កំពង់ឆ្នាំងៈ ក្រុមពលករចំណាកស្រុកកម្ពុជាចំនួន ២០ នាក់ ដែលទើបតែត្រូវបានជួយសង្គ្រោះមកដល់មាតុប្រទេសវិញ ពីការបង្ខំឲ្យធ្វើការដូចជាទាសករនៅលើទូកនេសាទរយៈពេល៣ឆ្នាំក្នុងប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិកតាមរយៈក្រុមហ៊ុន Giant Ocean បានដាក់ពាក្យប្តឹងទាមទារសំណង ខណៈដែលម្ចាស់ក្រុមហ៊ុននេះ ត្រូវបានចាប់ខ្លួន ហើយកំពុងរង់ចាំបើកសវនាការ។
លោកស្រីឡាយ អ៊ឹម មន្រ្តីកម្មវិធីសិទ្ធិមនុស្សនៃសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា សមាគមអាដហុកកំពុងរៀបចំពាក្យបណ្តឹងដាក់ទៅកាន់តុលាការក្រុងភ្នំពេញចំពោះការប្តឹងទាមទារប្រាក់ខែ និងប្រាក់ជំងឺចិត្តរបស់ពលករនេសាទ២០ នាក់ បន្ទាប់ពីពួកគេបានចំណាយពេលធ្វើការនៅក្រៅប្រទេសជាង៣ឆ្នាំប៉ុន្តែមិនទទួលបានប្រាក់សូម្បីតែមួយរៀល។ លោកស្រីនិយាយថា ៖ «ដោយសារម្ចាស់ក្រុមហ៊ុន Giant Ocean ត្រូវប៉ូលិសចាប់ខ្លួនរង់ចាំសវនាការនៅភ្នំពេញទើបជនរងគ្រោះ ប្តឹងទៅតុលាការភ្នំពេញដើម្បីទាមទារសំណងពីអ្វីដែលពួកគេត្រូវទទួលបាន»។
លោកវ៉ាន់ គឹមហុង អាយុ ២២ឆ្នាំ ពលកររងគ្រោះម្នាក់ ដែលទើបតែត្រូវបានជួយសង្គ្រោះពីប្រទេសហ្វីជី បាននិយាយថា លោកធ្វើការជាអ្នកនេសាទ នៅកណ្តាលមហាសាគរជិតបីឆ្នាំ ប៉ុន្តែនៅពេលវិលត្រឡប់មកផ្ទះវិញ ពុំទទួលបានលុយមួយរៀលឡើយ។ គឹមហុង ក៏ដូចជាពលកររងគ្រោះដទៃទៀតដែរ គឺប្តឹងទាមទារប្រាក់ខែ និងប្រាក់ជំងឺចិត្ត ម្នាក់ៗចំនួន១ ម៉ឺនដុល្លារ ក្នុងរយៈពេលដែលពួកគេធ្វើការជាអ្នកនេសាទ៣ឆ្នាំនៅលើសមុទ្រដែលមុនពេលទៅធ្វើការក្រុមហ៊ុនបានសន្យាថា ពួកគេនឹងទទួលបានប្រាក់ខែ ២០០ដុល្លារ ក្នុងមួយខែ។ គឹមហុងនិយាយថា៖«ខ្ញុំខំធ្វើការនៅលើមហាសមុទ្ររាល់ថ្ងៃគ្មានថ្ងៃឈប់សម្រាក់ឡើយ ក្នុងមួយថ្ងៃដេកបានតែ ៣ ទៅ៤ ម៉ោងប៉ុណ្ណោះ។ខ្ញុំធ្វើការដល់៣ ឆ្នាំតែគ្មានទេប្រាក់ខែសូម្បីតែមួយរៀលត្រឡប់មកស្រុកជួបម្តាយវិញ»។
លោក នុត សាវឿន អាយុ៣០ឆ្នាំ ពលកររងគ្រោះម្នាក់ទៀត បានថ្លែងថា៖«ខ្ញុំអស់កម្លាំងធ្វើការ ខ្ញុំគ្មានសល់អីសោះពេលធ្វើការ៣ឆ្នាំនៅក្រៅប្រទេស»។
នាយកដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានចាប់ម្ចាស់ក្រុមហ៊ុន Giant Ocean សញ្ជាតិតៃវ៉ាន់ ឈ្មោះលីន យូស៊ីន អាយុ ៥៣ឆ្នាំកាលពីថ្ងៃទី១០ ខែឧសភានៅខេត្តសៀមរាប ខណៈពេលដែលស្រ្តីរូបនេះ បានបន្លំខ្លួនជាពាណិជ្ជករ។ បច្ចុប្បន្នម្ចាស់ក្រុមហ៊ុនរូបនេះកំពុងត្រូវបានឃុំខ្លួនរង់ចាំសវនាការបន្ទាប់ពីតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទជួញដូរមនុស្ស។
ករណីផ្សេងទៀតនៅឯខេត្តពោធិ៍សាត់មានក្រុមគ្រួសារមកពីស្រុកភ្នំក្រវាញចំនួន ៧ នាក់បានមកដាក់ពាក្យបណ្តឹងទៅអាដហុកពោធិ៍សាត់បន្ទាប់ពីពួកគេបង់ប្រាក់ឲ្យក្រុមហ៊ុន Human Power តាំងពីដើមឆ្នាំ២០១២ តែក្រុមហ៊ុននេះ មិនទាន់បញ្ជូនពួកគេទៅធ្វើការនៅប្រទេសថៃ ទៅតាមការសន្យាឡើយ រហូតមកដល់ពេលនេះ។
អ្នកស្រី អ៊ួង ធីណា អាយុ ៤៩ឆ្នាំដែលមានកូនម្នាក់បង់លុយឲ្យក្រុមហ៊ុន Human Power ចំនួន ២០០ ដុល្លារ ដើម្បីបានទៅធ្វើការជាកម្មកររោងចក្រស្រាបៀរនៅក្នុងប្រទេសថៃ បាននិយាយថា៖ «យើងអស់សង្ឃឹមហើយ ពីព្រោះមួយឆ្នាំជាងទៅហើយកូនខ្ញុំនៅតែមិនទាន់បានទៅទៀត។ ខ្ញុំទៅចងការប្រាក់គេដើម្បីបង់ឲ្យកូនបានទៅធ្វើការ តែឥឡូវគេបោកទៀត»។
លោកភួង សុធា អ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សអាដហុកខេត្តពោធិ៍សាត់ បានថ្លែងថា លោកកំពុងរៀបចំពាក្យបណ្តឹង ដាក់ទៅកាន់មន្ទីរសង្គមកិច្ចខេត្តដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ចំពោះករណីនេះ៕
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍
ប្រភពពី៖ ភ្នំពេញប៉ុស្តិ៍

0 comments:
Post a Comment