ដោយរលះរលាំងទូរសព្ទ័មករកSabay អោយជួយបំភ្លឺទៅកាន់មតិសាធារណៈនាយពែកមីបាននិយាយប្រាប់ដោយទោមនស្សថា ព័ត៌មានចុងក្រោយស្តីពីការចាប់ខ្លួនលោក បានហើរមកប៉ះត្រចៀកសាមីខ្លួនធ្វើអោយលោកនៅមិនសុខនឹងបាក់ទឹកចិត្តផង។
«សុំបងជួយផ្សាយបំភ្លឺបានឆាប់កាន់តែល្អ!ខ្ញុំអត់ចង់ឮរឿងអញ្ចឹងទេ!កុំអោយគេចេះតែដើរបំភ្លៃការពិត»។
ពេលយុទ្ធនាការឃោសនាបោះឆ្នោតដែលមានសិល្បករសិល្បការិនីជាច្រើនចូលរួមនោះមានពាក្យលើកឡើងតាមទីផ្សារនានាថា តារាកំប្លែងវ័យក្មេងដ៏ល្បីបំផុតនាសម័យកាលនេះ ត្រូវបានចាប់ខ្លួនដោយសារការចូលរួមរបស់លោកនៅក្នុងសកម្មភាពនយោបាយនោះគឺ ពែកមី មកពី CTN។
ប្រធានក្រុមកំប្លែង នាយពែកមី បានច្រានចោលភ្លាមៗចំពោះពាក្យចចាមអារ៉ាមថា ត្រូវបាននគរបាលចាប់ដាក់ពន្ធនាគារ ក្នុងពេលដែលលោកបានចេញឃោសនារកសំឡេងឆ្នោត។
“គេថា ខ្ញុំជាប់គុក មានឯណាបង ខ្ញុំកំពុងតែជាប់រវល់សម្ដែង Concert នៅតាមខេត្ត បងជួយចេញផ្សាយឲ្យខ្ញុំនៅ Sabay ផង មិនមែនជាការពិតនោះទេ កុំឲ្យបងប្អូនគេយល់ច្រឡំ “។ នាយលើកឡើងបែបនេះ មកកាន់គេហទំព័រ Sabayនៅមុននេះបន្តិច។
នាយពែកមី បានបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ន លោកមិនធ្លាប់ជាប់ពាក់ព័ន្ធនឹងបទល្មើសអ្វីមួយ ដែលនាំឲ្យប៉ូលិសចាប់ដាក់គុកនោះឡើយ។ ទទួលបានដំណឹងនេះភ្លាម លោកពិតជា តក់ស្លុតជាខ្លាំង ដែលធ្វើឲ្យលោកអត់ទ្រាំមិនបានត្រូវតែចេញមុខបដិសេធ។
ទោះបីជាទទួលរងនូវពាក្យចចាមអារ៉ាមបែបនេះក្ដី នាយពែកមី មិនបានព្រួយពីការធ្លាក់ប្រជាប្រិយភាពរបស់លោកឡើយ ដោយលោកថា មាសសុទ្ធអត់ខ្លាចភ្លើងនោះទេ។ ទន្ទឹមគ្នានេះនាយមិនមានវិធានការណ៍ផ្លូវច្បាប់ប្ដឹងផ្ដល់ទៅលើករណីនេះឡើយ ហើយនាយបានសំណូមពរដល់ជនដែលបំផុសព័ត៌មាននេះ សូមកុំឲ្យបន្តសកម្មភាពនេះទៀត ព្រោះវាមិនមានប្រយោជន៍នោះឡើយ៕
អត្ថបទ ៖ ខុត សីហា
ប្រភពពីSabay


0 comments:
Post a Comment