គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

8:51 PM
មាត្រា៧៧ នៃ​ច្បាប់​ស្តីពី​ពន្ធនាគារ​បានចែង​ថា «​ក្នុងករណី​ចាំបាច់​ប្រមុខ​រាជរដ្ឋាភិបាល​មាន​បុព្វសិទ្ធិ​ធ្វើសំណើ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ឲ្យ​ទណ្ឌិត​នៅពេលណា​ក៏បាន​។​»​។​ ​
ដោយសារ​មិនទាន់មាន​ច្បាប់​ថ្មី​មក​ជំនួស​ទាក់ទង​នឹង​នីតិវិធី​នៃ​កា​រលើ​លែង​ទោស ឬ​បន្ធូរ​បន្ថយទោស​ឲ្យ​ទណ្ឌិត​ទាំងឡាយ​នោះ​ទើប​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​ប្រើប្រាស់​ក្រឹត្យច្បាប់​លេខ២៨ក្រ ចុះ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៨៨ ស្តីពី​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស​ជា​ធរមាន​នៅឡើយ​។​ ​មាត្រា២នៃ​ក្រឹត្យច្បាប់​លេខ២៨ក្រ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​១៩៨៨ ស្តីពី​ការលើកលែងទោស និង​បន្ធូរ​បន្ថយទោស​បានចែង​ថា «…​ទណ្ឌិត​ទាំងឡាយណា​អាច​នឹងត្រូវ​លើកលែងទោស​បាន លុះត្រា​ទណ្ឌិត​ទាំង​នោះបាន​ទទួលរង​ទោស ២/៣ នៃ​ទោស​ដាក់ពន្ធនាគារ​មានកំណត់ ឬ​បាន​ទទួលរង​ទោស១៥ ឆ្នាំ ចំពោះ​ទោស​ដាក់ពន្ធនាគារ​មួយជីវិត​។​»​។​ ​
និយាយ​ដោយឡែក ឯកឧត្តម សម រង្ស៊ី អតីត​ប្រធាន​គណបក្ស សម រង្ស៊ី «​បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​» ដែលជា​គណបក្សនយោបាយ​ប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា បាន​ក្លាយជា​ទណ្ឌិត ដោយ​ត្រូវបាន​តុលាការ​សម្រេច​ផ្តន្ទាទោស​តាម​អំណាច​សាលដីកា​លេខ ៣២ ចុះ​ថ្ងៃទី ០១ ខែមីនា ឆ្នាំ​២០១១ របស់​តុលាការ​កំពូល និង​សាលដីកា​ស្ថាពរ​លេខ៨៤ «​ក្រ III ឃ​» ចុះ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ​២០១១ របស់​សាលាឧទ្ធរណ៍​ក្រោម​សម្ពាធ​នៃ​បណ្តឹង​របស់​រាជរដ្ឋាភិបាល​កម្ពុជា គ្រប់គ្រង​អំណាច​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​។​ ​ទោះបី​ឯកឧត្តម សម រង្ស៊ី បាន​ក្លាយជា​ទណ្ឌិត​ក្តី ប៉ុន្តែ​ទណ្ឌិត​រូបនេះ​មិនបាន​ទទួលរង​ទោស «​អនុវត្តន៍​ទោស​» ឡើយ ពីព្រោះ​ឯកឧត្តម សម រង្ស៊ី បាន​និរទេស​ខ្លួន​ទៅ​បរទេស​តាំងពី​អំឡុង​ឆ្នាំ​២០០៩មកម្ល៉េះ​។​ ​
អនុលោម​តាម​មាត្រា២ នៃ​ក្រឹត្យច្បាប់​លេខ២៨ ក្រ ចុះ​ថ្ងៃទី២០ ខែមិថុនា ឆ្នាំ​១៩៨៨ ស្តីពី​ការលើកលែងទោស និង​ការបន្ធូរបន្ថយ​ទោស គឺ​តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី ដែល​ក្លាយជា​ទណ្ឌិត​ត្រូវ​ទទួលរង​ទោស​ចំនួន ២/៣ នៃ​ទោស​ដាក់ពន្ធនាគារ​សិន ទើប​អាច​ត្រូវ​លើកលែងទោស​បាន​។ ករណីនេះ ធ្លាប់​ត្រូវបាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​ព្រះរាជណាចក្រ​កម្ពុជា មានប្រសាសន៍​បញ្ជាក់​ជា​ញឹកញយ​ដង​រួចមកហើយ កាលពីពេល​នៅ​ខឹងសម្បា​នឹង​ឯកឧត្តម សម រង្ស៊ី​។​ ​
ផ្ទុយទៅវិញ កាលពី​ថ្ងៃទី១២ ខែកក្កដា ឆ្នាំ​២០១៣ កន្លងទៅ​ថ្មីៗ​នេះ តាម​សំណើសុំ​របស់ «​សម្តេច​តេ​ជោ​សែន​» ឯកឧត្តម សម រង្ស៊ី ដែល​ក្លាយជា​ទណ្ឌិត​ត្រូវបាន​ព្រះមហាក្សត្រ​ឡាយព្រះហស្តលេខា​លើ​ព្រះរាជក្រឹត្យ​លើកលែងទោស​ជា​ស្ថាពរ​រួចហើយ ខណៈដែល​ឯកឧត្តម សម រង្ស៊ី មិនបាន​ទទួលរង​ទោស​ក្នុង​ពន្ធនាគារ​មួយ​នាទី ឬមួយ​ម៉ោង​ណា​ឡើយ​។​ ​
មជ្ឈដ្ឋាន​អ្នកច្បាប់ បានធ្វើការ​ពន្យល់ថា ការលើកលែងទោស​ជូន​ឯកឧត្តម សម រង្ស៊ី គឺ​មិនបាន​អនុវត្តន៍​ស្របទៅតាម​ច្បាប់​ទេ ប៉ុន្តែ​បែរជា​អនុវត្តន៍​ទៅតាម​ឆន្ទានុសិទ្ធិ​អំណាច​របស់ «​សម្តេច​តេ​ជោ​សែន​» ទៅវិញ​។ ពោលគឺ ច្បាប់​ដែល​យកមកប្រើ​សម្រាប់​លើកលែងទោស​ឲ្យ​ឯកឧត្តម សម រង្ស៊ី អាស្រ័យ​នៅលើ​មាត់​និយាយ និង​ដៃ​ចុះហត្ថលេខា​របស់ «​សម្តេច​តេ​ជោ​សែន​» សុទ្ធសាធ​ដោយ​ឥត​ប្រកែក​បាន​។​
​ឥឡូវ ក្រោយពេល​ឯកឧត្តម សម រង្ស៊ី ទទួលបាន​ការលើកលែង​ទោស​ទាំងស្រុង​ហើយៗ​គ្រោង​នឹងធ្វើ​មាតុភូមិនិវត្តន៍​ចូលមក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី១៩ ខែកក្កដា ២០១៣ ខាងមុខ​នោះ មជ្ឈដ្ឋាន​នានាបាន​ចោទ​ជា​សំណួរ​ថា តើ​ឯកឧត្តម សម រង្ស៊ី អាច​យកមក​វិញ​បាន​នូវ​អ្វីៗ ដែល​បាត់បង់​មុនពេល​ទទួលបាន​ការលើក​លែង​ទោស​ដែរឬទេ ជាអាទិ៍​៖ សមាជិកភាព​នៃ​គណៈមេធាវី និង​សិទ្ធិ​នៃ​ការ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​? ​
ពាក់ព័ន្ធ​នឹង​សំណួរ​ដែល​បាន​ចោទសួរ​នេះ​ត្រូវបាន​ក្រុមអ្នកច្បាប់​ធ្វើការ​ពន្យល់​បកស្រាយ​ដូចតទៅ​៖

១- ករណី​ចង់​ក្លាយជា​សមាជិកភាព​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​វិញ គឺ​ឯកឧត្តម សម រង្ស៊ី អាច​ប្រើប្រាស់សិទ្ធិ​ប្តឹងទៅ​សាលាឧទ្ធរណ៍​ក្នុង​រយៈពេល២ខែ ប្រឆាំងនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​គណៈមេធាវី ដែល​បាន​លុបឈ្មោះ​ឯកឧត្តម​ចេញពី​បញ្ជី​គណៈមេធាវី គិត​ចាប់​ពីថ្ងៃ​ទទួលដំណឹង​ ស្របតាម​មាត្រា២៥នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី «​គណៈមេធាវី​លុបឈ្មោះ​ចេញពី​បញ្ជី​នៅ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ​២០១៣»​។ ចំណុច​នេះ​ឯកឧត្តម សម រង្ស៊ី អាចមាន​សង្ឃឹម​នឹង​ទទួលបាន​មកវិញ​នូវ​សមាជិកភាព​នៃ​គណៈមេធាវី ដោយ​យក​ហេតុផល​នៃ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ធ្វើជា​ព័ស្តុតាង​ការពារ​ក្នុង​បណ្តឹងតវ៉ា​។​
២- ករណី​ចង់​ទទួលបាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត​ឡើងវិញ ដើម្បី​បានធ្វើ​ជា​អ្នកតំណាងរាស្ត្រ ឬ​ធ្វើជា​នាយករដ្ឋមន្ត្រី​នៅពេល​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំណាងល្អ​បានឈ្នះ​ឆ្នោត​នៅក្នុង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី ៥ ខាងមុខ​។ រឿងនេះ អាច​និយាយបានថា​ជាការ​លំបាក​ផង ឬ​ជាការ​ងាយស្រួល​ផង ពីព្រោះ​បើ​សំអាង​លើផ្លូវ​ច្បាប់​គឺ​ឯកឧត្តម សម រង្ស៊ី ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត «​គ​.​ជ​.​ប​» លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​អស់​ទៅហើយៗ​រយៈពេល​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាជាថ្មី​ក៏​ហួស​ដែរ​។
ទោះជា​យ៉ាងនេះ​ក្តី ចំណុច​សំខាន់​គឺ​វា​អាចទៅរួច ឬ​ប្រសើរ​ឡើងវិញ​បាន​អាស្រ័យ​លើ​សិទ្ធិអំណាច​សម្រេច​របស់ «​សម្តេច​តេ​ជោ​សែន​» តែ​ម្នាក់​ប៉ុណ្ណោះ ដ្បិត​ការលើកលែងទោស​ជូន​ឯកឧត្តម សម រង្ស៊ី ក៏​មិនចាំបាច់​ពឹងផ្អែក​ទៅ​ច្បាប់​ដែរ​។​
សរុបសេចក្តី​មក ក្តីសង្ឃឹម​ទាំងឡាយ ដើម្បី​មានឱកាស​សង្គ្រោះ​ជាតិ​ក្នុងនាម​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​របស់​ឯកឧត្តម សម រង្ស៊ី គឺ​អាស្រ័យ​លើ «​សម្តេច​តេ​ជោ​សែន​» តែ​ម្នាក់​ទាំងស្រុង​៕​
samrainsy7
ប្រភពពីដើមត្នោត