ប្រទេសថៃ ៖ យ៉ាងហោចណាស់ មនុស្សចំនួន ១៩នាក់បាន ស្លាប់បាត់បង់ជីវិត និង២០នាក់ផ្សេងទៀត បានរងរបួសនៅក្នុងគ្រោះថ្នាក់ចរាចរ ដោយរថយន្ដក្រុង ដឹកអ្នកដំណើរ បុកជាមួយរថយន្ដ កាម៉ាសដឹកស៊ីម៉ងត៍ ហើយផ្ទុះឆេះ កាលពីព្រឹកថ្ងៃអង្គារ ទី២៣ ខែកក្កដា ឆ្នាំ២០១៣ ស្ថិតនៅកណ្ដាលទីប្រជុំជន នៃខេត្ដសារ៉ាបុរី ។
មន្ត្រីផ្នែកសង្គ្រោះបន្ទាន់ ក្នុងទីក្រុងបាងកកបានថ្លែងថា ជនរងគ្រោះដែលស្លាប់ ១៩នាក់ ក្នុងនោះម្នាក់ ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និង២០នាក់ ទទួលរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរ ដែលបានកើតឡើង កាលពីព្រឹកថ្ងៃអង្គារនេះ ។ រថយន្ដក្រុងបានធ្វើដំណើរពីទីក្រុងបាងកក ឆ្ពោះទៅកាន់តំបន់ រោយអ៊ីត លុះពេលមកដល់ចំណុចកើតហេតុ ត្រូវរថយន្ដកាម៉ាស់ដឹកស៊ីម៉ង់ត៍ បើកបុកហើយផ្ទុះឆេះតែម្ដង ។
នៅកន្លែងកើតហេតុ គេឃើញរថយន្ដ៣គ្រឿង បានរងការឆេះ នៅសល់តែគ្រោងដែក ហើយប៉ូលិសបានចាប់ខ្លួនអ្នកបើកបររថយន្ដ កាម៉ាស់ដឹកស៊ីម៉ង់ត៍ ដែលបាត់បង់ម្ចាស់ការ ហើយបង្កគ្រោះថ្នាក់ដ៏រន្ធត់នេះ ។ ប៉ូលីសបានបញ្ជាក់ថា រថយន្ដដឹកស៊ីម៉ង់ត៍ បានបើករំលោភច្បាប់ចរាចរណ៍ ទៅបុកជាមួយរថយន្ដក្រុង ហើយរថយន្ដផិកអាប់ មួយគ្រឿងទៀតដែលបើកបរពីក្រោយរថយន្ដក្រុងនោះ ក៏ទទួលរងគ្រោះដំណាលគ្នាតែម្ដង ៕
ប្រភពពី វត្តភ្នំ

