គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:15 AM
កម្លាំង​សាមគ្គី» ឬ​កម្លាំង​នៃ​ការ​ពួត​ដៃ​រួប​រួម​គ្នា​ដើម្បី​កសាង​អ្វី​មួយ​គឺ​ពិត​ជា​មាន​ឥទ្ធិពល និង​ថាមពល​សម្បើម​ហើយ​វា​អាច​បង្កើត​ផល​វិជ្ជមាន​បាន​ច្រើន ក្នុង​ដំណើរ​នៃ​ការ​កសាង​អ្វី ដែល​ជា​សេចក្តី​ប្រាថ្នា​នោះ។
គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស ដែល​បាន​សាមគ្គី​គ្នា​ជា​កម្លាំង​តែ​មួយ ឥឡូវ​នេះ​កំពុង​មាន​សន្ទុះ​ខ្លាំង​ក្នុង​ដំណើរ​បដិវត្តន៍ នៃ​នយោបាយ​ខ្មែរ ដោយ​ពួក​គេ​បាន​និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​គគ្រឹក​គគ្រេង​ពី​ប្រជា​ពលរដ្ឋ។ គួរ​ឲ្យ​សរសើរ លទ្ធផល​នៃ​កម្លាំង​សាមគ្គី​នេះ​ណាស់ ព្រោះ​វា​ពិត​ជា​មាន​ថាមពល​ខ្លាំង​មែន​។ នៅ​ក្នុង​ដំណើរ​ជីវិត​ខ្មែរ​ដើម្បី​ជីវិត​រស់​នៅ ក្នុង​ភាព​មាំ​ទាំ​តកូន​តចៅ ជនជាតិ​ខ្មែរ​គួរ​តែ​មាន​ចក្ខុ​វិស័យ​គ្រប់​គ្រាន់ ក្នុង​ការ​បង្កើត​កម្លាំង​សាមគ្គី​ដ៏​ចាំ​បាច់​នេះ​។ ព្រោះ​វា​មិន​ពិបាក​ទាល់​តែ​សោះ បើ​ខ្មែរ​គ្រប់​រូប​គ្រាន់​តែ​តាំង​ចិត្ត​ស្រឡាញ់​យោគ​យល់​គ្នា ហើយ​ចេះ​ជួយ​ឈឺ​ឆ្អាល និង​ជួយ​ជ្រោម​ជ្រែង​គ្នា ពេល​ខ្មែរ​មាន​ទុក្ខធុរៈ នៅ​គ្រប់​កាលៈទេសៈ។
យើង​ដឹង​ហើយ​ថា គឺ​សមាជិក​ទាំង​អស់ ក្នុង​គ្រួសារ​យើង​ហ្នឹង​ហើយ ជា​សម្លាញ់​ជិត​ដិត​របស់​យើង ជា​ឈាម​ជ័រ​របស់​យើង ជា​អ្នក​ដែល​នឹង​ស្រក់​ទឹក​ភ្នែក យំ​យែក​ជាមួយ​យើង​ពេល​យើង​មាន​ទុក្ខ​។ ដូច្នេះ​យើង​ត្រូវ​តែ​សាមគ្គី​រួប​រួម​គ្នា ចាប់​តាំង​ពី​ពេល​នេះ​តទៅ​គឺជា​ពេល​ដែល​ទំព័រ​ថ្មី​នៃ​ប្រវត្តិសាស្ត្រ ខ្មែរ​កំពុង​បើក​ឡើង​ហើយ​។ យើង​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ទើប​យើង​បាន​សុខ​។ ខ្ញុំ​អង្គុយ​ខាង​មុខ​កុំព្យូទ័រ នឹក​ស្រមើ​ស្រមៃ​សញ្ជឹង​គិត​មើល ពី​ព្រឹត្តិការណ៍​ដែល​កន្លង​ទៅ​នៅ​ស្រុក​ខ្មែរ គឺ​ពេល​ដែល​ខ្មែរ​ក្រហម​ចូល​ស្រុក ហើយ​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​លន្លង់​លន្លោច នឹក​ខ្លោច​ផ្សា​សោក​ស្តាយ​មហា​សោក​ស្តាយ ក្នុង​ដំណើរ​វិនាសកម្ម​នៃ​ជនជាតិ​ខ្មែរ​ដែល​យើង​ស្ទើរ​តែ​រលាយ​បាត់​ពី ផែន​ទី​ពិភពលោក​។
ខ្ញុំ​គិត​ថា ពេល​នោះ បើ​សិន​ជា​ខ្មែរ​ក្រហម និង​ខ្មែរ​ជំនាន់​លោក​សេនា​ប្រមុខ​លន់ នល់ ឱប​ក្រសោប​ត្រូវ​រ៉ូវ​គ្នា បង្កើត​បាន​ជា​សាមគ្គី​ភាព ដ៏​រឹង​មាំ​រវាង​ខ្មែរ​និង​ខ្មែរ ហើយ​ចាប់​ផ្តើម​កសាង​ជាតិ ដូច​សម័យ​បច្ចុប្បន្ន តើ​យើង​នឹង​លូត​លាស់​ដល់​កម្រិត​ណា​ទៅ​ក្នុង​រវាង​សាម​សិប​ឬ​សែ​សិប​ឆ្នាំ ក្រោយ​មក​។ ទាហាន​ខ្មែរ​ក្រហម និង​ទាហាន​លោក លន់ នល់ ដែល​សុទ្ធ​តែ​ជា​ខ្មែរ ទាំង​អស់​គ្នា​នៅ​ភូមិ​ស្រុក​ទេស​ជាមួយ​គ្នា ក៏​នឹង​ចាប់​ផ្តើម​ឈរ​ជើង​ការពារ​ទឹក​ដី តាម​ព្រំដែន ពី​ចុង​ខ្សែ​ខាង​លិច ទៅ​ដល់​ចុង​ខ្សែ​ខាង​កើត ហើយ​យើង​នឹង​មិន​មាន​វិបត្តិ​ព្រំដែន​ដូច​សព្វ​ថ្ងៃ​នេះ​ឡើយ​។ ប៉ុន្តែ គួរ​ឲ្យ​ស្តាយ​សាមគ្គីភាព របស់​ខ្មែរ​គឺ​គ្មាន​ទេ​ពេល​នោះ។ មាន​តែ​ការ​បំផ្លិច​បំផ្លាញ​ជាតិ​សាសន៍​ឯង យ៉ាង​ក្តៅ​គគុក​យ៉ាង​សែន​វេទនា​ដូច​ចុះ​នរក ចំពោះ​ជីវិត​មនុស្ស​មួយ​នគរ ចាស់​ក្មេង​ប្រុស​ស្រី​រាប់​លាន​នាក់។
មនុស្ស​អាក្រក់​នឹង​មាន​ជោគជ័យ​សើច​ហ៊ោ​សប្បាយ​ហៀរ​ទឹក​មាត់ តែ​វា​ជា​កំហុស​របស់​មេ​ដឹក​នាំ​ខ្មែរ​ទូទៅ​ទាំង​ស្រុង ក្នុង​ការ​ដែល​ជាតិ​ខ្មែរ​ត្រូវ​ធ្លាក់​ក្នុង​អន្លង់​មរណៈ​ជា​អវសាន។ យើង​គួរ​ទទួល​ស្គាល់​ការ​ពិត​ដែល​ថា ក្នុង​សង្គម​ខ្មែរ​គឺ​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​យើង​ពុំ​មាន​កម្លាំង​សាមគ្គី​រឹង​មាំ​ទាល់​តែ​សោះ ក្នុង​ចំណោម​ជនជាតិ​យើង ក្នុង​ដំណើរ​នៃ​ការ​ថែរក្សា និង​អភិវឌ្ឍ​ប្រទេស​ជាតិ​ឲ្យ​បាន​ថ្កុំ​ថ្កើង​។ ពាក្យ​ថា​ថ្កុំ​ថ្កើង គឺ​មាន​ន័យ​ថា ជា​ការ​មាន​បាន​និង​ដុះ​ដាល​ប្រកប​ដោយ​មោទនភាព​និង​កិត្តិយស​ក្នុង​សង្គម ជាតិ​។ ខ្មែរ​យើង​អត់​មាន​ទេ​មោទនភាព​ពិត​ប្រាកដ និង​កិត្តិយស​ជាតិ​នោះ។
មក​ដល់​ជំនាន់​នេះ​ហើយ​នៅ​មាន​រាស្ត្រ​ខ្មែរ មួយ​ចំនួន​ធំ​កំពុង​រង​ទុក្ខ​វេទនា​ដោយ​អំពើ​ពុករលួយ អយុត្តិធម៌ បាត់បង់​អស់​ដី​ធ្លី​ផ្ទះ​សម្បែង និង​ជីវភាព​ប្រចាំ​ថ្ងៃ​។ រាស្ត្រ​យំ​ស្រែក​ដោយ​ការ​សង្កត់​សង្កិន​ពី​(រដ្ឋាភិបាល​)ដែល​ពួក​គេ (បាន) បោះឆ្នោត​ជូន​។ បរទេស​ទាំង​ជិត​ទាំង​ឆ្ងាយ គេ​ស្គាល់​ចរិត​មេ​ដឹក​នាំ ខ្មែរ ហើយ​គេ​ប្រមាថ​មើល​ងាយ​ដោយ​សារ​គេ​មើល​ឃើញ​ថា កម្លាំង​ប្រាជ្ញា​នៃ​មេ​ដឹក​នាំ​កម្ពុជា​ទាំង​ទាប​ទាំង​ខ្ពស់​គឺ​ទន់​ខ្សោយ។
ប្រសិន​បើ​ខ្មែរ​មាន​សាមគ្គីភាព តាំង​ពី​ជំនាន់​ខ្មែរ​ក្រហម​ចូល​ស្រុក មក​ទល់​សព្វ​ថ្ងៃ​នេះ ម៉្លេះ​ខ្មែរ​នឹង​ពុំ​ជួប​ប្រទះ​បញ្ហា​ដ៏​គ្រោត​គ្រាត​ទាំង​នេះ​សោះ​ឡើយ​។ ព្រោះ​សាមគ្គីភាព​ពិត​ជា​បាន​និង​កំពុង​ធ្វើ​ឲ្យ​ខ្មែរ​រឹង​មាំ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​បរទេស​ដែល​វា​បង្កើត​ជា​គុណ​បំណាច់ ពិបាក​ដោះស្រាយ។
ការ​ដែល​ខ្មែរ​ពុំ​អាច​រក​ឃើញ​សាមគ្គីភាព​ក្នុង​សង្គម​ទាំង​មូល​គឺ​ដោយសារ​ខ្មែរ​វង្វេង​ក្នុង​សុភមង្គល រុងរឿង​ថ្កុំ​ថ្កើង ផ្ទាល់​ខ្លួន​និង​ក្រុម​គ្រួសារ​កូន​ចៅ​ផៅសន្តាន​។ អស់​លោក​ស្រឡាញ់​ជាតិ​ណាស់​ដែរ​តែ​ទំនាញ​នៃ​សេចក្តី​ស្នេហា ចំពោះ​សុភមង្គល​នៃ​គ្រួសារ​ផ្ទាល់​ខ្លួន គឺ​កំពុង​តែ​បាំង​សតិសម្បជញ្ញៈ​អស់​លោក មិន​ឲ្យ​មើល​ឃើញ​ភាព​អាប់​ឱន​និង​គ្រោះថ្នាក់​ដែល​នឹង​ធ្លាក់​លើ​ជាតិ​សាសន៍​ខ្មែរ ហើយ​ជាតិ​សាសន៍​នេះ​អាច​នឹង​បាត់​បង់​ទៅ​នៅ​ក្នុង​ជំនាន់ មួយ ហើយ​ក៏​គ្មាន​នរណា ទៅ​គាស់​ឆ្អឹង​កំពុក​របស់​អស់​លោក​ពី​ក្នុង​ដី​មក​ធ្វើអ្វី​កើត​ដែរ​។ លោក ប៉ុល ពត ជា​ខ្មែរ​ដែល​ស្រឡាញ់​ខ្មែរ ប៉ុន្តែ​មាន​កំហុស​ដ៏​សែន​ធំ ចំពោះ​ជាតិ​សាសន៍​នេះ តែ​គាត់​បាត់​រូប​បាត់​ស្រមោល​ទៅ​ហើយ គ្មាន​នរណា​ទៅ​ធ្វើ​អ្វី​លោក​បាន​ទៀត​ទេ​។ សូម​ខ្មែរ​រក​សាមគ្គីភាព អមតៈ​ឲ្យ​ឃើញ​ហើយ​រក្សា​ទុក​ឲ្យ​គង់វង្ស៕៚
ដោយ ជូ លាងហាក់ ពី​សហរដ្ឋ​អាមេរិក អ៊ីមែល hakchou@hotmail.com  ភ្នំពេញ ប៉ុស្តិ៍

0 comments:

Post a Comment