រាជធានីភ្នំពេញ ៖ កម្មករប្រមាណ១៥នាក់ បានរងរបួសធ្ងន់ស្រាល ខណៈពេលដែលពួកគេកំពុងតែជិះរថយន្តមួយគ្រឿង ក្នុងបំណងទៅបម្រើការងារក្នុងរោងចក្រ ស្រាប់តែរថយន្តនោះបានបើកធ្លាក់ផ្លូវក្រឡាប់ បណ្តាលឲ្យកម្មករដែលជិះនៅលើរថយន្តខ្ទាតចេញពីរថយន្ត បង្កឲ្យមានអ្នករបួសជាច្រើន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៦ និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៣ នៅតាមបណ្តោយផ្លូវលំ ក្នុងស្ពានថ្មី សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកគែរ ចំណុះ១តោនកន្លះ ពាក់ស្លាក់លេខភ្នំពេញ 2k-2541 បានផ្ទុកកម្មករជាង៣០នាក់ ក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅផ្លូវជាតិលេខ៤ ។ លុះបើកមកដល់ចំណុចកើតហេតុខាងលើ អ្នកបើកបររថយន្តបានកាច់ចង្កូតគេចពីម៉ូតូ១គ្រឿង ក៏បានជ្រុលទៅធ្លាក់ផ្លូវធ្វើឲ្យក្រឡាប់រថយន្តធ្លាក់កម្មកររាយប៉ាយ បណ្តាលឲ្យមនុស្សរងរបួស១៥នាក់ ក្នុងនោះធ្ងន់ ៧នាក់ និងស្រាល ៨នាក់។
សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា អ្នកបើកបររថយន្តខាងលើនោះមានឈ្មោះ ម៉ាប់ ហាក់ អាយុ ២៩ឆ្នាំ រស់នៅ ភូមិជ្រៃលាស់ ឃុំតាពែក ស្រុកពញាឮ ខេត្តកណ្តាល ហើយកម្មកររងគ្រោះភាគច្រើនមកពីខេត្តកណ្តាល។
ក្រោយពេលកើតហេតុភ្លាមៗ កម្មកររងគ្រោះទាំងអស់ ត្រូវបានគេដឹកបញ្ជូនយកទៅសង្គ្រោះភ្លាមៗ នៅមន្ទីរពេទ្យ ។ សមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់បានថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលឲ្យមានមនុស្សរងគ្រោះបាត់បង់ជីវិតឬក៏អត់ទេ ព្រោះបច្ចុប្បន្នកម្មករទាំងអស់កំពុងស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់៕
ប្រភពពី វត្តភ្នំ



0 comments:
Post a Comment