ដើម្បីលើកកម្ពស់នៃការប្រើប្រាស់ភាសាខ្មែរឲ្យកាន់តែទូលំទូលាយពីសំណាក់អតិថិជនលើទូរស័ព្ទដៃស៊េរីទំនើបស៊ីមពីរ Galaxy Grand ក្រុមហ៊ុនSamsung Electronic ក៏បានអភិវឌ្ឍន៍ ន្ថែមលើមុខងារប្រើប្រាស់ពីភាសាអង់គ្លេសទៅជាភាសាខ្មែរទាំងស្រុង។ ពិធីប្រកាសUpdate ពីភាសាអង់គ្លេសទៅជាភាសាខ្មែរ សម្រាប់ Smartphone ស៊ីមពីរ Galaxy Grand នេះត្រូវបានរៀបចំឡើងយ៉ាងមហោឡារិកនៅតំណាងចែកចាយបន្តផលិតផល Samsung សៀង លីន កាលពី ព្រឹក ថ្ងៃទី ០៣ ខែ មិថុនា ឆ្នាំ ២០១៣នេះ ដោយមាន វត្តមានចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិនិងតំណាងសារព័ត៌មានយ៉ាងច្រើនកុះករ។
ការបន្ថែមមុខងារជាភាសាខ្មែរទាំងស្រុង ជំនួសឲ្យភាសាអង់គ្លេសនេះដែរ នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងបច្ចេកវិទ្យានៃក្រុមហ៊ុនSamsung Electronicសាខាថៃប្រចាំកម្ពុជា លោក វ៉ាត ឡាំផេង បានឲ្យដឹងថា ដើម្បីលើកកម្ពស់ភាសាខ្មែរ ក៏ដូចជាបង្កលក្ខណៈងាយស្រួលក្នុងការប្រើប្រាស់ឧបករណ៍ទំនើបជាភាសាជាតិ។
បន្ថែមពីលើនេះលោកបានបន្តថា Samsung បានចាប់ដៃសហការជាមួយDeveloper ខ្មែរមួយក្រុមមានឈ្មោះថា «Khmer UI Developer» ក្នុងការអភិវឌ្ឍន៍ និងលើកកម្ពស់ ភាសាជាតិ។
រួមចំណែកក្នុងការចូលរួមអភិវឌ្ឍន៍ និងរចនា ពុម្ពអក្សរខ្មែរទាំងស្រុង ដំណើរការលើទូរស័ព្ទ ស៊ីមពីរ Galaxy Grand លោក ដាញ់ ហុង បានលើកឡើងថា លោកស្រលាញ់ទាំងបច្ចេកវិទ្យា និងអក្សរសាស្ត្រខ្មែរ។ Developer រូបនេះបានឲ្យដឹងថា រូបលោក និងក្រុមការងាររចនាពុម្ពអក្សរខ្មែរ«Khmer UI Developer» ទាំងអស់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ មិត្តយុវវ័យទាំងអស់ នឹងគាំទ្រការខិតខំប្រឹងប្រែងរបស់លោក ក៏ដូចជា ចូលរួមអភិរក្ស និងជម្រុញឲ្យភាសាជាតិ អក្សរសាស្ត្រជាតិ ប្រើប្រាស់ឲ្យបានទូលំទូលាយលើបណ្ដាឧបករណ៍អេឡិចត្រូនិកឆ្លាតវៃទំនើបៗ (Smart Device) ជំនួសឲ្យភាសាបរទេសដែលកំពុងចរាចរយ៉ាងទូលំទូលាយលើទីផ្សារសព្វថ្ងៃ។
លោកក៏បានបង្ហាញពីរបៀបផ្លាស់ប្ដូរភាសា ពីបរទេស ទៅជាភាសាខ្មែរលើGalaxy Grand ជំហានទី1 របៀប Download ភាសាដោយលោកអ្នកគ្រាន់តែចូលទៅកាន់ Setting==> About Device==> Software Update==> Download==>Install បន្ទាប់ពីទូរស័ព្ទReboot
ជំហានទី2 របៀបផ្លាស់ប្តូរភាសាអតិថិជនទាំងអស់គ្រាន់តែចូលទៅ Setting==> Languages and Input ជ្រើសរើសយក ខ្មែរ (កម្ពុជា) នោះលោកអ្នកអាចរីករាយជាមួយភាសាខ្មែរក្នុងGalaxy Grand បានហើយ។
ជួបជាមួយអតិថិជន ចូលរួមធ្វើតេស្ដសាកល្បងទូរស័ព្ទ Galaxy Grand នាថ្ងៃបើកសម្ពោធទំព័រថ្មី នៃការUpdate ពីភាសាបរទេស ទៅជាភាសាខ្មែរទាំងស្រុងមួយចំនួនបញ្ចេញទស្សនៈដូចៗគ្នាថា ពួកគេសូមកោតសរសើរដល់ក្រុមហ៊ុន Samsung ក្រៅពីផលិត និងនាំចូលផលិតផលដែលមានគុណភាព ប្រកបដោយបច្ចេកវិទ្យាខ្ពស់ហើយនោះ នៅមានគំនិតលើកកម្ពស់ភាសាខ្មែរទៀត។ និយាយដូច្នេះ យុវជន តារា ក្នុងចំណោមមិត្តភក្ដិដែលចូលរួមកម្មវិធីអះអាង «ខ្ញុំសង្កេតមើលSmartphone ស្ទើរតែទាំងស្រុងមានខ្លះប្រើអក្សរខ្មែរបាន ខ្លះគ្រាន់តែមើលបាន ហើយខ្លះទៀតមើលអត់ឃើញ…ប៉ុន្តែសម្រាប់Galaxy Grand វិញដំណើរការជាភាសាខ្មែរទាំងស្រុងតែម្ដង។ ចឹងមិនយូរទេ យុវវ័យជាអ្នកប្រើប្រាស់ ប្រាកដជាគាំទ្រ និងឲ្យតម្លៃភាសាអក្សរជាតិ ខ្ពស់ជាងភាសាបរទេសជាមិនខាន»។
លោក វ៉ាត ឡាំផេង ក៏បានបង្ហាញពីគោលជំហររបស់ក្រុមហ៊ុនបច្ចេកវិទ្យាកំពូលទាំងលើពិភពលោក និងនៅកម្ពុជាថា Samsung នឹងបន្តឆន្ទៈបង្កើតថ្មី ឧបករណ៍ទំនើបៗ ប្រកបដោយគុណភាពខ្ពស់ដល់អតិថិជន ក៏ដូចជាចូលរួមចែករំលែកផ្សព្វផ្សាយ អភិរក្ស និងលើកកំពស់ភាសាខ្មែរលើឆាកអន្តរជាតិ លើផលិតផលបន្តបន្ទាប់។
កុំភ្លេច! ទទួលយកបទពិសោធន៍ដ៏សម្បូរបែបនៃការប្រើប្រាស់ ក៏ដូចជាចូលរួមគាំទ្រភាសា ខ្មែរពីទូរសព្ទស៊ីមពីរGalaxy Grand ទាំងអស់គ្នា ៕
ប្រភពពី នគរវត្ត




0 comments:
Post a Comment