គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

2:55 AM
ភ្នំពេញ​ ៖​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣១​ ខែកក្កដា​ ឆ្នាំ​ ២០១៣​ នេះ​ថា​ ភាគី​ជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ (​អ​.​វ​.​ត​.​ក​)​បាន​និង​កំពុង​តែ​ជួប​ប្រទះ​នូវ​កង្វះ​​សាច់ប្រាក់​ដ៏​ធ្ងន់ធ្ងរ​ ហើយ​មន្ត្រី​បុគ្គលិក​ជាតិ​ចំនួន​ជិត​២៥០​នាក់​ចាប់ពី​អ្នកបើកបរ​រហូត​ដល់​ចៅក្រម​​មិន​ទទួល​បាន​ប្រាក់ខែ​របស់​ខ្លួន​រយៈពេល​ជាង​ ២​ ខែ​មក​ហើយ​គឺ​ខែមិថុនា​ និង​ខែកក្កដា​។​ រហូត​មក​​ទល់​ពេល​នេះ​មិន​ទាន់​មាន​ម្ចាស់​ជំនួយ​ណាមួយ​សន្យា​ផ្តល់​វិភាគទាន​បន្ថែម​នៅឡើយ​ទេ​ ខណៈ​កិច្ច​ ខិតខំ​ប្រឹងប្រែង​រក​ដំណោះស្រាយ​លើ​បញ្ហា​កង្វះ​ថវិកា​នេះ​ចេះ​តែ​បន្ត​។​ លោក​ នេត្រ​ ភក្ត្រា​ បាន​បញ្ជាក់​​ថា​ នេះ​គឺជា​ការ​ប្រឈម​ជា​ថ្មី​របស់​ភាគី​ជាតិ​នៃ​ អ​.​វ​.​ត​.​ក​ដែល​គ្មាន​សាច់ប្រាក់​ក្នុង​ការ​ដំណើរ​ការងារ​​របស់​ខ្លួន​។​ លោក​បាន​បន្ត​ថា​ ភាគី​ជាតិ​បាន​ជួប​ប្រទះ​កង្វះ​សាច់ប្រាក់​តាំងពី​ចុងខែ​ឧសភា​មក​ម្ល៉េះ​។​
​មន្ត្រី​នាំពាក្យ​បាន​ថ្លែង​ថា​៖«​ បុគ្គលិក​ជាតិ​ទាំងអស់​បាន​អត់ទ្រាំ​ចំពោះ​ការ​បំពេញការងារ​ដោយ​មិន​ទទួល​បាន​ប្រាក់ខែ​រយៈពេល​ពីរ​ខែ​មក​ហើយ​។​ មន្ត្រី​បុគ្គលិក​ទាំងអស់​នឹង​បន្ត​តស៊ូ​បំពេញការងារ​​ក្នុង​រយៈពេល​ ២​ សបា្ត​ហ៍​ទៀត​ ប្រសិនបើ​គ្មាន​ដំណោះស្រាយ​ណាមួយ​នោះ​ទេ​ ពួក​គាត់​នឹង​អាច​សុំ​​សម្រាក​បណ្តោះអាសន្ន​ពី​ការងារ​នៅ​សាលាក្តី​ដើម្បី​ស្វែង​រកមុខ​របប​ផ្សេង​បណ្តោះអាសន្ន​ដើម្បី​ផ្គត់ផ្គង់​​ជីវភាព​និង​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​រហូត​ដល់​មាន​ដំណោះស្រាយ​លើ​បញ្ហា​ប្រាក់ខែ​»​។​
​វិបត្តិ​ខ្វះ​សាច់ប្រាក់​នេះ​បាន​កើតឡើង​ខ្លាំង​ខណៈ​ដែល​អង្គ​ជំនុំជម្រះ​សាលាដំបូង​នៃ​អ​.​វ​.​ត​.​កបាន​ប្រកាស​ថា​សវនាការ​ ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ច​ពិភាក្សា​ដេញដោល​ក្នុង​សំណុំ​ រឿង​០០២/០១​ នឹង​ចាប់ផ្តើម​ធ្វើ​នៅ​ថ្ងៃ​ទី​ ៩​ ខែ​ តុលា​ ឆ្នាំ​ ២០១៣​ វេលា​ម៉ោង​ ៩​ ព្រឹក​ ហើយនឹង​បន្ត​រហូត​ដល់​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៣​។​ ថ្ងៃ​សវនាការ​ចុង​ក្រោយ​លើ​សំណុំរឿង​០០២/០១​បាន​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​២៣​ខែកក្កដា​ឆ្នាំ​២០១៣​។ចាប់តាំងពី​ចាប់ផ្តើម​បើក​សវនាការ​លើ​អង្គសេចក្តី​នៅ​ថ្ងៃ​ទី​២១​ខែវិច្ឆិកា​ឆ្នាំ​២០១១​រហូត​ដល់​ពេល​នេះ​អង្គ​ជំនុំជម្រះ​សាលាដំបូង​បាន​ដំណើរការ​សវនាការ​ចំនួន​២១២​ថ្ងៃ​។​
​ប្រឈម​មុខ​នឹង​គម្រោង​សុំ​ឈប់​សម្រាក​បណ្តោះអាសន្ន​របស់​មន្ត្រី​បុគ្គលិក​ជាតិ​មួយ​ចំនួន​ធំ​ដោយសារ​តែ​មិន​ទទួល​បាន​ប្រាក់ខែ​នេះ​លោក​នេត្រ​ភក្ត្រា​បាន​ថ្លែង​ថា​ការងារ​ប្រចាំ​ថ្ងៃ​របស់​តុលាការ​នឹង​ត្រូវ​ធានា​ក្នុង​កម្រិត​អប្បរ​មា​បំផុត​នៅ​ក្នុងអំឡុងពេល​នោះ​ដោយសារ​តែ​បុគ្គលិក​មួយ​ចំនួន​ធំ​នឹង​ត្រូវ​សុំ​ឈប់​សម្រាក​ ។​ លោក​បាន​សម្តែង​ការ​ព្រួយបារម្ភ​ថា​ការ​ឈប់​សម្រាក​របស់​មន្ត្រី​បុគ្គលិក​ជាតិ​​ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការងារ​ស្នូល​ដែល​គាំទ្រ​ដល់​ដំណើរការ​របស់​តុលាការ​រួម​មាន​ផ្នែក​ច្បាប់​ផ្នែក​ព័ត៌មានវិទ្យា​ និង​ជា​ពិសេស​ផ្នែក​បកប្រែ​ភាសា​ ដោយសារ​តែ​នៅ​ពេល​នេះ​អង្គ​ជំនុំជម្រះ​សាលាដំបូង​មាន​កិច្ចការ​ជា​ច្រើន​ត្រូវធ្វើ​និង​មានការ​ធ្វើ​សេចក្តីសម្រេច ​និង​ឯកសារ​ជា​ច្រើន​ត្រូវ​បកប្រែ​ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​សវនាការ​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការ​ជំនុំ​ជម្រះក្តី​លើ​សំណុំរឿង​០០២/០១​ នា​ ពេល​ខាង​មុខ​។​
​សាលាក្តី​ខ្មែរក្រហម​ ដែល​មានការ​ចូលរួម​ពី​ភាគី​ជាតិ​ និង​អន្តរជាតិ​អាច​ដំណើរការ​ទៅ​បាន​អា​ ស្រ័យ​លើ​វិភាគទាន​ស្ម​គ្រ​ចិត្ត​ពី​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ​។​ ចាប់តាំងពី​ឆ្នាំ​២០០៦​ រហូត​ដល់​ឆ្នាំ​ ២០១២​ តុលាការ​ចម្រុះ​នេះ​ បាន​ចំណាយ​ប្រាក់​ចំនួន​ ១៧៣,៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​នោះ​ភាគី​ជាតិ​ចំណាយ​​ថវិកា​អស់​ ៤២,១​លាន​ដុល្លារ​អា​មេ​រិ​ក​ និង​ភាគី​អន្តរជាតិ​ចំនួន​ ១៣១,២​លាន​ដុល្លារ​អា​មេ​រិ​ក​។​ សម្រាប់​ ឆ្នាំ​ ២០១៣​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​ឲ្យ​ដឹង​ថា​ ភាគី​អន្តរជាតិ​មាន​គម្រោង​ចំណាយ​ ២៦​ លាន​ដុល្លារ​អា​មេ​រិ​ក​ ហើយ​ភាគី​ជាតិ​គ្រោង​ចំណាយ​ចំនួន​ ៩,៤​លាន​ដុល្លារ​អា​មេ​រិ​ក​។​ លោក​បាន​បន្ត​ថា​ ក្នុង​គម្រោង​ថវិកា​ឆ្នាំ​ ២០១៣​ របស់​ខ្លួន​ ភាគី​ជាតិ​នៃ​សាលាក្តី​ត្រូវការ​ថវិកា​ប្រមាណ​ជា​ ៣,៤​លាន​ដុល្លារ​ អា​មេ​រិ​ក​ថែម​ទៀត​ដើម្បី​ប្រតិបត្តិ​ការងារ​របស់​ខ្លួន​ពី​ខែមិថុនា​ រហូត​ដល់​ដំណាច់ឆ្នាំ​ ២០១៣​។​
មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ លោក​ នេត្រ​ ភក្ត្រា​ បាន​ឲ្យ​ដឹង​ថា​ រដ្ឋបាល​ភាគី​ជាតិ​នៃ​សាលា​ ក្តី​បាន​ធ្វើការ​កែសម្រួល​រចនាសម្ព័ន្ធ​ការងារ​ពី​រចនាសម្ព័ន្ធ​ដែល​ធំ​មក​ជា​រចនាសម្ព័ន្ធ​សម​ល្មម​ ចំណាយ​តិច​ និង​មាន​ប្រសិទ្ធភាព​។​ លោក​បន្ត​ថា​ រដ្ឋបាល​នៃ​អ​វ​តក​មាន​កាតព្វកិច្ច​ក្នុង​ការ​ធានា​ផ្តល់​សេវា​ជា​ អតិបរមា​បំផុត​សម្រាប់​តុលាការ​ ហើយ​ការ​កែសម្រួល​រចនាសម្ព័ន្ធ​តាម​រយៈ​ការ​កាត់​បន្ថយ​មន្ត្រី​បុគ្គលិក​ ១០%​ កាលពី​ចុងខែ​មិថុនា​បាន​ធ្វើ​ឲ្យ​ភាគី​ជាតិ​នៃ​សាលាក្តី​អាច​សន្សំ​សំចៃ​ថវិកា​ប្រមាណ​ ១​លាន​ដុល្លារ​​អា​មេ​រិ​ក​។​ ប៉ុន្តែ​បច្ចុប្បន្ន​ តុលាការ​ជួប​ប្រទះ​កង្វះ​សាច់ប្រាក់​ និង​គ្មាន​ការ​ធានា​ពី​បញ្ហា​ប្រាក់ខែ​របស់​ មន្ត្រី​បុគ្គលិក​ជាតិ​ដែល​បម្រើ​ការងារ​នៅ​ទីនោះ​ ដែល​ជា​បច្ច័យ​មួយ​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ដំណើរ​ ការ​តុលាការ​។​
លោក​បន្ត​ថា​ ដោយសារ​តែ​កង្វះ​មន្ត្រី​បុគ្គលិក​នា​ពេល​ខាង​មុខ​ បើសិនជា​គ្មាន​ដំណោះ​  ស្រាយ​ទេ​ នោះ​វា​អាច​នឹង​ធ្វើ​ឲ្យ​គម្រោងការ​នានា​របស់​អង្គ​ជំនុំជម្រះ​សាលាដំបូង​ក្នុង​ការ​ធ្វើ​សេចក្តី​ សន្និដ្ឋាន​បិទ​បញ្ចប់​សំណុំរឿង​ ០០២/០១​ នៅ​ខែតុលា​ និង​ការ​ប៉ុនប៉ង​ក្នុង​ការ​ប្រកាស​សាលក្រម​លើ​ សំណុំរឿង​នេះ​នៅ​ចុង​ត្រីមាស​ទី​១​ ឆ្នាំ​ ២០១៣​ អាច​នឹង​ត្រូវ​ពន្យារពេល​។​
ជា​ថ្មី​ម្តងទៀត​ មន្ត្រី​នាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បាន​អំពាវនាវ​ដល់​ក្រុម​ប្រទេស​ជំនួយ​ទាំងឡាយ​ បន្ត​ផ្តល់​ការ​គាំទ្រ​ថវិកា​ជូន​ដល់​សាលាក្តី​ខ្មែរក្រហម​ដើម្បី​មាន​ថវិកា​គ្រប់គ្រាន់​អាច​ដំណើរ​ការងារ​របស់​ខ្លួន​ឲ្យ​ចប់​ចុង​ចប់​ដើម​ ៕​
 ប្រភពពីនគរវត្ត
Read more: http://www.cambodiapage.info/kh

0 comments:

Post a Comment