ភ្នំពេញៈ នៅមិនទាន់បន្សាបការសង្ស័យរបស់មហាជនបានផង ពីរឿងស្នេហាក្រៅឆាកពេលនេះក៏លេចធ្លាយដំណឹងថានាយ ពែកមី និងអ្នកនាង ខ្ញុងនឹងដឹកដៃចេញទៅលម្ហែកាយបែបលលកញីឈ្មោលនៅលើទឹកដីកោះអូស្រ្តាលីតែពីរនាក់។ យ៉ាងណា តារាកំប្លែងដែលដិតដាមថា ជាប់ចំណងស្នេហ៍ក្រៅឆាកនោះ ពួកគេមិនបានបដិសេធចំពោះដំណើរនេះឡើយប៉ុន្តែពួកគេអះអាងថា មិនមែនទៅក្នុងលក្ខណៈគូស្នេហ៍នោះទេ។
ថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ពីទឹកដីកំណើតខេត្តស្វាយរៀងតារាកំប្លែងកំពុងមានប្រជាប្រិយភាពក្នុងអាជីពសិល្បៈកំប្លែងនាយ ពែកមី បានប្រាប់ថា៖«នៅពាក់កណ្តាលខែសីហាខាងមុខនេះ ខ្ញុំនិងអ្នកនាង ស្រេងសុកាន់ដាហៅខ្ញុងពិតជាដឹកដៃគ្នាហោះហើរឆ្លងទ្វីបឆ្ពោះទៅដែនកោះអូស្រ្តាលីមែន»។ តារាកំប្លែងដែលមុននេះ ល្បីថាជាប់គុករូបនេះ បានអះអាងថា៖«ទៅនោះមិនមែនទៅតែពីរនាក់ខ្ញុង និងខ្ញុំដូចគេថានោះទេ គឺទៅនោះរួមដំណើរវត្តមានតារាកំប្លែងរបស់ស៊ីធីអិន៣នាក់គឺមានវត្តមានកូនលោក តាវិចទ័រនាងនីឡាទៅជាមួយដែរ»។
ផ្ទុយពីដំណើរចេញក្រៅប្រទេសរបស់តារាសិល្បៈឯទៀតដែលចេញទៅក្រៅប្រទេសម្តងៗ ក្រៅពីមានការងារផ្ទាល់ខ្លួននោះ ពួកគេទៅក៏លុះណាតែមានការអញ្ជើញពីស្ពន់ស័រទៅសម្តែងទើបពួកគេមានឱកាសប៉ុន្តែដោយឡែកតារាកំប្លែងនាយ ពែកមីនិងនាងខ្ញុងគឺទៅទីនោះ ដោយមិនមានស្ពន់ស័រណាហៅពួកគេឲ្យទៅស៊ីឈ្នួលច្រៀងរាំឬសម្ដែងដូចពួកតារាឯទៀតនោះឡើយ។
នាយ ពែកមី បានបញ្ជាក់ថា៖«ពួកខ្ញុំទៅអូស្រ្តាលីនោះ មិនមែនទៅសម្តែងតាមគម្រោងស្ពន់ស័ររៀបចំនោះឡើយ គឺទៅតាមការអញ្ជើញរបស់បងធម៌នៅទីនោះ ឲ្យពួកខ្ញុំទៅដើរលេងលម្ហែកាយរយៈពេលកន្លះខែ»។
នាយ ពែកមី បានបន្ថែមថា៖«បងធម៌នៅប្រទេសអូស្រ្តាលីគាត់ស្រឡាញ់រាប់អានពួកខ្ញុំហើយចង់ជួបមុខពួកខ្ញុំ ក៏ហៅពួកខ្ញុំទៅឲ្យទៅលេងផ្ទះគាត់កន្លះខែ មិនមែនពួកខ្ញុំបណ្តើរគ្នាទៅដើរលេងដូចគេថា ទៅសាងស្នេហ៍អីទេ »។
យ៉ាងណាដំណើរចេញក្រៅប្រទេសរបស់នាយ ពែកមីនោះត្រូវបានគេកត់សម្គាល់ថា នេះជាដំណើរជើងដំបូងបង្អស់សម្រាប់ជីវិតនាយ។ មានចម្ងល់ថា ចុះបើមានបងធម៌ហៅទៅដើរលេងអ៊ីចឹង ម៉េចក៏មិននាំប្រពន្ធកូនទៅជាមួយចាំបាច់អីនាំតែនាង ខ្ញុងទៅនោះ? ទាក់ទិននឹងចម្ងល់របស់មហាជនដ៏គួរឲ្យរសើបនោះ នាយ ពែកមី បានពន្យល់ថា៖«ខ្ញុំចង់ណាស់នាំប្រពន្ធកូនទៅលេងក្រៅប្រទេស តែនេះខាងបងធម៌គាត់ហៅឲ្យតែខ្ញុំខ្ញុងនិងក្មួយនីឡា។ បើគាត់អនុញ្ញាតឲ្យខ្ញុំនាំប្រពន្ធកូនទៅជាមួយនោះខ្ញុំក៏មិនទៅតែឯង នាំឲ្យគេគិតថា ខ្ញុំទៅសាងស្នេហ៍ជាមួយខ្ញុងដូចគេថាទេ»។
ប៉ុន្តែយ៉ាងណា នាយ ពែកមី បានបញ្ជាក់ផងដែរថា៖«តាមការអញ្ជើញនោះក៏មានការសម្តែងតិចតួចដែរ ព្រោះបងធម៌គាត់ក៏បានរៀបចំខ្លះដែរ តែមិនសម្តែងធំដុំទេ ព្រោះពួកគាត់ចង់ឃើញពួកខ្ញុំសម្តែងផ្ទាល់»។
ជាមួយគ្នានោះនាង ខ្ញុងបានឲ្យដឹងដែរថា៖«នៅថ្ងៃទី១៥-១៦ខែសីហានេះ ខ្ញុំនឹងចេញទៅកាន់ប្រទេសអូស្រ្តាលីជាមួយបងពែកមីនិងមានវត្តមានក្មួយស្រីនីឡាផងដែរ»។ នាងបញ្ជាក់ថា៖«ការពិតនោះ បងស្រីធម៌នោះ គាត់គឺជាថៅកែសម្អាងការ សុខគា ប៊ូតា ហ្នឹងគាត់ស្រឡាញ់ពួកខ្ញុំដូចប្អូនគាត់ កន្លងមកគាត់បានទិញផ្ទះឲ្យពួកខ្ញុំ ទើបមិនអាចរំលងទឹកចិត្តដ៏ប្រពៃរបស់គាត់បាន»។
ដោយឡែក នាងខ្ញុង ក៏បានបដិសេធថា មិនដូចអ្វីដែលមហាជនគិតនោះឡើយ គឺនាងនិងនាយ ពែកមី មិនបណ្តើរគ្នាទៅសាងស្នេហ៍នោះទេ។
នាងបានបញ្ជាក់ថា៖«ខ្ញុំក្លាយខ្លួនជាស្រ្តីមេម៉ាយខ្ញុំស្គាល់ហើយរសជាតិជីវិតស្រ្តីដូចគ្នាថាតើមុននឹងក្លាយខ្លួនបែបនេះខ្ញុំឈឺចាប់បែបណាពីប្តីហើយខ្ញុំក៏មិនធ្វើទង្វើនេះ ដោយសារតែខ្ញុំនាំឲ្យស្រ្តីដូចគ្នាឈឺចាប់នោះដែរ»។
ប៉ុន្តែនាងបានអះអាងថា នាងមិនខ្វល់អ្នកណាថា យ៉ាងម៉េចនោះទេ ដោយបានបញ្ជាក់ថា៖«ពេលនេះសំខាន់ពួកខ្ញុំទាំងពីរបើគេកាន់តែចាប់អារម្មណ៍នោះពួកខ្ញុំក៏កាន់តែល្បីដែរ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍.
Read more: www.cambodiapage.info


0 comments:
Post a Comment