ការបដិសេធនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ស្វែងរកមុខសញ្ញា និងតាមចាប់ខ្លួន អ្នកធ្វើឯកសារក្លែងបន្លំនិងអ្នកប្រើប្រាស់ឯកសារក្លែងបន្លំរបស់ IRI ស្តីពីលទ្ធផលនៃការស្ទង់មតិប៉ាន់ស្មានពីការទទួលបានអសនៈ តាមរាជធានី និងខេត្តនីមួយៗ រួចបញ្ជូន ទៅតុលាការ។
សេចក្តីថ្លែងការណ៍របស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១៧ខែកក្កដានេះ បានអំពាវនាវដល់ជនណាក៏ដោយ ជាអ្នករួមគំនិតពាក់ព័ន្ធក្នុងការផលិតឯកសារក្លែងក្លាយនេះ ចេញមកសារភាព រាជរដ្ឋាភិបាលកម្ពុជានឹងផ្តល់រង្វាន់ជូន។ សេចក្តីថ្លែងការណ៍បន្តថា លោកស្រី Jessica Keegan ប្រធានវិទ្យាសា្ថនសាធារណរដ្ឋអន្តរជាតិ (IRI) បានធ្វើបដិសេធជាផ្លូវការ តាមរយៈសារអេឡិកត្រូនិច ចុះថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០១៣ ផ្ញើមកទីស្តីការគណៈរដ្ឋមន្ត្រី រួចហើយថា ឯកសារដែលជនទុច្ចរិត បានផលិត និងចែកចាយផ្សព្វផ្សាយនេះ គឺជាឯកសារក្លែងបន្លំ មិនមែនជាឯកសាររបស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ IRI នោះទេ។
លោកស្រី Jessica Keegan ប្រាប់VODតាមរយៈទូរស័ព្ទ និងអ៊ីម៉េលថា IRI មិនដែលបានផ្ញើលិខិតណាមួយ ទៅទីស្តីការគណៈរដ្ឋមន្ត្រីនោះទេ ហើយបានធ្វើការស្ទង់មតិតែមួយគត់ ដែលត្រូវបានបញ្ចប់នៅដើមខែកុម្ភៈ ក្នុងឆ្នាំ២០១៣នេះ ហើយត្រូវបានចែកចាយទៅអ្នកពាក់ព័ន្ធនៅក្នុងខែឧសភា ឆ្នាំ២០១៣នេះ។ លោកស្រីបន្តថា IRI នឹងមិនប្តឹងប្រឆាំងនឹងនរណាម្នាក់ ដែលបង្ហាញពីទិន្នន័យ ដែលមានបកស្រាយខុសនោះទេ ហើយក៏មិនគាំទ្រនឹងការចាប់ខ្លួននរណាម្នាក់ ដែលបង្ហាញពីមតិរបស់ខ្លួនទេ។
លោកស្រី Jessica Keegan៖ «ព័ត៌មាន និងការបកស្រាយខុស លើការស្ទង់មតិ មានច្រើនអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោត តែសេរីភាពនៃការបញ្ចេញមតិ ត្រូវអនុញ្ញាតសម្រាប់ការពិភាក្សាជាសាធារណៈ ថាតើព័ត៌មាននោះ ត្រឹមត្រូវឬយ៉ាងណា»។
ឯកសារដែលត្រូវបានគេបង្ហោះតាមហ្វេសប៊ុក បង្ហាញថាគណបក្សសង្គ្រោះជាតិ នឹងទទួលបានសំឡេងគាំទ្រចំនួន៥៤ភាគរយ ស្មើនឹង៦៤អាសនៈ។ ចំណែកគណបក្សប្រជាជនកម្ពុជា ទទួលបានតែ៤៦ភាគរយស្មើនឹង៥៩អាសនៈ។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងរយៈពេលថ្មីៗនេះ មានជនទុច្ចរិត ជាសកម្មជន និងឃោសនិករបស់គណបក្សមួយ បានផលិតក្លែងបន្លំឯកសារស្ទង់មតិ របស់វិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិIRI ហើយកំពុងផ្សព្វផ្សាយឯកសារក្លែងក្លាយ។ រាជរដ្ឋាភិបាល បានចាត់ទុកទង្វើនេះជាទង្វើដ៏ថោកទាបបំផុតរបស់ក្រុមទុច្ចរិត ដែលបាននិងកំពុងបំផ្លាញនូវដំណើរការបោះឆ្នោតមួយដែលត្រូវមានភាព សេរី តម្លាភាព និងជាពិសេសត្រឹមត្រូវ និងយុត្តិធម៌។
អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស លោក កែវ រ៉េមី ដែលបានធ្វើសន្និសីទព័ត៌មាននៅព្រឹកថ្ងៃ ពុធនេះលើបញ្ហាក្លែងបន្លំការស្ទង់មិត បដិសេធអធិប្បាយលើបញ្ហានេះ។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ថ្លែងថា ការបញ្ជារបស់រដ្ឋាភិបាលជារឿងនយោបាយ ៖ “កុំធ្វើឲ្យកករល្អក់ទៅដល់ដំណើរការនៃការបោះឆ្នោត ឥឡូវយើងកំពុងដំណើរការនៃការបោះឆ្នោត យល់ល្អជៀសវាងទៅ”។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា ការប៉ុនប៉ងចាប់ខ្លួនអ្នកផ្សព្វផ្សាយឯកសារស្ទង់មតិនេះ គឺជារឿងនយោបាយ ដើម្បីបន្ថយប្រជាប្រិយភាពគណបក្សប្រឆាំង។ លោកចាត់ទុកដូចនេះ ដោយលើកយកចំណុចមួយ ក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលដែលថា នឹងផ្តល់រង្វាន់ដល់អ្នកដែលឡើងសារភាព ចំពោះការរួមគំនិត ផលិតឯកសារក្លែងក្លាយនោះ៕
____________________
ប្រភពព័ត៌មានពី៖ វីអូឌី ភ្នំពេញ
ប្រភពព័ត៌មានពី៖ វីអូឌី ភ្នំពេញ
