ភ្នំពេញៈ ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ ១៩៩៨ ពេលដែលអ្នកចុះឈ្មោះបោះឆ្នោតមានរហូត ៩៣ ភាគរយបានបោះឆ្នោតមកចំនួនអ្នកបោះឆ្នោតនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះជាខ្លាំង មកត្រឹមប្រហែល ៦៨ ភាគរយដែលបានមកជ្រលក់ទឹកថ្នាំខ្មៅកាលពីថ្ងៃអាទិត្យ។
អ្នកវិភាគមួយចំនួនបានគិតថា ចំនួនអ្នកបោះឆ្នោតឆ្នាំនេះចុះទាបជាងការបោះឆ្នោតក្នុងឆ្នាំ ២០០៨ ប្រហែល ៧ ភាគរយ គឺដោយសារតែឧបសគ្គចំពោះអ្នកបោះឆ្នោត មិនមែនមិនចាប់អារម្មណ៍លើនយោបាយនោះទេ។
អង្គការ ខុម ហ្វ្រែល និងអង្គការតម្លាភាពកម្ពុជា ជាអង្គការពីរដែលឃ្លាំមើលការបោះឆ្នោត បានបង្ហាញពីពាក្យបណ្តឹងជាទូទៅ របស់អ្នកបានចុះឈ្មោះ តែត្រូវបានបដិសេធមិនឲ្យបោះឆ្នោតនៅតាមការិយាល័យដោយសារតែគ្មានឯកសារត្រឹមត្រូវនិងគ្មានឈ្មោះក្នុងបញ្ជីអ្នកបោះឆ្នោត។
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានថ្លែងថា ៖ «គ្មានអ្វីពន្យល់ខ្ញុំថា តើមូលហេតុអីបានជាចំនួនអ្នកបោះឆ្នោតធ្លាក់ចុះក្នុងឆ្នាំនេះនោះទេ។ វាមិនមែនប្រជាជនមិនចង់ទៅបោះឆ្នោតនោះទេ»។
អង្គការ ខុម ហ្វ្រែល និងអង្គការតម្លាភាពអន្តរជាតិ បានឯកភាពគ្នាជាមូលដ្ឋានជាមួយនឹងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាក់ទងនឹងចំនួនអ្នកទៅបោះឆ្នោត។ ទិន្នន័យរបស់អង្គការ ខុម ហ្វ្រែល បង្ហាញថា មានតួលេខ ៦៨ ភាគរយនៃចំនួន ៩,៨ លាននាក់នៃអ្នកបោះឆ្នោតបានចូលរួមចំណែកឯអង្គការតម្លាភាពអន្តរជាតិ បានរាយការណ៍ថា មានប្រហែល ៦៩ ភាគរយ។
គណបក្សប្រជាជនកម្ពុជាបានបាត់អាសនៈភាគច្រើនក្នុងរដ្ឋសភាបន្ទាប់ពីការបោះឆ្នោតបានធ្វើឲ្យគណបក្សនេះបាត់បង់ ២២ អាសនៈ ដែលឥឡូវនេះអាចកាន់កាប់ ៦៨ នៃ ១២៣ អាសនៈក្នុងសភា។ លោក វីរៈ លើកឡើងថា ប៉ុន្តែ បើមន្រ្តីបោះឆ្នោតមិនបានធ្វើឲ្យប្រជាជនជាច្រើននាក់បាត់បង់ឱកាសបោះឆ្នោតទេនោះ ចំនួនភាគច្រើនរបស់គណបក្សប្រជាជនអាចនឹងធ្លាក់ចុះថែមទៀត។
លោក អ៊ូ វីរៈ ថ្លែងថា ៖ «ក្នុងឆ្នាំ ២០០៨ វាពិតជាមិនផ្លាស់ប្តូរលទ្ធផលទេ។ ក្នុងការបោះឆ្នោតនេះ ពួកគេនឹងផ្លាស់ប្តូរលទ្ធផលការបោះឆ្នោត? ខ្ញុំនឹងនិយាយថា វាពិតដូច្នោះមែន»។
លោក គល់ បញ្ញា នាយកប្រតិបតិ្តនៃអង្គការ ខុម ហ្វ្រែល បានថ្លែងថា បញ្ហាជាមួយនឹងបញ្ជីអ្នកបោះឆ្នោតហាក់ដូចជាដើរតួនាទីធំបំផុត ធ្វើឲ្យធ្លាក់ចុះចំនួនអ្នកបោះឆ្នោតសកម្ម ក្នុងឆ្នាំនេះ។ ប៉ុន្តែ អង្គការមិនមែនរដ្ឋាភិបាលនឹងប្រមូលទិន្នន័យពីអ្នកអង្កេតការណ៍ខ្លួន ហើយបញ្ចប់របាយការណ៍នៅពេលខាងមុខ។
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បានថ្លែងថា បើទោះជាចំនួនភាគរយនៃអ្នកបោះឆ្នោតធ្លាក់ចុះចាប់តាំងពីឆ្នាំ ២០០៨ មក តែចំនួនអ្នកទៅបោះឆ្នោត បានកើនឡើងប្រហែល ៥ សែននាក់។ លោកពន្យល់ថា ការធ្លាក់ចុះនេះមួយផ្នែកមកពីចំនួនអ្នកចុះឈ្មោះបោះឆ្នោតកើនឡើង។
លោក ទេព នីថា បន្តថា អ្នកបោះឆ្នោតជាច្រើនធ្វើចំណាកស្រុកទៅធ្វើការក្រៅប្រទេសឬ ទៅខេត្តឆ្ងាយពីមណ្ឌលបោះឆ្នោត ធ្វើឲ្យពួកគេជាប់ការពិបាក។
ពលរដ្ឋកម្ពុជា ៣ សែននាក់កំពុងធ្វើការស្របច្បាប់នៅថៃស្មើនឹង ៣ ភាគរយនៃអ្នកបោះឆ្នោត។ ប៉ុន្តែ ឃុំ សង្កាត់ ជិតទាំងអស់មានចំនួនលើសពី ១០០ ភាគរយ លើការចុះឈ្មោះអ្នកបោះឆ្នោត ដែលតាមធម្មតា វាអាចមានអ្នកចុះឈ្មោះបោះឆ្នោតតិចជាងតួលេខជាក់ស្តែងនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោត»៕
Sean Teehan និង ជាង សុខា
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ ប៉ុស្តិ៍


0 comments:
Post a Comment