នៅក្នុងពាក្យបណ្ដឹងរបស់តំណាង ក្រុមនិស្សិតសាកលវិទ្យាល័យUME មានឈ្មោះ ស្រ៊ាន សុខផានិត ភេទប្រុស អាយុ២២ឆ្នាំ, ឈ្មោះយឹម សុខលី ភេទប្រុស និងឈ្មោះ អូន ប៊ុនតឹម ភេទប្រុស អាយុ ១៩ឆ្នាំ បានរៀបរាប់ថា កាលពីថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៣ លោក គា វី (ហៅ គា សុវណ្ណដារា)ដែលអះអាងថាជាប្រធាន សាខាអង្គការមនុស្សធម៌ដើម្បីអភិវឌ្ឍន៍ ខេត្ដកំពង់ចាម បានប្រកាសជ្រើសរើស បុគ្គលិកស្ម័គ្រចិត្ដ ប៉ុន្ដែបុរសរូបនេះ(គា វី)បាននិយាយថា បើចង់ក្លាយជាបុគ្គលិក ពេញសិទ្ធិ ត្រូវបង់ប្រាក់ចាប់ពី១០០ដុល្លារ ទៅ៣០០ដុល្លារ ដើម្បីរៀបចំឈ្មោះបញ្ជូនទៅថ្នាក់លើទទួលស្គាល់ ទើបជាបុគ្គលិក ពេញសិទ្ធិ ហើយបុរស គា វី ថែមទាំង បានសន្យាថា នឹងផ្ដល់ប្រាក់ខែក្នុងមួយខែ ១១០ដុល្លារទៀតផង ។
ពាក្យបណ្ដឹងរបស់ពួកគេបានរៀបរាប់ ទៀតថា ពេលនោះពួកគេមានគ្នាចំនួន ៥៣នាក់ ចង់ធ្វើជាបុគ្គលិកពេញសិទ្ធិ ដោយត្រូវបង់លុយជូនលោក គា វី ក្នុង ម្នាក់ៗពី១០០ដុល្លារទៅ៣០០ដុល្លារ។ ប៉ុន្ដែមកដល់ថ្ងៃកំណត់ គឺប្រធានសាខា អង្គការមួយនេះមិនបានបើកប្រាក់ខែឱ្យ ពួកគេទេ ដោយសន្យាថ្ងៃនេះថ្ងៃនោះ ពីមួយថ្ងៃទៅមួយថ្ងៃ ទើបចុងក្រោយ ពួកគេសម្រេចចិត្ដប្ដឹងសមត្ថកិច្ចតែម្ដង។
ទាក់ទងនឹងករណីនេះ ឈ្មោះ គា វី ក៏ បានចូលខ្លួនមកដោះស្រាយនៅការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ ដ្ឋាននគរបាលខេត្ដកំពង់ចាមដែរនៅព្រឹក ថ្ងៃទី១៦ខែកក្កដា ជាមួយក្រុមនិស្សិត ។
នគរវត្ដមិនអាចសុំការទាក់ទងសុំការ ពន្យល់ពីឈ្មោះ គា វី ពាក់ព័ន្ធនឹងបណ្ដឹង របស់ក្រុមនិស្សិតសាកលវិទ្យាល័យUME ខេត្ដកំពង់ចាម ពីបទឆបោកប្រាក់របស់ ពួកគេបានទេ ។ ចំណែកថ្នាក់លើរបស់ អង្គការមួយនេះក៏មិនអាចសុំការបំភ្លឺ បានដែរព្រោះពុំមានលេខទូរស័ព្ទ ។ ប៉ុន្ដែ ទោះជាយ៉ាងណាមកដល់ម៉ោង១១និង ៣០នាទីព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៣ ការដោះស្រាយនៅស្នងការដ្ឋាន នគរបាលខេត្ដកំពង់ចាមមិនទាន់ទទួល បានលទ្ធផលនៅឡើយទេ ៕
- ប្រភពពីនគរវត្ត
