រយៈពេលមួយសប្ដាហ៍ហើយដែលព័ត៌មានចចាមអារាមថា សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា (បច្ចុប្បន្នជាបេក្ខជនតំណាងរាស្ដ្រពេញសិទ្ធិលេខរៀងទី១គណបក្សប្រជាជនកម្ពុជានៅមណ្ឌលរាជធានីភ្នំពេញ) ទទួលរងមរណភាព ត្រូវបានគេបង្ហោះនៅក្នុងបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុក(Facebook) ដ៏មានប្រជាប្រិយភាពនៅកម្ពុជា។
ព័ត៌មានចចាមអារាមដែលអ្នកលេងហ្វេសប៊ុកមួយចំនួនបង្ហោះ និងចែករំលែកព័ត៌មានតៗគ្នានោះ ដូចជាមានភាពច្បាស់លាស់ណាស់ រហូតដល់គេប្រើពាក្យចូលរួមមរណទុក្ខនៃមរណភាពរបស់សម្ដេច ជា ស៊ីម ទៀតផង
ប្រិយមិត្ដអ្នកលេងហ្វេសប៊ុកមួយចំនួនមានការភ្ញាក់ផ្អើល ដោយអ្នកខ្លះក៏ជឿ និងភាគច្រើនមិនជឿ ហើយស្នើសុំឱ្យមន្ដ្រីបម្រើការងារក្នុងស្ថាប័នជាតិចេញមុខបកស្រាយបំភ្លឺបញ្ជាក់ ទាក់ទងនឹងព័ត៌មានចចាមអារាមនេះ ដើម្បីបំបាត់មន្ទិលសង្ស័យ ព្រមទាំងពួកគេបានចាត់ទុកថា ជាការប្រមាថទៅលើអាយុជីវិតរបស់សម្ដេច ជា ស៊ីម និងយកកិត្ដិយសថ្នាក់ដឹកនាំ ស្ថាប័នជាតិមកលេងសើច ។
ការលេចចេញនូវព័ត៌មានចចាមអារាមក្នុងហ្វេសប៊ុកនេះ គឺបន្ទាប់ពីមជ្ឈដ្ឋានទូទៅបានសង្កេតឃើញថា សម្ដេច ជា ស៊ីម មានជំងឺទ្រុឌទ្រោមរហូតដល់ថ្នាក់ដើរខ្លួនឯងមិនបានទាល់តែប្រើរទេះរុញ ឬត្រូវការមនុស្សគ្រាហ៍ជាជំនួយ មានរយៈពេលជាច្រើនខែមកហើយ ។
ឥឡូវនេះ ព័ត៌មានច្បាស់ការណ៍បានបញ្ចេញមកហើយ ដោយឯកឧត្ដមឧត្ដមសេនីយ៍ឯក យឹម លាង ទីប្រឹក្សានិងជានាយករងខុទ្ទកាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នីតិកាលទី៣ បានធ្វើការបំភ្លឺបកស្រាយប្រាប់បណ្ដាញឃោសនា កាលពីថ្ងៃទី២៥ខែកក្កដាឆ្នាំ២០១៣ម្សិលមិញនេះ “សម្ដេចមានសុខភាពល្អប្រសើរហើយៗមុននេះសម្ដេចមានជំងឺផ្ដាសាយ ដោយសារការផ្លាស់ប្ដូរអាកាសធាតុ ។ សម្ដេចនឹងត្រៀមខ្លួនទៅបោះឆ្នោតនៅថ្ងៃអាទិត្យខាងមុខ គឺអ្វីៗមិនដូចពាក្យចចាមអារាមនោះទេ ។” ។
ដោយឡែក តាមការប្រកាសនៅក្នុង Page ហ្វេសប៊ុករបស់ឯកឧត្ដម កឹម គុណវឌ្ឍន៍ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានឱ្យដឹងថា សម្ដេចជា ស៊ីម នឹងទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ០០១ ក្នុងអនុវិទ្យាល័យសុធារស រាជធានីភ្នំពេញនៅថ្ងៃអាទិត្យទី២៨ខែកក្កដាឆ្នាំ២០១៣។
សម្ដេច ជា ស៊ីម ប្រធានព្រឹទ្ធសភានីតិកាលទី៣នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា កើតនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២ (ទទួលបានគោរមងារជាសម្ដេចដោយព្រះរាជក្រឹត្យចុះថ្ងៃទី០៩ខែវិច្ឆិកា ឆ្នាំ១៩៩៣) ទទួលបានគោរមងារជាសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៧/៥០៥ ចុះ ថ្ងៃទី១២ខែតុលាឆ្នាំ២០០៧ និងត្រូវបានតែងតាំងជានាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥នៃកងយោធពលខេមរភូមិន្ទ ដោយព្រះរាជក្រឹត្យលេខនស/រកត/១២០៩/១១៨៨ចុះថ្ងៃទី២១ខែធ្នូឆ្នាំ២០០៩។
ឯកឧត្ដម ឧត្ដមសេនីយ៍ឯក យឹម លាង នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ អត្ដលេខ០០៥១៨២ ត្រូវបានតែងតាំងជាមេបញ្ជាការកងឯកភាពអង្គរក្សសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៩៥៩អនក្រ.តត ចុះថ្ងៃទី១១ខែសីហាឆ្នាំ២០១១ (ជំនួសតំណែងឧត្ដមសេនីយ៍ឯក ឈឿន ចាន់ថន ដែលបានដកចេញ) និងត្រូវបានតែងតាំងជាទីប្រឹក្សា និងជានាយករងខុទ្ទកាល័យសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភានីតិកាលទី៣មានឋានៈស្មើទេសរដ្ឋមន្ដ្រី ដោយព្រះរាជក្រឹត្យលេខនស/រកត/០៤១២/៣១០ ចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១២ ៕
ប្រភពពីដើមត្នោត


0 comments:
Post a Comment