ភ្នំពេញ: អង្គការតម្លាភាពកម្ពុជា បានធ្វើការផ្សព្វផ្សាយរបាយការណ៍ស្ទង់មតិមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៣ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ស្តីអំពីអំពើពុករលួយនៅក្នុងស្ថាប័នចំនួន៤ ក្នុងប្រទេសកម្ពុជា រួមមាន ស្ថាប័នតុលាការ ប៉ូលិស មន្ត្រីសាធារណៈ និងគណបក្សនយោបាយ ។
លទ្ធផលនៃរបាយការសំរាប់វាស់វែង អំពីអំពើពុករលួយជាសកល របស់អង្គការតម្លាភាពអន្តរជាតិប្រចាំឆ្នាំ២០១៣ ដែលចេញផ្សាយនៅថ្ងៃនេះ បានរកឃើញថា ស្ថាប័នចំបងចំនួន៤ នៅក្នុងប្រទេសកម្ពុជា ដែលពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយខ្លាំងជាងគេ រួមមានៈ ស្ថាប័នតុលាការ ប៉ូលិស មន្ត្រីសាធារណៈ និងគណបក្សនយោបាយ។ លទ្ធផលនេះ គឺផ្អែកលើការស្ទង់មតិរបស់ប្រជាពលរដ្ឋកម្ពុជា អំពីបញ្ហាអំពើពុករលួយ។
លទ្ធផលនេះ បានបង្ហាញថា ៦៥% នៃអ្នកផ្តល់បទសម្ភាសន៍ទាំងអស់ បានសូកប៉ាន់មន្ត្រីតុលាការ និងប៉ូលិស ៦២% ដល់មន្ត្រីចុះបញ្ជីអត្រានុកូលដ្ឋា និង៥៧% ដល់មន្ត្រីពាក់ព័ន្ធនឹងសេវាកម្មដីធ្លី។ លើសពីនេះទៅទៀត អ្នកផ្តល់សម្ភាសន៍ចំនួន៣៨% បានសូកប៉ាន់ដល់មន្ត្រីសុខាភិបាល និង៣០% ដល់មន្ត្រីអប់រំ។
លោក ព្រាប កុល នាយប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា “ផ្សាភ្ជាប់ទៅនឹងការបោះឆ្នោតសាកល នៅថ្ងៃទី២៨ខែកក្កដាឆ្នាំ ខាងមុខនេះ យើងសូមលើកទឹកចិត្តឲ្យប្រជាពលរដ្ឋដែលជាអ្នកបោះឆ្នោត យកចិត្តទុកដាក់ទៅលើគោលនយោបាយ ព្រមទាំងការប្តេជ្ញាចិត្តរបស់បេក្ខជន និងគណបក្សនយោបាយនានា ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ”។
លោកបានបន្ថែមថា “យើងទទូចឲ្យរាជរដ្ឋាភិបាលដាក់បញ្ហាអំពើពុករលួយជាអាទិភាពនៅក្នុងផែនការអភិវឌ្ឍន៍ជាតិ និងអនុវត្តឲ្យមានប្រសិទ្ធភាព”។
លោករ័ត្ន សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលអង្គការតម្លាភាពកម្ពុជា បានមានប្រសាសន៍ថា“យើងទទូចសូមឲ្យរដ្ឋាភិបាល ផ្តោតការយកចិត្តទុកដាក់ និងបន្តកិច្ចខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយអំពើពុករលួយនៅក្នុងស្ថាប័នទាំងបួន ដែលបានបង្ហាញខាងលើ ដើម្បីពង្រឹងការទទួលបានយុត្តិធម៌ និងសេវាសាធារណៈសមស្របរបស់ប្រជាពលរដ្ឋកម្ពុជា ដោយមិនចាំបាច់មានការសូកប៉ាន់”។
លទ្ធផលនៃរបាយការសំរាប់វាស់វែងអំពើពុករលួយជាសកលនេះ ក៏បានរកឃើញផងដែរ នូវការយល់ឃើញជាវិជ្ជមានរបស់សាធារណៈជន ដោយក្នុងនោះមានចំនួន៥៧% ជឿថា គំនិតផ្តួចផ្តើមប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលមានប្រសិទ្ធភាព។ លើសពីនេះទៀត ៨១% នៃអ្នកដែលបានសម្ភាសន៍ ជឿថា សាធារណៈជនទូទៅ អាចធ្វើឲ្យមានការផ្លាស់ប្តូរ ហើយជាង៨០% ក៏បានបង្ហាញនូវឆន្ទៈរបស់ខ្លួន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។ ឧទាហរណ៍ ៨៣% នៃអ្នកឆ្លើយតប មានឆន្ទៈក្នុងការចុះហត្ថលេខាលើញត្តិ ៨៨% នឹងចូលរួមក្នុងការតវ៉ាដោយសន្តិវិធី ហើយ៨៦%ចូលរួមក្នុងសកម្មភាពរបស់ស្ថាប័នប្រឆាំងអំពើពុករលួយ និង៨៦% ពេញចិត្តក្នុងការចំណាយបន្ថែមទៀត ទៅលើទំនិញដែលជារបស់ក្រុមហ៊ុននានា ដែលមិនប្រព្រឹត្តអំពើពុករលួយ។
សូមបញ្ជាក់ថា កាស្ទង់មតិនៃរបាយការណ៍សំរាប់វាស់វែងអំពើពុករលួយជាសកលប្រចាំឆ្នាំ២០១៣ របស់អង្គការតម្លាភាពអន្តរជាតិ ត្រូវបានធ្វើឡើងក្នុងប្រទេសចំនួន១០៧ ដែលមានប្រជាជនចំនួន ១១៤.២៧០នាក់ បានចូលរួមផ្តល់បទសម្ភាសន៍ទាក់ទងទៅនឹងទស្សនៈ និងបទពិសោធន៍របស់ពួកគេ ចំពោះអំពើពុករលួយនៅក្នុងប្រទេសរបស់ខ្លួន។ សំរាប់ប្រទេសកម្ពុជា លទ្ធផលនេះ បង្ហាញថា ស្ថាប័នដែលបានបង្កើតឡើង ដើម្បីការពារពលរដ្ឋ ដើម្បីផ្តល់នូវយុត្តិធម៌ និងដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ត្រូវបានមើលឃើញជាសាធារណៈថា កំពុងតែរំលោភបំពានសិទ្ធិអំណាចរបស់ខ្លួន។
ក្នុងន័យនេះ អង្គការតម្លាភាពកម្ពុជា ទទូចសូមរដ្ឋាភិបាលកម្ពុជា អនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាពបន្ថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ដោយអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដែលមានស្រាប់ ព្រមទាំងធ្វើឲ្យមានការចួលរួមកាន់តែច្រើន ពីសំណាក់សាធារណៈជននូវរាល់កិច្ចខិតខំប្រឹងប្រែង ក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ៕
ប្រភពពី CEN

