វ៉ាស៊ីនតោន — ស.រ.អា.បានស្វាគមន៍ចំពោះការលើកលែងទោសដល់លោក សម រង្ស៉ី ដើម្បីឲ្យលោកបានវិលត្រឡប់ទៅកម្ពុជាវិញ តែនៅតែទទូចថា ការប្រកួតប្រជែងក្នុងការបោះឆ្នោតចាំបាច់ត្រូវមានការចូលរួមពីលោក សម រង្ស៉ី មេដឹកនាំក្រុមជំទាស់។
លោក សម រង្ស៉ី បានសម្រេចចិត្តនៅសប្តាហ៍នេះចូលទៅប្រទេសកម្ពុជា បើទោះ ជាត្រូវគេចាប់ដាក់គុក១១ឆ្នាំពីបទទាក់ទងនឹងបញ្ហាព្រំដែនក្តី ក្រោយពីលោក និទេរទេសខ្លួនអស់រយៈពេលជាងបីឆ្នាំ។ តែក្រោយមក ការសម្របសម្រួលនយោបាយចុងក្រោយមួយបានកើតឡើងឈានដល់ការលើកលែងទោសលោកនៅក្រោមអ្វីមួយដែលភាគីជម្លោះផ្នែកនយោបាយទាំងពីរគឺលោក សម រង្ស៉ី នៃគណបក្សជំទាស់ និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៃគណបក្សគ្រប់គ្រងប្រទេស បានពន្យល់ស្រដៀងគ្នាថា ជាការបង្រួបបង្រួមជាតិឲ្យមានការបោះឆ្នោតមួយប្រកបដោយសេរី ពហុបក្សតាមបែបប្រជាធិបតេយ្យ។
ទោះជាយ៉ាងណាក៏ដោយ កាលពីថ្ងៃសុក្រនេះក្រសួងការបរទេសស.រ.អា. បាន ស្វាគមន៍ចំពោះការវិលត្រឡប់របស់លោក សម រង្ស៊ី ទៅកម្ពុជា តែចង់ឃើញលោក សម រង្ស៉ី បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។
លោកស្រី ជែន សាគី (Jen Psaki) អ្នកនាំពាក្យក្រសួងការបរទេសស.រ.អា.បានថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងរដ្ឋធានីវ៉ាស៊ីនតោនថា៖ «យើងសុំស្វាគមន៍ការសម្រេចចិត្តទទួលយកសំណើរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសុំឲ្យមានការលើកលែងទោសពីព្រះមហាក្សត្រដល់មេដឹកនាំគណបក្សជំទាស់គឺលោក សម រង្ស៉ី ដើម្បីឲ្យលោកបានវិលទៅកាន់ប្រទេសកម្ពុជាដោយគ្មានការចាប់ដាក់គុក។ យើងអំពាវនាវដល់រដ្ឋាភិបាលប្រទេសកម្ពុជាសម្របសម្រួលឲ្យមានបរិយាកាសប្រកបដោយសុវត្ថិភាពដើម្បីការវិលត្រឡប់របស់លោក សម រង្ស៉ី ហើយអនុញ្ញាតឲ្យលោកចូលរួមក្នុងការបោះឆ្នោតដ៏មានសារៈសំខាន់និងដោយគ្មានការរិតត្បិត»។
លោកស្រីទទូចចង់ឲ្យរដ្ឋាភិបាលកម្ពុជាធ្វើតាមសំណើ១៨ចំណុចរបស់អ្នករាយ ការណ៍ពិសេសអ.ស.ប.ផ្នែកសិទ្ធិមនុស្សគឺលោក សូរីយា ស៊ូប៊ែឌី កាលពីឆ្នាំទៅទាក់ទងនឹងការកែទម្រង់ប្រព័ន្ធបោះឆ្នោត។
បញ្ហាចូលក្នុងប្រទេសរបស់លោក សម រង្ស៉ី ដោយគ្មានការចាប់ខ្លួននោះត្រូវបាន ដោះស្រាយជាជំហ៊ានដំបូងដោយការលើកលែងទោសពីព្រះមហាក្សត្រ ហើយ តែសំណួរដែលក្រុមអ្នកវិភាគកំពុងចោទសួរគឺ ថាតើលោក សម រង្ស៉ី ដែលគណ បក្សសង្រ្គោះជាតិរបស់លោកដាក់ឲ្យឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីដើម្បី តទល់ជាមួយនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះអាចឈរឈ្មោះបានទេ?
លោក គល់ បញ្ញា នាយកអង្គការឃ្លាំមើលការបោះឆ្នោតឈ្មោះថា ខុមហ្វ្រែល បានអះអាងថា ការវិលត្រឡប់របស់លោក សម រង្ស៉ី គ្រាន់តែអាចធ្វើឲ្យស្ថានកាណ៍មានលក្ខណៈប្រសើរខ្លះ តែមិនអាចធ្វើឲ្យការបោះឆ្នោតមានលក្ខណយុត្តិធម៌ទេ បើលោកសម រង្ស៉ីមិនបានចូលរួមប្រកួតដោយផ្ទាល់។
លោកនិយាយថា៖«មានបញ្ហាមួយត្រង់ថា មេដឹកនាំគណបក្សប្រឆាំងហ្នឹងគាត់មិនមែនជាអ្នកប្រកួត បានន័យថា គាត់មិនមែនជាបេក្ខជនប្រកួត។ នេះជាចំណុចខ្វះខាតមួយធំដែរ នៅក្នុងការប្រកួតប្រជែងការបោះឆ្នោតនេះ។ គ្រាន់តែថា គាត់បានមកចូលរួមគាំទ្រគណបក្សគាត់ក្នុងការងារឃោសនា ក្នុងការងារលើកទឹកចិត្តឲ្យអ្នកបោះឆ្នោត មកគាំទ្រគាត់ តែគាត់មិនជាតួប្រកួតដើម្បីឲ្យបានតំណែង ឬអាសនៈជានាយករដ្ឋមន្ត្រី ឬក៏ជាសមាជិកអ្នកតំណាងរាស្ត្រ»។
លោកសម រង្ស៉ីអាចចូលរួមការបោះឆ្នោតបាន ប្រសិនបើមានការសម្រេចចិត្ត ខាងនយោបាយបន្តទៀត ព្រោះការបោះឆ្នោតជារឿងនយោបាយ។ លោកបាន លើកយកឧទារហណ៍នៅក្នុងប្រទេសភូមាមកបញ្ជាក់។ សហគមន៍អន្តរជាតិដែលកំពុងផ្តោតការយកចិត្តទុកដាក់ពីនយោបាយកម្ពុជានេះនឹងមើលឃើញការសម្រេចចិត្តរបស់កម្ពុជាមុនប្រទេសភូមាចំពោះការអនុញ្ញាតឲ្យមេដឹកនាំជំទាស់បានចូលរួមឬមិនបាន។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិច បាន អះអាងថា ការលើកលែងទោសដល់លោក សម រង្ស៉ី ជាការវិវត្តន៍មួយល្អ។
លោកនិយាយថា៖ «ជាការណ៍ពិតបរិបទនយោបាយនៅកម្ពុជា ការចរចាខាងនយោបាយគឺជាការផ្តល់កិត្តិយសដល់ភាគីទាំងសងខាង។ នេះយើងមិននិយាយដល់សម្ពាធទេ។ យើងនិយាយថា ការចរចាខាងនយោបាយបានទម្លាយភាពតានតឹងរវាងគណបក្សជំទាស់ហើយនឹងគណបក្សកាន់អំណាច»។
លោក ពុទ្ធា ហង្ស អះអាងថា សហគមន៍អន្តរជាតិនិងប្រជាពលរដ្ឋអាចធូរស្រាល ចំពោះការលើកលែងទោសដល់លោក សម រង្ស៉ី ជាជំហានសំខាន់ដំបូង។
លោកបន្តថា៖ «ហើយខ្ញុំគិតថា ប្រហែលជាឈានទៅដល់ការដោះស្រាយឲ្យមានឈ្មោះលោកសម រង្ស៉ីនៅក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតនិងឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី»។
លោក សុខ ទូច សាកលវិទ្យាធិការនៃសាកលវិទ្យាល័យមួយបានអះអាងថា លោករំភើបចំពោះការលើកលែងទោសដល់លោកសម រង្ស៉ីដែលចេញពីការសម្រុះសម្រួលនយោបាយ។ លោកអះអាងថា ដំណោះស្រាយនយោបាយដែលភាគីទាំងពីរបានសុខចិត្តសម្របសម្រួលនិងទទួលយកការលើកលែងទោសដោយឈរលើការបង្រួបបង្រួមជាតិ ដោយសន្តិវិធីនេះ នឹងនាំឲ្យខ្មែរមានកិត្តិស័ព្ទហើយវាជាដំណោះស្រាយឈ្នះទាំងអស់គ្នាគឺទាំងប្រជាជននិងប្រជាជាតិខ្មែរ។ លោកបន្ថែមថា អ្នកនយោបាយមានភាពចាស់ទុំផ្នែកនយោបាយក្នុងការរកដំណោះស្រាយដោយសន្តិវិធី មិនប្រើអំពើហិង្សា។ តែលោកថា នៅមានបញ្ហាមួយចុងក្រោយទៀតទាក់ទងនឹងការចូលរួមរបស់លោក សម រង្ស៉ី ក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត ថាតើគ.ជ.ប.នឹងសើរើច្បាប់បានឬយ៉ាងណា។
លោកនិយាយថា៖ «ខ្ញុំជឿជាក់ថា បើដំណាក់កាលនោះនឹងដោះស្រាយបានទៀត យើងជឿជាក់ថា ភាពជោគជ័យនៃអ្នកនយោបាយ ហើយក្រោយពីការបោះឆ្នោតទៅ ពិភពលោកនឹងទទួលស្គាល់អ្វីទៅដែលហៅថា លទ្ធិប្រជាធិតេយ្យដែលកម្ពុជាចេះរកដំណោះស្រាយដោយខ្មែរគ្នាឯង»។
ទោះជាយ៉ាងណាក៏ដោយ លោក ទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានអះអាងថា នីតិវិធីបច្ចុប្បន្ននៃការចុះឈ្មោះបោះឆ្នោតនិងការចុះបញ្ជីបេក្ខជនត្រូវចប់ហើយ។
លោកនិយាយថា៖ «អញ្ចឹងទេតាមច្បាប់ដែលមានជាធរមានគឺគាត់មិនអាចបោះឆ្នោតបាន ហើយមិនអាចឈរឈ្មោះជាបេក្ខជនបានទេ»។
ការប្រែប្រួលយ៉ាងណាទៅមុខទៀតមិនមែនជាសមត្ថកិច្ចរបស់គ.ជ.ប.ទេ។ មេដឹកនាំនយោបាយនានានឹងបន្តពិភាក្សាគ្នាទៀត ក្រោយពេលលោក សម រង្ស៉ី ចូលមកដល់កម្ពុជានៅថ្ងៃទី១៩ ខែកក្កដាឆ្នាំ២១០៣។ គណបក្សនយោបាយចំនួន៨បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៣។ ពលរដ្ឋខ្មែរជាង៩លាននាក់មានសិទ្ធិបោះឆ្នោតដើម្បីជ្រើសអ្នកតំណាងរាស្ត្រក្នុងនីតិកាលទី៥ ហើយនឹងបង្កើតរដ្ឋាភិបាលថ្មីមួយក្រោយលទ្ធផលការបោះឆ្នោត៕
ប្រភពពី វីអូអេខ្មែរ
