គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:13 AM
ភ្នំពេញៈ នៅ​ពេល​រដ្ឋសភា​អាណត្តិ ទី៥ បើក​សម័យ​ប្រជុំ​លើក​ដំបូង ក្នុង​រយៈ​ពេល ២ ខែ​ទៀត វា​នឹង​ក្លាយ​ជា​អ្វី​ដែល​ពុំ​ធ្លាប់​កើត​មាន​កាល​ពី​មុន​មក។
ដោយសារ​តែ​ការ​ចង​សម្ព័ន្ធភាព​រដ្ឋាភិបាល​ចម្រុះ​ជាច្រើន​លើក​រវាង គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន​ដែល​កាន់​អំណាច ចាប់​ផ្តើម​ពី​ការ​បោះឆ្នោត​លើក ទី១​ក្នុង​ឆ្នាំ ១៩៩៣ ពុំ​ដែល​មាន​ប្រព័ន្ធ​គណបក្ស​តែ​ពីរ​ខ្លាំង​ក្លា​ក្នុង​សភា​បែប​នេះ​ទេ។ ក្នុង​រយៈ​ពេល​ជាង ២០ ឆ្នាំ​មក​នេះ គណបក្ស​ប្រជាជន ទទួល​បាន​អាសនៈ​បន្ថែម​ជាប់​ជានិច្ច ចំណែក​ឯ​គណបក្ស ហ៊្វុនស៊ិនប៉ិច វិញ បាន​ធ្លាក់​ចុះ​សំឡេង​ជា​បន្ត​បន្ទាប់ ហើយ​ឥឡូវ​នេះ​បាន​បាត់​សំឡេង​ពី​រដ្ឋសភា​ទាំង​ស្រុង​តែ​ម្តង ហើយ​គណបក្ស​ប្រឆាំង ដែល​ទើប​តែ​រួម​បញ្ចូល​គ្នា បាន​កើន​សំឡេង​ជិត​ទ្វេ​ដង។
ច្បាស់​ណាស់ គណបក្ស​ប្រជាជន នៅ​តែ​រក្សា​ចំនួន​ភាគ​ច្រើន ដែល​នៅ​តែ​អាច​បង្កើត​រដ្ឋាភិបាល​តែ​ម្នាក់​ឯង​បាន ប៉ុន្តែ​គណបក្ស​នេះ មិន​អាច​ជិះ​សេះ​លែង​ដៃ​បាន ដូច​កាល​ពី​អាណត្តិ​មុន​ទៀត​ទេ។
អ្នក​វិភាគ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ប៉ុន្តែ ប្រសិន​បើ​គណបក្ស​ប្រជាជន មាន​ក្តី​សង្ឃឹម​បន្ត​ជា​គណបក្ស​រឹង​មាំ​មួយ ពួកគេ​ត្រូវ​តែ​ផ្លាស់​ប្តូរ​ពី​របៀប​របប​នៃ​ការ​ដឹក​នាំ។
លោក David Chandler អ្នក​វិទូ​នៃ​ប្រវតិ្តសាស្រ្ត​កម្ពុជា បាន​ថ្លែង​ថា លទ្ធផល​បឋម​បង្ហាញ​ថា លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន អាច​ត្រូវ​កែ​តម្រូវ​ទម្លាក់​ចោល​នូវ​ទម្លាប់​ចាស់​របស់​ខ្លួន (ការ​ទិញ​សន្លឹក​ឆ្នោត ពាក្យ​បណ្តឹង សាលា​ដាក់​ឈ្មោះ​ខ្លួន) ដើម្បី​បំពេញ​នូវ​អ្វី​ដែល​ជា​ការ​ផ្លាស់​ប្តូរ របស់​ប្រជាជន​ចំពោះ​នយោបាយ។ លោក​បន្ត​ថា​៖«ខ្ញុំ​សង្ស័យ​ថា មាន​ការ​មិន​ពេញ​ចិត្ត​ថែម​ទៀត ជាមួយ​នឹង​គណបក្ស​ប្រជាជន ដែល​សម្តែង​តាម​រយៈ​សន្លឹក​ឆ្នោត​ជា​សម្ងាត់ ដែល​លោក ហ៊ុន សែន បាន​រំពឹង​ទុក ប្រសិន​បើ​មិន​មាន​ការ​កែប្រែ​ទម្លាប់​ចាស់»។
តាម​ពិត ខណៈ​ដែល​គណបក្ស​ប្រជាជន​បាន​ចំណាយ​ពេល​វេលា និង​ធនធាន​យ៉ាង​ច្រើន ធ្វើ​យុទ្ធនាការ​ឃោសនា អួត​អំពី​ស្ថិរភាព និង​ការ​សន្យា​ផ្តល់​ផ្លូវ សាលា​រៀន និង​វត្ត​ថ្មីៗ​បន្ថែម​ទៀត មាន​សញ្ញា​បង្ហាញ​ថា គោល​នយោបាយ​បែប​នេះ​ពុំ​មាន​អត្ថន័យ ចំពោះ​ប្រជាជន​ជា​ច្រើន​នាក់​ឡើយ។
បើ​ទោះ​បី​ជា​គណបក្ស​កាន់​អំណាច ទទួល​បាន​សំឡេង​ច្រើន​ដាច់​ខាត ក្នុង​រដ្ឋសភា ដោយ​តួលេខ​ដំបូង​បង្ហាញ​ថា ទទួល​បាន ៦៨ អាសនៈ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទទួល​បាន ៥៥ អាសនៈ គឺ​គណបក្ស​ប្រជាជន​ឈ្នះ​តិច​តួច​បំផុត បើ​គិត​ពី​សំឡេង​ឆ្នោត​ប្រជាជន។ បើ​យោង​តាម​អង្គការ​តម្លាភាព​អន្តរជាតិ បាន​ឲ្យ​ដឹង​ថា គណបក្ស​ប្រជាជន យក​បាន​តែ ៤៨,៥ ភាគរយ ចំណែក​ឯ​គណបក្ស​សង្គ្រោះ​ជាតិ​បាន ៤៤,៤ ភាគរយ។
គណបក្ស​ប្រជាជន ឈ្នះ​ច្រើន ដោយ​សារ​ឈ្នះ​ខេត្ត​ចំនួន ៩ ដែល​មាន​អាសនៈ​តែ​មួយ ប៉ុន្តែ​ពួកគេ​មិន​អាច​បំពេញ​ចិត្ត​អ្នក​បោះឆ្នោត​ចំនួន​ច្រើន​នោះ​បាន​ទេ។ ទាំង​អស់​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ ស្ថិត​ក្នុង​ស្ថានការណ៍​មិន​ស្រួល ប្រសិន​បើ​ពួក​គេ​ចង់​រក្សា ឬ​បន្ត​គ្រប់​គ្រង​អំណាច នៅ​ពេល​ការ​បោះឆ្នោត​ឃុំ សង្កាត់ ឆ្នាំ ២០១៧ ខាង​មុខ។
លោក កែម ឡី អ្នក​វិភាគ​នយោបាយ​ឯករាជ បាន​ថ្លែង​ថា៖ «ពួក​គេ​មិន​ចង់​ប្រឈម​នឹង​បញ្ហា​ម្តង​ទៀត​ទេ ក្នុង​ការ​បោះឆ្នោត​លើក​ក្រោយ។ ពួកគេ​ដឹង​អំពី​របៀប​ដឹក​នាំ​របស់​ខ្លួន​កំណែ​ទម្រង់រ​បស់​ខ្លួន ការ​អភិវឌ្ឍ​សង្គម​ពុំ​បំពេញ​សេចក្តី​ត្រូវ​ការ​របស់​ប្រជាជន​ទេ»។ ដូច​លោក Chandler ដែរ​លោក កែម ឡី បាន​ព្យាករណ៍​ថា៖ «ពួកគេ នឹង​ពិចារណា​ឡើង​វិញ លើ​គោល​នយោបាយ​របស់​ខ្លួន ដោយ​ដាក់​បញ្ចូល​គោល​នយោបាយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ទៀត»។
តើ​ត្រូវ​តែ​រួម​គ្នា​ឬ?
បន្ទាប់​ពី​ការ​បោះឆ្នោត​ឆ្នាំ ២០០៣ ទាំង​គណបក្ស ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ប្រជាជន ពុំ​ទទួល​បាន​សំឡេង​ភាគ​ច្រើន ២ ភាគ ៣ ទេ ហើយ​ស្ថានការណ៍​ជាប់​គាំង​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​បាន​បន្ត​មាន សម្រាប់​រយៈ​ពេល ១១ ខែ។
រដ្ឋាភិបាល​ចម្រុះ ដែល​បង្កើត​ឡើង​នៅ​ទី​បំផុត បាន​ធ្វើ​ការ​កែប្រែ​ធំ​លើ​រដ្ឋ​ធម្មនុញ្ញ​ដែល​ដាក់​បញ្ចូល​នូវ បញ្ញតិ្ត​កែ​ប្រែ​លក្ខខណ្ឌ​សំឡេង​ភាគ​ច្រើន ដើម្បី​បង្កើត​រដ្ឋាភិបាល​មក​ត្រឹម​តែ​សំឡេង ៥០ បូក ១។
សព្វ​ថ្ងៃ​នេះ សំឡេង ២ ភាគ ៣ គឺ​ត្រូវ​ការ​សំឡេង​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ប៉ុន្តែ សេចក្តី​សម្រេច​ភាគ​ច្រើន​ដទៃ​ទៀត ត្រូវ​ការ​តែ​សំឡេង ៥០ បូក ១ ប៉ុណ្ណោះ។
បើ​ទោះ​បី​វា​មិន​ចាំ​បាច់​ក៏​ដោយ ក៏​ប៉ុន្តែ គណបក្ស​ទាំង​ពីរ​នឹង​ស្វែង​រក​ចំណុច​កណ្តាល​ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​ចូល​រួម​ខ្លាំង​ក្លា ពី​គណបក្ស​ប្រឆាំង បើ​ទោះ​បី​ជា​គណបក្ស​ប្រជាជន នៅ​រក្សា​អំណាច​ក៏​ដោយ។ អ្នក​វិភាគ​បាន​បន្ថែម​ថា ប៉ុន្តែ បើ​ទោះ​បី​ជា​ការ​ចែក​រំលែក​អំណាច អាច​ជា​គន្លឹះ ដើម្បី​បង្កើត​រដ្ឋាភិបាល​កាន់​តែ​មាន​ផលិតភាព និង​ឯកភាព​ក៏​ដោយ ក៏​ប៉ុន្តែ​គ្មាន​គណបក្ស​ណា​មួយ ចង់​សហការ​គ្នា​ទេ។
ថ្លែង​ក្នុង​សន្និសីទ​សារ​ព័ត៌មាន កាល​ពី​ព្រឹក​ម្សិលមិញ លោក ឈាង វុន អ្នក​នាំ​ពាក្យ​រដ្ឋសភា មក​ពី​គណបក្ស​ប្រជាជន បាន​ថ្លែង​ថា លទ្ធផល​បាន​បង្ហាញ​ថា ពុំ​ចាំ​បាច់​ធ្វើ​ការ​សម្រប​សម្រួល​នយោបាយ​ទេ។ លោក វុន បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​អាច​និយាយ​ទេ ប៉ុន្តែ​តាម​រដ្ឋ​ធម្មនុញ្ញ គណបក្ស​ប្រជាជន មាន​សិទិ្ធ​ទទួល​បាន​តំណែង [ប្រធាន​គណៈកម្មាធិការ​អចិន្រៃ្តយ៍​ទាំង ៩] ព្រោះ​យើង​មាន ៦៨ អាសនៈ។ យើង​មាន​សំឡេង​ភាគ​ច្រើន​៥០ បូក ១​ហើយ​ប្រសិន​បើ​មាន​ការ​សម្រប​សម្រួល​ចែក​រំលែក​អំណាច ពី​សម្តេច​ទាំង​បី នេះ​គឺ​ផ្អែក​លើ​អាកប្បកិរិយា​របស់​គណបក្ស​ប្រឆាំង»។
វា​ហាក់​ដូច​ជា​មិន​អាច​ទេ​បន្ទាប់​ពី​ធ្វើ​ជា​គូ​ប្រជែង​ដ៏​ជូរចត់​រយៈ​ពេល ១៥ ឆ្នាំ​មក គណបក្ស​កាន់​អំណាច និង​គណបក្ស​ប្រឆាំង​មិន​អាច​រួប​រួម​គ្នា​បាន​ឡើយ។
បន្ទាប់​ពី ប្រកាស​ថា គណបក្ស​សង្គ្រោះ​ជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត ហើយ​អំពាវនាវ​ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​លើ​ការ​បោះឆ្នោត លោក សម រង្ស៊ី ប្រធាន​គណបក្ស បាន​បង្ហាញ​គោល​ជំហរ​របស់​ខ្លួន​យ៉ាង​ច្បាស់​។ លោក​បាន​ថ្លែង​ថា៖ «​យើង​មិន​ស្នើ​សុំ​នេះ សុំ​នោះ ដើម្បី​ចរចា​តំណែង​ក្នុង​រដ្ឋាភិបាល​ចម្រុះ​ទេ យើង​មិន​ចាប់​អារម្មណ៍​ទេ​»។
លោក Milton Osborne ប្រវតិ្តវិទូ បាន​ចង្អុល​បង្ហាញ​ថា ប៉ុន្តែ​បើ​ទោះ​បី​ជា​ពួកគេ អាច​ធ្វើ​ការ​ចោទ​ប្រកាន់​ខ្លាំងៗ​ក៏​ដោយ ក៏​ប៉ុន្តែ ទី​បំផុត​ឥទិ្ធពល​របស់​ពួកគេ​មាន​កម្រិត​ទាប​បំផុត។ លោក​បាន​បន្ត​ថា៖ «វា​សំខាន់​ត្រូវ​ទទួល​ស្គាល់​ថា រដ្ឋាភិបាល បន្ត​កាន់​អំណាច​ដោយ​សុខ​ស្រួល បើ​ទោះ​បី​ធ្លាក់​ចុះ​សំឡេង​ក៏​ដោយ»។
លោក​បាន​បន្ថែម​ថា៖«គណបក្ស​ប្រជាជន គ្រប់​គ្រង​កម្លាំង​ប្រដាប់​អាវុធ និង​សេវា​សាធារណៈ ហើយ​ជាក់​ស្តែង លោក ហ៊ុន សែន និង​ក្រុម​របស់​លោក នឹង​ខិតខំ​រក​មធ្យោបាយ ដើម្បី​រក្សា​អំណាច​របស់​ខ្លួន ប្រសិន​បើ​ចាំ​បាច់ ដោយ​ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ»។
សឹង​តែ​ច្បាស់​ណាស់ ការ​ផ្លាស់​ប្តូរ​គោល​នយោបាយ​ទាំង​នោះ នឹង​តម្រង់​គោល​ដៅ​មក​ខាង​ក្នុង និង​ខាង​ក្រៅ។ រយៈ​ពេល​ប្រហែល ២៤ ម៉ោង បន្ទាប់​ពី​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​គណបក្ស​កាន់​អំណាច គេ​ពុំ​ទាន់​មើល​ឃើញ​លោក ហ៊ុន សែន ចេញ​មុខ​ជា​សាធារណៈ​នៅ​ឡើយ​ទេ។ ទន្ទឹម​នឹង​នេះ​សមាជិក​ជាន់​ខ្ពស់​បំផុត​ពុំ​បាន​និយាយ​អ្វី​ទេ ដែល​ខុស​ពី​ធម្មតា ដោយ​ជាប់​រវល់​ក្នុង​កិច្ច​ប្រជុំ​ជា​ច្រើន ដែល​អាច​កំពុង​សម្រេច​ពី​ជោគ​វាសនា​របស់​គណបក្ស។
លោក Carlyle Thayer អ្នក​វិទ្យាសាស្រ្ត​នយោបាយ បាន​ព្យាករ​ថា ច្បាស់​ណាស់ គណបក្ស​ប្រជាជន​មាន​ការ​បន្ទោស​ផ្ទៃ​ក្នុង។ «វា​នឹង​ជា​ការ​សាក​ល្បង​ពិតៗ ថា​តើ​គណបក្ស​ប្រជាជន​កម្ពុជា អាច​រួម​គ្នា ឬ​ក៏​អាច​ក្លាយ​ជា​ស្ថាប័ន​បែក​បាក់​មួយ»។
ចំពោះ លោក ឈាង វុន វិញ បាន​ថ្លែង​ថា ការ​បោះឆ្នោត បាន​ធ្វើ​ឲ្យ​កម្ពុជា​ឆ្ពោះ​ទៅ​ទិស​ដៅ​ត្រឹម​ត្រូវ ដូច​ប្រទេស​ប្រជាធិបតេយ្យ​នៅ​ទូទាំង​ពិភពលោក​»។ លោក​បាន​ថ្លែង​ថា៖ «តាម​ទស្សនៈ​ខ្ញុំ​វា​ចាំ​បាច់​ត្រូវ​មាន​ការ​ចូល​រួម​រឹង​មាំ​ពី​គណបក្ស​ប្រឆាំង ជា​ពិសេស ក្នុង​រដ្ឋសភា»៕ TK
រាយការណ៍​បន្ថែម​ដោយ ជាង សុខា និង ឆាយ ច័ន្ទនីដា   ភ្នំពេញ ប៉ុស្តិ៍


0 comments:

Post a Comment