ភ្នំពេញៈ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច បានចេញសេចក្តីថ្លែងការណ៍មួយ ទាមទារឲ្យមានការបង្កើតគណៈកម្មាការឯករាជ្យមួយ ដើម្បីត្រួតពិនិត្យភាពមិនប្រក្រតី ដែលត្រូវបានកត់សម្គាល់ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី ៥ ដែលទើបប្រព្រឹត្តទៅកាលពីថ្ងៃអាទិត្យ ទី២៨ កក្កដាកន្លងទៅនេះ។
លិខិតដែលបានចែកចាយកាលពីម្សិលមិញ ដោយគ្មានចុះហត្ថលេខារបស់មន្ត្រីគណបក្ស មានតែត្រា បានរៀបរាប់ថា ដោយសង្កេតឃើញនូវភាពប្រក្រតីដ៏ធ្ងន់ធ្ងរជាច្រើនក្នុងកិច្ចដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី ៥ គណបក្ស ហ៊្វុនស៊ិនប៉ិច សូមប្រកាសពីជំហរហ្មឺងម៉ត់របស់ខ្លួនខាងលើ ដើម្បីឲ្យសមស្របទៅតាមការទាមទារ និងឆន្ទៈរបស់ប្រជារាស្ត្រជាម្ចាស់ឆ្នោត។
គណបក្ស ហ៊ុ្វនស៊ិនប៉ិច បង្កើតឡើងដោយអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ និងបច្ចុប្បន្ន ព្រះរាជបុត្រីពៅរបស់ព្រះអង្គ ព្រះបាទនរោត្តម អរុណរស្មី ជាព្រះប្រធានគណបក្ស មិនបានទទួលអាសនៈ សម្រាប់ការបោះឆ្នោតក្នុងអណត្តិនេះទេ។ នេះបើយោងតាមលទ្ធផលបណ្តោះអាសន្នរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
គណបក្ស ហ៊ុ្វនស៊ិនប៉ិច ដែលជាដៃគូរក្នុងរាជរដ្ឋាភិបាលចម្រុះរបស់គណបក្សកាន់អំណាច គណបក្សប្រជាជនកម្ពុជាអស់បីអណត្តិកន្លងមក បានធ្លាក់ប្រជាប្រិយភាពខ្លួន ដោយសារការបែកបាក់ផ្ទៃក្នុង។
កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិ ក៏បានធ្វើការបដិសេធមិនទទួលស្គាល់លទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប និងបានទាមទារឲ្យបង្កើតគណៈកម្មាធិការចម្រុះក្នុងការស៊ើបអង្កេតពីភាពមិនប្រក្រតីនេះផងដែរ ដោយមានគ្រប់ភាគីចូលរួមដូចជា គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា គ.ជ.ប អង្គការសហប្រជាជាតិ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ។ ទោះជាយ៉ាងណាក្តី គ.ជ.ប បានប្រកាសថាបញ្ហានេះ ហួសពីសមត្ថកិច្ចរបស់ គ.ជ.ប។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ក៏បានប្រកាសប្រាប់សកម្មជនបក្សខ្លួនថា នឹងធ្វើបាតុកម្មលើបញ្ហានេះផងដែរ ប្រសិនបើគ្មានដំណោះស្រាយ។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.
Read more: www.cambodiapage.info


0 comments:
Post a Comment