គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

4:55 PM
គិត​ចាប់​ពី​ថ្ងៃ​ឃោសនា​បោះឆ្នោត​ដំបូង​រហូត​ដល់​ថ្ងៃ​ទី៣ ខែ​កក្កដា ឆ្នាំ​២០១៣ នេះ គ.ជ.ប បាន​ទទួល​ពាក្យ​បណ្ដឹង​ចំនួន​៤៦ ពី​គណបក្ស​នយោបាយ និង​អាជ្ញាធរ។ ចំនួន​នេះ​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​ពី ៩​ករណី នៅ​ថ្ងៃ​ទី៤ ដល់ ៤៦​ករណី នៅ​ថ្ងៃ​ទី៧ នៃ​ការ​ឃោសនា​បោះឆ្នោត។ ក្នុង​បណ្ដឹង​ទាំងអស់​ដែល គ.ជ.ប ទទួល​បាន ក្រៅ​ពី​គណបក្ស​ប្រឆាំង ក៏​មាន​បណ្ដឹង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ដែរ។
គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​អោយ​ដឹង​ថា បណ្ដឹង​សរុប​ចំនួន​៤៦ គ.ជ.ប ទទួល​បាន​តាម​រយៈ​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត​នោះ រួម​មាន​បណ្ដឹង​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន ១០​បណ្ដឹង គណបក្ស​សង្រ្គោះ​ជាតិ ២២​បណ្ដឹង ហើយ​បណ្ដឹង​ផ្សេង​ទៀត​បាន​មក​ពី​អាជ្ញាធរ​ក្រុង ស្រុក ខណ្ឌ និង​អាជ្ញាធរ ឃុំ សង្កាត់​មួយ​ចំនួន។ ក្នុង​ចំណោម​បណ្ដឹង​ទាំង​៤៦ នោះ បណ្ដឹង​ដែល គ.ជ.ប ទទួល​បាន​ច្រើន​ជាង​គេ គឺ​បាន​មក​ពី​រាជធានី​ភ្នំពេញ។
យ៉ាង​ណា​ក៏ដោយ គ.ជ.ប មិន​បាន​ពិពណ៌នា​អោយ​បាន​លម្អិត​ពី​ករណី​ដែល​ទាក់ទង​បណ្ដឹង​ទាំង​៤៦ នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ប្រាប់​មូលហេតុ​ថា ហេតុ​អ្វី​បាន​ជា​បណ្ដឹង​ភាគ​ច្រើន​បាន​មក​ពី​ទីក្រុង​ភ្នំពេញ នោះ​ទេ។
តាម​របាយការណ៍​ដែល គ.ជ.ប បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ ក្នុង​ចំណោម​បណ្ដឹង​ដែល គ.ជ.ប ទទួល​បាន បណ្ដឹង​មួយ​ចំនួន​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ ដោយ​បណ្ដឹង​ខ្លះ ដើម​បណ្ដឹង​បាន​ដក​ពាក្យ​បណ្ដឹង​វិញ បណ្ដឹង​ខ្លះ​ត្រូវ​បាន​ដោះស្រាយ​តាម​រយៈ​ការ​ផ្សះផ្សា​គ្នា បណ្ដឹង​ខ្លះ​ត្រូវ​បាន គ.ជ.ប ជូន​ដំណឹង​បដិសេធ និង​បណ្ដឹង​ខ្លះ​ទៀត​ត្រូវ​បាន​ចារ​បដិសេធ​តែ​ម្តង។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​អោយ​ដឹង​នៅ​ថ្ងៃ​នេះ​ថា បន្ថែម​ពី​លើ​បណ្ដឹង​ក្នុង​របាយការណ៍​កាល​ពី​ថ្ងៃ​ទី២ កក្កដា គ.ជ.ប បាន​ទទួល​បណ្ដឹង​ថែម​ចំនួន​១១ ទៀត។ ក្នុង​ចំណោម ១១​បណ្ដឹង​ចុង​ក្រោយ​នេះ មាន ៤​បណ្ដឹង​បាន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង ៦​បណ្ដឹង​ទៀត​បាន​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ៖ «បណ្ដឹង​រហូត​មក​ដល់​ពេល​នេះ​សរុប យើង​ទទួល​បាន ៤៦​បណ្ដឹង​ពី​រាជធានី​ខេត្ត​ចំនួន​១២ ហើយ​ក្នុង​នោះ​មាន​បណ្ដឹង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មាន ១០​បណ្ដឹង ហើយ​បណ្ដឹង​នេះ​ត្រូវ​បាន​ដោះស្រាយ​៥​ហើយ នៅ​សល់​៥​ទៀត។ បណ្ដឹង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ មាន ២២​បណ្ដឹង ត្រូវ​បាន​ដោះស្រាយ ១១​បណ្ដឹង ហើយ​នៅ​សល់ ១១​បណ្ដឹង​ទៀត»
នាយក​អង្គការ​ឃ្លាំ​មើល​ការ​បោះឆ្នោត និចហ្វិក (Nicfec) លោក ហង្ស ពុទ្ធា បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី៣ កក្កដា នេះ​ថា តាម​ការ​យល់​ឃើញ​របស់​លោក បណ្ដឹង​ដែល​គណបក្ស​នយោបាយ​បាន​ប្ដឹង​ទៅ​កាន់ គ.ជ.ប ភាគ​ច្រើន​កើត​ឡើង​ដោយសារ​បញ្ហា​ការ​ដាក់​ស្លាក​គណបក្ស​នយោបាយ ការ​រំខាន​ពី​គណបក្ស​នយោបាយ​មួយ​ទៅ​គណបក្ស​នយោបាយ​មួយ​ទៀត​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ការ​មិន​ទទួល​យក​ដំណោះស្រាយ​របស់​គណៈកម្មការ​ឃុំ​សង្កាត់​រៀបចំ​ការ​បោះឆ្នោត និង​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់។
លោក ហង្ស ពុទ្ធា៖ «យើង​ឃើញ​ថា គណបក្ស​សង្គ្រោះ​ជាតិ ហាក់​ដូច​ជា​ទទួល​នូវ​ការ​រារាំង​ច្រើន ពិសេស គឺ​ពេល​ខ្លះ​ហ្នឹង​ឯង គឺ​ក្រុម​គណបក្ស​ផ្សេង​ហ្នឹង​ឯង រារាំង​មិន​អោយ​ធ្វើ​ដំណើរ​កាត់​កន្លែង​របស់​ខ្លួន។ ដូច្នេះ ឡាន​គឺ​ត្រូវ​បក​ថយ​ក្រោយ បើ​ទោះ​បី​ជា​ថា​ផ្លូវ​ហ្នឹង គឺ​ជា​ផ្លូវ​ទី​សាធារណៈ​ក៏ដោយ ប៉ុន្តែ​ប្រសិន​បើ​ជា​ឡាន​ហ្នឹង​ដាច់​ហ្វូង​មួយ​អ៊ីចឹង​ទៅ ក្នុង​ន័យ​ថា ឈប់​ការងារ ហើយ​គ្រាន់​តែ​បើក​កាត់​ហ្នឹង គឺ​មាន​ការ​រារាំង​មិន​អោយ​ឆ្លង​កាត់​នោះ​ទេ»
លោក ទេព នីថា បាន​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត និង​អ្នក​គាំទ្រ​គណបក្ស​នយោបាយ​គ្រប់​និន្នាការ​ទាំងអស់ ត្រូវ​គោរព​ច្បាប់​បោះឆ្នោត បទ​បញ្ជា និង​នីតិវិធី​ផ្សេងៗ​របស់ គ.ជ.ប និង​ក្រម​សីលធម៌​សម្រាប់​គណបក្ស​នយោបាយ និង​បេក្ខជន​ឈរ​ឈ្មោះ​បោះឆ្នោត៕
ប្រភពពី៖ RFA