្លួន ហើយត្រូវពួកលោកគ្រូៗមេប្រយោគចាប់បាន គឺជាចម្លើយត្រឹមត្រូវជាមួយនិងវិញ្ញាសាដែលបានចេញក្នុងពេលប្រឡង។ គេបានអោយដឹងទៀតថា៖ វិញ្ញាសានិងចម្លើយទាំងអស់នោះត្រូវបានគេអ៊ីម៉ែលពីភ្នំពេញមក ដែលលក់ក្នុងតម្លៃរាប់រយដុល្លាមកអោយសិស្សជាកូនអ្នកមានលុយ ហើយពួកគេបានថតចម្លងលក់តៗ គ្នាពេញក្រុងកំពង់ឆ្នាំង។ ប៉ុន្តែនៅតាមមណ្ឌលតាមស្រុកវិញ គេពុំសូវឃើញមានការរំជើបរំជួលនោះទេ តែសិស្សមួយចំនួនគេក៏បានទទួលចម្លើយវិញ្ញាសានោះតាមការផ្ញើអ៊ីម៉ែលតាមរយៈទូរសព្ទ័ទំនើបៗពីមិត្តភ័ក្ដិបងប្អូនគេផងដែរ។
លោកគ្រូខ្លះដូចជាទំនងដែរថា៖ វិញ្ញាសាមិនមែនបែកធ្លាយតាមមណ្ឌលប្រឡងនោះទេ តាមគេដឹងថា៖ មុនពេលប្រឡងលោកគ្រូៗថ្នាក់ឧត្ដមសិក្សា ត្រូវបានក្រសួងអប់រំ អោយធ្វើវិញ្ញាសា១ៗ ម្នាក់ដើម្បីជ្រើសរើសយកមកដាក់ក្នុងពេលប្រឡង ក្រោយមកលោកគ្រូមួយចំនួនបានយកវិញ្ញាសាទាំងនោះមកថតចម្លងលក់ដើម្បីរកលុយ ហើយហេងស៊យវិញ្ញាសានោះក៏ត្រូវបានចេញក្នុងពេលប្រឡងមែនទែនតែម្តង។ ករណីបែបនេះកើតមានជារៀងរាល់ឆ្នាំទៅហើយមិនមែនទើបតែកើតមានឆ្នាំនេះទេ។ មុនពេលចូលបន្ទប់ប្រឡងមេប្រយោគក៏បានឆែកយកព្រីយ៉ុង និងដកហូតទូរសព្ទ័ពីបេក្ខជននិងបេក្ខនារីមួយចំនួនយកមកទុកផងដែរប៉ុន្តែមិនបានទាំងអស់គ្នានោះទេ។ ពេលកំពុងប្រឡងគេពិនិត្យឃើញនៅតាមរបងវិទ្យាល័យព្រះបាទសុរាម្រឹតប៉ែកខាងជើងមាន ក្រុមយុវជន និងមាតាបិតាសិស្សជាច្រើនរយនាក់ ខ្លះបានឡើងតោងរបងបាញ់គប់ព្រីយ៉ុងចូលក្នុងបន្ទប់ប្រឡង ខ្លះទៀតនាំគ្នាថតចម្លងឯកសារដើម្បីទុកអោយកូនក្មួយរបស់ខ្លួនពេលប្រឡង មុខវិជ្ជាក្រោយទៀត៕
ឈៀង ថារិទ្ធ
Read more:http://www.cambodiapage.info/


0 comments:
Post a Comment