សុទ្ធតែជាព្រហ្មលិខិត។ ព្រហ្មលិខិត បានចារមកអ៊ីចឹង។ គឺឲ្យមានអ្នកខ្លាំង អ្នកខ្សោយ មានអ្នក ឆ្លាត អ្នកល្ងង់ មានអ្នកក្រអ្នកមាន មានកើតមានស្លាប់ មានចាប់ផ្តើម មានទីបញ្ចប់។ គ្មានអ្វីស្ថិតស្ថេរនោះទេ។ មើលទៅ អ្នកដែលធ្វើមុខខ្លាចក្រោយ ធ្វើថ្ងៃនេះ ខ្លាចគេគាស់ផ្នូរដូនតាថ្ងៃស្អែក គឺមានតែ ស៊ឺម៉ាអ៊ី ក្នុងរឿង សាមកុក ម្នាក់គត់។ ចំណែកឯស្រុកខ្មែរ ឲ្យតែឈ្នះថ្ងៃនេះ មិនខ្វល់ពីថ្ងៃស្អែកទេចង់នរណាជេរបើកកកាយស្អីនៅថ្ងៃក្រោយ មិនខ្វល់ ធ្វើដូចខ្លួនឯងជាម្ចាស់ព្រហ្មលិខិតអ៊ីចឹង។ ស៊ឺម៉ាអ៊ី សូមខ្មាសអ្នកដឹកនាំស្រុកខ្មែរ។ ស៊ឺម៉ាអ៊ី និយាយថា «អ្នកឆ្លាត សម្ងំធ្វើការងារពិត ក្តោបក្តាប់ឱកាស ចំណែកឯអ្នកល្ងង់ លង់នឹងអំណាច បុណ្យស័ក្តិ ដែលមិនស្ថិតស្ថេរ។ សម្ងំសំលៀងកាំបិត ៣០ឆ្នាំចាំឱកាសកាប់តែមួយដង។ ចិញ្ចឹមទ័ព ១០ ឆ្នាំ រង់ចាំឱកាស សម្រាប់សង្រ្គាមតែមួយថ្ងៃ»។
តាំងពីឆ្នាំ១៩៩៥មកបក្សប្រឆាំងសុខចិត្ត រាយក្រឡាចាញ់ផ្ទួនៗ រង់ចាំរដូវខ្យល់រំហើយបាចអង្កាមបញ្ច្រាសទៅគណបក្សប្រជាជន ទុកឲ្យគណបក្សហ៊្វុនស៊ិនប៉ិចខ្សោះឈាម អាលនឹងត្រងយកកងទ័ព អាវុធ និងស្បៀង យកពេលយកចិត្តរាស្រ្ត បែរជាគណបក្សប្រជាជនមើលមិនឃើញ ឬ ក៏មើលឃើញហើយ តែមើលស្រាលធ្វើមិនដឹង បណ្តោយឲ្យគណបក្សប្រឆាំងអាចរួបរួមគ្នាបាន កងទ័ពកាន់តែច្រើន ពីមួយថ្ងៃទៅមួយថ្ងៃ។ សម្លាប់មួយកើន ១០ គំរាមមិនខ្លាច បន្លាចមិនញិន ទិញមិនលក់ ក្លាហានមោះមុត។ ក្បួនទ័ពទៅដល់ទីណា ស្បៀងធ្លាក់ពីលើមេឃនៅទីនោះ។ បើនេះមិនមែនជាកងទ័ពទេវតា តើជាស្អីទៅ?
បើគណបក្សហ៊្វុនស៊ិនប៉ិចនៅតែខ្លាំងប្រហាក់ប្រហែលជាមួយគណបក្ស សម រង្ស៊ី ម៉្លេះគណបក្សប្រជាជន មានជ័យជម្នះរហូត ដោយធ្វើការផ្លាស់ប្តូរសម្ព័ន្ធភាពរដ្ឋាភិបាល ម្តងគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងគណបក្សសម រង្ស៊ី ពេលនោះ ធ្វើឲ្យម្ចាស់ឆ្នោតច្របូកច្របល់ មិនអាចបែងចែកល្អ និងអាក្រក់ រវាងគណបក្សទាំងបីបានឡើយ។ ធ្វើបែបនេះ គណបក្សប្រជាជននៅបន្តដឹកនាំរដ្ឋាភិបាលរហូត។
ឱកាស ល្អយ៉ាងនេះ បែរជាគណបក្សប្រជាជន មិនអាចក្តោបក្តាប់បាន។ ឈ្នះតែសមរភូមិ មិនឈ្នះចិត្តរាស្រ្ត គ្រប់គ្រងរដ្ឋការ តែបង្កគំនុំក្នុងចិត្តមន្ត្រី។ បំផ្លាញចិត្តស្មោះ បង្កើនចិត្តស្អប់ មានឈ្មោះជាអ្នកបម្រើរាស្រ្តតែលួចប្លន់រាស្រ្ត។ ជាមេគ្រួសារ គ្មានសមត្ថភាព ចិញ្ចឹមរាស្រ្ត បែរជាលក់កេរ្តិ៍អាករដូនតា។ មានចិត្តចង់កាន់កិច្ចការធំបានយូរ តែមានចិត្តមិនដាច់ស្រេច មិនហ៊ានអារកាត់ បែងចែកឲ្យច្បាស់លាស់ពីមនោសញ្ចេតនា និងភារកិច្ច។ ហ៊ានស៊ី តែមិនហ៊ានសង ទទួលតែពាក្យសរសើរ មិនទទួលពាក្យរិះគន់។ សុខចិត្តក្បត់គេ មិនឲ្យគេក្បត់ខ្លួនឯង។ នេះហៅថា បាចអង្កាមបញ្ច្រាសខ្យល់ ពេលវេលាមួយក៏គង់តែនឹងមកដល់ទេ។
មើលចុះ! កូនពេញក្តារអុក បែរជាដើរតាមតែអារម្មណ៍ គ្មានយុទ្ធសាស្រ្ត។ ចាប់កូនលើកដាក់ៗ ដូចជា ការបិទបើក ការផ្សាយបន្តរបស់វិទ្យុខេមរភាសា និងការដេញសមាជិកតំណាងរាស្រ្ត បក្សប្រឆាំង។ នរណាក៏សើច ហៀរទឹកភ្នែកទឹកសម្បោរ ហួសចិត្តដែរ ហើយអ្វីដែលគួរឲ្យហួសចិត្តនោះគឺ គ្រាន់តែគេ(បក្សប្រឆាំង)ឡើងកូនត្រីឲ្យស៊ីភ្លាម គឺស៊ីភ្លែត គ្មានគិតខាត គិតចំណេញអីទេ។ បើនេះ មិនហៅថាល្ងង់ ហៅថាស្អីទៅវិញទៅ? ក្រឡាឈ្នះលើគោក បែរជាដើរឲ្យខូចក្រឡាអស់។ ពេលនេះ លទ្ធផលនៃការបោះឆ្នោត ពិតជាពិបាកប៉ាន់ស្មានណាស់។
គេថា ពេលឡើងត្រី គឺត្រូវតែមានពីរយ៉ាងតិចពីរជាប់គ្នា បើល្អ៣ ឬហៅថា ត្រីទឹមបី ហើយកូនណានៅមុខត្រីទឹម គឺពិតជាគ្រោះថ្នាក់ណាស់ ព្រោះត្រីបកទឹម៣ អាចការពារខ្លួនឯងបាន៥ក្រឡាបួនជ្រុង ហើយអាចការពារគ្នាបានយ៉ាងល្អដែលសូម្បីតែសេះ គោល ទូកក៏ពិបាកចូលដែរ។
គណបក្សប្រជាជនបានមើលស្រាលគូប្រកួត គិតថា ខ្លួនឯងមានទ័ពច្រើនតែសុទ្ធជាទ័ពក្អេងក្អាង ឈ្នះតែលើសមរភូមិដែលគេធ្វើចាញ់ សប្បាយភ្លេចខ្លួន អង្គុយបើកភ្នែកមើល បក្សប្រឆាំង ខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ទ័ពកាន់តែកើន ទឹកចិត្តទ័ពកាន់តែពុះកញ្ជ្រោល។ ក្បួនទ័ពទៅដល់ទីណា រាស្រ្តគាំទ្រទីនោះដែលនេះហៅថា ត្រីទឹមពីរ។ ត្រីទីមួយគឺកងទ័ព(សកម្មជន) ត្រីទី២ គឺប្រជារាស្រ្ត។ ខាងគណបក្សប្រជាជន ក៏ខំឡើងត្រីទឹមដែរ តែសុទ្ធតែត្រូវចំណាយលុយកាក់ សារុង ប៊ីចេង អស់ជាច្រើន ដែលគេហៅថា ជាទ័ពស៊ីឈ្នួល។ ទ័ពស៊ីឈ្នួល ស៊ីមិនឆ្អែត ចិត្តមិននឹង មានតែចំនួនឥតប្រយោជន៍ ឲ្យតែសត្រូវមកដល់ ច្បាស់ជាចុះចូលជាមួយសត្រូវ បែរអាវុធដាក់ម្ចាស់វិញមិនខាន។
គេ ថា មរកត គង់មានរកាំ ថ្វីដ្បិតតែបក្សប្រឆាំងមានកម្លាំងទ័ពស្រួចខ្លាំង តែសុទ្ធតែក្មេងៗ មានចិត្តឆេវឆាវ ឲ្យតែជួបសត្រូវ ដឹងតែពីសម្លាប់បើសម្លាប់មិនបាន ក៏ជេរបញ្ចោរដែរ។ បើធ្វើអ៊ីចឹង តើវាមានអីខុសពីកងទ័ពស៊ីឈ្នួលទៅ?
មេទ័ពគ្រប់តំបន់ទាំងអស់ត្រូវតែសម្រួលក្បួនទ័ពឡើងវិញ។ បើតាំងនាមជាកងទ័ពប្រកាន់សច្ចធម៌លើកស្ទួយរាជបល័ង្ក សង្គ្រោះនគរ គួរតែមានពាក្យសម្ដីថ្លៃថ្នូរ អាកប្បកិរិយាទន់ភ្លន់ តែបើហាមាត់ឡើងជេរ ហាមាត់ឡើង យួន ហា មាត់ឡើង អាក្បត់ជាតិ តើមានកងទ័ពណា ដែលហ៊ានចុះចូលជាមួយទៅ? អ្នកទាំងនោះ បើមិនមែនជាជនបង្កប់ ក៏ជាចោរក្បត់ដែរ គួរតែកាត់ក្បាលភ្លាម។
បើចង់ជួយម្ចាស់ គួរតែទាក់ទាញ ទ័ពសត្រូវឲ្យក្លាយជាមិត្ត ហើយមិត្តក្លាយជាទ័ពស្មោះស្ម័គ្រ ដោយប្រើអាកប្បកិរិយាទន់ភ្លន់ យកទន់បង្រ្កាបរឹង យកទឹកបង្រ្កាបភ្លើង សម្ដីត្រជាក់ តែស៊ីជម្រៅ ប្រកបដោយហេតុផល ហ៊ានស៊ីហ៊ានសង ហ៊ានទទួលត្រូវ ហ៊ានទទួលពាក្យសរសើរ ហ៊ានទទួលពាក្យបន្ទោស រៀនប្រើពាក្យ “បាទ! ចាស!” បង្កើតវប្បធម៌“មិនយក ខ្មែរណាជាសត្រូវ” ទៅតាមគោលការណ៍ម្ចាស់របស់ខ្លួន។ ម្យ៉ាងទៀត ពេលឡើងតែត្រីទៅមុខទុកប្រហោងក្នុងអារាត់អារាយ ពេញក្តារអុក ដូច្នេះកំពុងធ្វើឲ្យអ្នកទស្សនាមានការប្រហោងពោះខ្លាំងណាស់។ បើដើររបៀបនេះ ទ័ពស៊ីឈ្នួលច្បាស់ជាស្ទាក់វាយតាមផ្លូវ ម្តងមួយកង់ៗ ស្លាប់អស់មិនខានឡើយ។
សង្រ្គាមថ្ងៃខាងមុខ (ថ្ងៃបោះឆ្នោត) ជាការសាកកម្លាំងពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលសម្រេចជោគវាសនារាស្រ្តទាំងនគរ ល្អអាក្រក់ សខ្មៅ នឹងត្រូវបែងចែក។ ដូច្នេះ បើមិនអាចឡើងត្រី ១ ទៀត ធ្វើជាត្រីទឹម ៣ គឺលទ្ធផលពិតជាពិបាកប៉ាន់ស្មានណាស់។ ដូច្នេះ តើបក្សប្រឆាំងអាចឡើងកូនត្រី១ទៀតបានឬទេ?
និយាយឲ្យត្រង់ទៅ កូនត្រីទី៣ នោះ គឺជាអ្នកទស្សនា ដែលសុទ្ធតែអ្នកជិះលើទូកក្តារ ជាមួយអ្នកលេង ដែលអ្នកខ្លះជាអ្នកប្រាជ្ញបណ្ឌិត អ្នកមានទ្រព្យធន អ្នកមានកម្លាំង អ្នកក្បួនយុទ្ធសាស្រ្ត ដែលតែងតែយករួចខ្លួន ចេញតែសម្ដី មិនចេញមុខ ចេញមុខ តែមិនចេញសកម្មភាព នេះហើយ។ បើអ្នកទាំងអស់គ្នា មិនជួយស្រែក មិនជួយហ៊ោ គឺច្បាស់ជាអស់លីអូ ម្នាក់ៗជាមិនខានទេ។
ខុងមិញ ដែលដើរតួនៅក្នុងខែ្សភាពយន្ដរឿងសាមកុកបាននិយាយថា«បើចេះតែសម្ងំសុខ បានសុខនោះ គ្រប់គ្នាមិនបាច់ប្រឹងទេ ហើយក៏មិនចាំបាច់មានអ្នកក្លាហានចេញមុខបញ្ចេញសមត្ថភាពអីដែរ។ បើគ្រាន់តែសន្សំសុខ សម្រាប់តែ១០ឆ្នាំឬ ២០ ឆ្នាំនោះ គឺមិនអីទេ តែបើ គិតដល់ ទៅ ៥០ ឆ្នាំ ១០០ ឆ្នាំ ដល់កូនចៅជំនាន់ក្រោយ រាប់តំណ គឺមិនអាចសម្ងំសុខពេលឥឡូវបានទេ គ្រប់គ្នាត្រូវតែប្រឹងប្រែង ក្តាប់ឱកាសពីឥឡូវទៅ»។
មេដឹកនាំ សមាជិក សកម្មជននយោបាយ បានរៀបក្បួនទ័ពចេញជាហូរហែ តែនៅមានអ្នកខ្លះ អង្គុយផឹក កាហ្វេ តែងកំណាព្យ ស្តាប់ភ្លេង សើចចំអកឲ្យអ្នកទាំងអស់នោះទៅវិញ។ បើធ្វើបែបនេះ តើមានអ្វីខុសពីបញ្ញើក្អែកទៅ?
តើទឹកដីខ្មែរកម្ពុជាក្រោមបាត់ដោយរបៀបណា? ឮចាស់ៗនិយាយតៗគ្នាថា បារាំងចង់ធ្វើជំរឿន ថាតើជនជាតិណារស់នៅច្រើនជាងគេ តែខ្មែរយើងចិត្តសឿងស្អប់បារាំងមិនទៅចុះឈ្មោះធ្វើជំរឿនទេ។ ពេលធ្វើជំរឿនចប់សព្វគ្រប់ បារាំងឃើញជនជាតិវៀតណាម មានចំនួនច្រើនជាង ជនជាតិខ្មែរ ក៏ប្រគល់ទឹកដីកម្ពុជាក្រោមឲ្យទៅយួនទៅ។ ទោះបីរឿងនេះពិត ឬមិនពិត ក៏សមហេតុសមផលដែរ។ រឿងនេះ មិនខុសគ្នាទេ បើអស់លោក បញ្ញវន្ត និងអ្នកមានទ្រព្យធន សម្ងំយកតែសុខ គឺមេរៀនប្រវត្តិសាស្រ្តខ្មែរកម្ពុជាក្រោម និងកើតឡើងម្តងទៀត នៅកម្ពុជាកណ្តាលនេះ។
ជំនាន់ ខ្មែរក្រហម តើប្រជាជនស្លាប់ដោយរបៀបណា? គឺដោយសារម្នាក់ៗ សម្ងំយកសុខរៀងៗខ្លួន គ្មានគំនិតរួបរួមគ្នា។ សូម្បីតែក្មេងម្នាក់ ឈរកាន់កាំភ្លើងលើភ្លឺស្រែ ហើយមនុស្សចាស់ កាន់ចបកាប់ រាប់រយនៅលើខ្នងប្រឡាយ មិនហ៊ានទាំងក្អកផង។ គេចាំមើលយើង យើងចាំមើលគេ រហូតដាច់បាយ ត្រូវត្បូងចប ស្លាប់ទាំងអស់គ្នា។
ដូច្នេះបើមានអ្នកស្ម័គ្រស្លាប់នៅសមរភូមិមុខទៅហើយ តើមានអ្វីធ្វើឲ្យយើងរារែកទៀត? ក្បួនទ័ពបានចេញដំណើរហើយ។ អ្នកមានស្បៀង ជួយស្បៀង អ្នកមានល្បិច ផ្តល់ល្បិច អ្នកមានព័ត៌មាន ផ្តល់ព័ត៌មាន អ្នកមានអាវុធ ផ្តល់អាវុធ អ្នកអត់មាន ជួយហ៊ោ ទូងស្គរ ឈរអមដងផ្លូវ ផ្តល់កម្លាំងចិត្តដល់ទ័ព និងអ្នកនៅសមរភូមិមុខ។
មើល ចុះ! ខ្យល់អាគ្នេយ៍សម្រាប់បាចអង្កាមបញ្ច្រាសទៅសត្រូវក៏មកដល់។ កងទ័ពសត្រូវកំពុងតែជ្រួលច្របល់។ បើត្រីបកទាំងបីនេះ មិនអាចឡើងទន្ទឹមគ្នាបានទេ លទ្ធផលសង្រ្គាម(បោះឆ្នោត)ថ្ងៃខាងមុខ ដែលបក្សប្រឆាំងខំសំលៀងកាំបិតសន្សំស្បៀង រើសទ័ព រាយក្រឡាចាញ់ផ្ទួនៗ ជាង១០ឆ្នាំមកនេះ ពិតជាអាណោចអាធ័មមិនខានទេ។ ពេលនោះទាំងទ័ព ទាំងរាស្រ្ត ទាំងមន្រ្តី ច្បាស់ជាត្រូវកងទ័ពស៊ីឈ្នួលអារកបឺតឈាម កាត់ក្បាល វះពោះ ហាលងៀត ដូចត្រីមិនខានទេ។
ជាចុងបញ្ចប់ ខ្ញុំបាទសូមអភ័យទោសសាជាថ្មី ចំពោះកំហុសឆ្គងដោយអចេតនាតាមរយៈអត្ថបទវិភាគ ដែលចេញពីគំនិត និង ចំណេះដឹងស្តួចស្តើង៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍ ដោយ ប៉ែន សុជីវន្ត
