ក្រៅពីបានមើលឃើញថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត «គ.ជ.ប» មានប្រព័ន្ធអង្គការចាត់តាំងមិនឯករាជ្យ លម្អៀងទៅរកគណបក្សនយោបាយកាន់កាប់អំណាចដុះស្លែនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជានោះ ឥឡូវប្រជាពលរដ្ឋជាម្ចាស់ឆ្នោតបានធ្វើការរិះគន់ទៅលើ គ.ជ.ប ទៀតហើយថា ធ្វើការខ្ជីខ្ជាបូកសំឡេងឆ្នោតខុសឆ្គង។
ក្រុមអ្នករិះគន់បានលើកឡើងថា ការបូកសំឡេងឆ្នោតខុសឆ្គងដោយ គ.ជ.ប នោះ មកពី គ.ជ.ប មិនចេះកម្មវិធី Excel ប៉ុន្តែពូកែខាងកម្មវិធី Photoshop ដោយធ្វើការកែតួលេខដែលខុសរក្សាទុកត្រា និងថ្ងៃខែឆ្នាំ សំណៅដើមដែលធ្វើឲ្យអ្នកតាមដានកិច្ចការរបស់ គ.ជ.ប ចង់វិលមុខតាម គ.ជ.ប ដែរ។
ព័ស្តុតាងជាក់ស្តែងបានបង្ហាញថា លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅមណ្ឌលខេត្តកណ្តាលដែលទទួលបានពីការិយាល័យបោះឆ្នោតចំនួន ១.៤៣៩ លើចំនួនការិយាល័យសរុប ១.៤៤០ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន ៨ គណបក្សនោះ «គ.ជ.ប ប្រកាសនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ ម្សិលមិញ» ត្រូវបាន គ.ជ.ប បូកលេខឃើញសរុបមានចំនួន ៦៨៤.៧០៧ សំឡេង គឺជាការបូកគណនាលេខខុស ពីព្រោះបើបូកគណនាឲ្យត្រឹមត្រូវស្មើនឹងចំនួន ៦៤៨.៧០៧ សំឡេង។ បន្ទាប់មក គ.ជ.ប បានប្រើល្បិចលួចកែតួលេខដែលខុសតាមកម្មវិធី Photoshop នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០១៣នេះ ដោយរក្សាទុកត្រា និងថ្ងៃខែឆ្នាំដដែល ដើម្បីបំភ័ន្តភ្នែកមជ្ឈដ្ឋានទូទៅកុំឲ្យមើលឃើញថា គ.ជ.ប ជាអ្នកធ្វើការខុសឆ្គង «Sic!»។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា គ.ជ.ប មិនគួរធ្វើការធ្វេសប្រហែស និងខ្ជីខ្ជាបូកគណនាសំឡេងឆ្នោតខុសដល់ខ្ទង់ម៉ឺន សឹងស្មើអាសនៈមួយកៅអីបែនេះទេ គឺនាំឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោតធ្វើការរិះគន់ និងក៏ធ្វើឲ្យមជ្ឈដ្ឋាននានាសម្តែងនូវការសង្ស័យកាន់តែខ្លាំងទៀតថា ស្ថាប័ន គ.ជ.ប អាចនឹងចូលចិត្តប្រើល្បិចបំភ័ន្តក្នុងកិច្ចការធំៗជាច្រើនទាក់ទងនឹងដំណើរការបោះឆ្នោតនៅកម្ពុជាម្តងៗ៕
ប្រភពពី ដើមត្នោត
Read more: http://www.cambodiapage.info/kh/


0 comments:
Post a Comment