ភ្នំពេញៈ បន្ទាប់ពីបានធ្វើការតវ៉ាអស់មួយព្រឹកនៅថ្ងៃអង្គារនេះ ក្រុមពលរដ្ឋសហគមន៍បឹងកក់បានដើរសម្រុក មកតវ៉ានៅមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែនវិញ ដើម្បីស្នើសុំឲ្យលោកអន្តរាគមន៍ ជួយដោះស្រាយបញ្ហាដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគេ។ ការតវ៉ានៅព្រឹកនេះ ក្រុមសមត្ថកិច្ចក៏បានប្រើអំពើហឹង្សា សារជាថ្មី ដូចកាលម្សិលមិញ និងបានរារាំងពួកគេមិនឲ្យធ្វើដំណើរមកតវ៉ានៅមុខផ្ទះលោកនាយករដ្ឋមន្ត្រី។ ការរារាំងរបស់ក្រុមសមត្ថកិច្ចមានគ្នាជិត១០០នាក់ ប្រដាប់ដោយខែល និងដំបង បានបណ្តាលឲ្យពួកគេ ដួលសន្លប់ខ្លះ។
ការប៉ះទង្គិចកាលពីម្សិលមិញក៏បានបណ្តាលឲ្យស្ត្រីមានគ៌តម្នាក់ រលូតដែរ។
ការតវ៉ាបានចាប់ផ្តើមសារជាថ្មីកាលពីម្សិលមិញនៅមុខសាលារាជធានីភ្នំពេញ និងបានធ្វើការបិទផ្លូវនៅមុខនោះ ដើម្បីទាមទារឲ្យអាជ្ញាធរពន្លឿននីតិវិធីដោះស្រាយ ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃរបស់ពួកគាត់ ឲ្យបានសម្រេចមុនថ្ងៃបោះឆ្នោតមកដល់។
ក្រុមអ្នកភូមិបឹងកក់ នៅរសៀលថ្ងៃអង្គារនេះ បានសម្រុកមកដល់និងកំពុងឈរតវ៉ានៅច្បារវត្តបុទុម នៅម្តុំដែលគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចកំពុងធ្វើការឃោសនាបោះឆ្នោត។
សូមរង់ចាំអានព័ត៌មានពិស្តារក្នុងកាសែតភ្នំពេញប៉ុស្តិ៍

