ភ្នំពេញៈ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសៅរ៍ថា សម្តេចព្រះមហាក្សត្រិយ៍ នរោត្តម មុនិនាថ សីហនុចង់ជួបជាមួយមេដឹកនាំបក្សប្រឆាំងម្នាក់ដែលនិយាយថា ការទម្លាក់អង្គសម្តេចឪ ព្រះ នរោត្តម សីហនុចេញពីតំណែងក្នុងឆ្នាំ១៩៧០ មិនមែនជារដ្ឋប្រហារ។
ប៉ុន្តែនៅក្នុងការថ្លែងសម្រាលអំពីករណីនេះមន្រ្តីព្រះបរមរាជវាំងម្នាក់បានថ្លែងថា សម្តេចម៉ែ លោកមិនមានបំណងចាត់វិធានការណាមួយទៅលើប្រធានគណបក្សសម រង្ស៊ី លោក គង់ គាំ ទេ។
ថ្លែងពីស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ក្នុងពិធីបើកការដ្ឋានមួយចំនួន លោកនាយករដ្ឋមន្រ្តីបានលើកឡើងថា កាលពីរបីថ្ងៃមុនភរិយាលោក [លោកស្រី ប៊ុន រានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា] បានទៅគាល់សម្តេចម៉ែ ក្នុងឱកាសថ្ងៃខួបចម្រើនព្រះជន្មរបស់ព្រះអង្គ ហើយសម្តេចម៉ែមានព្រះបន្ទូលថា ព្រះអង្គចង់ជួបជាមួយអ្នកនិយាយនោះផ្ទាល់ព្រះភក្រ្តចំពោះអ្វីដែលគាត់បាននិយាយថា រដ្ឋប្រហារប្រឆាំងសម្តេចឪ នរោត្តម សីហនុដោយលោកសេនាប្រមុខ លន់ នល់ ថ្ងៃទី១៨ មីនា ១៩៧០ រៀបចំធ្វើឡើងដោយសម្តេចឪ។
លោក ហ៊ុន សែន ថ្លែងបន្តថា៖ «បើតាមសម្តេចម៉ែ មានបន្ទូលនឹងគណៈប្រតិភូដឹកនាំដោយភរិយារបស់ខ្ញុំ សម្តេចម៉ែមានព្រះបន្ទូលថា ព្រះអង្គចង់ជួបផ្ទាល់ជាមួយជននោះ[លោក គង់ គាំ]»។ «កូនចៅអាចការពារ… អំពើអាក្រក់នោះមិនអាចចៀសរួចទេ ហើយប្រវត្តិសាស្រ្តនឹងថ្កោលទោសពួកគេ។ វាជាអំពើស្មោកគ្រោកនិងប្រមាថមាក់ងាយ»។
លោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី បានថ្លែងកាលពីចុងខែឧសភា ក្នុងខេត្តតាកែវ ពេលសំណេះសំណាលជាមួយក្រុមអ្នកគាំទ្រថា រដ្ឋប្រហារប្រឆាំងនឹងព្រះបាទ នរោត្តម សីហនុ ជាគំនិតរបស់សម្តេចឪបញ្ជាឲ្យ លន់ នល់ ធ្វើដូច្នេះអត្ថាធិប្បាយនេះបានធ្វើឲ្យមានប្រតិកម្មខ្លាំងក្លាពីលោក ហ៊ុន សែន។
លោកនាយករដ្ឋមន្រ្តីថ្លែងថា មិនចាំបាច់សម្តេចម៉ែឬព្រះមហាក្សត្រ ចូលពាក់ព័ន្ធនឹងបញ្ហានោះទេ ក្នុងនាមជាប្រមុខរដ្ឋាភិបាលលោកនឹងក្រោកឈរដោះស្រាយបញ្ហានោះជំនួស។
លោក អ៊ុំ តារាវុធ ទីប្រឹក្សានៃអគ្គលេខាធិការដ្ឋាននៃខុទ្ទកាល័យសម្តេចព្រះ មហាក្សត្រិយ៍ បានថ្លែងកាលពីម្សិលមិញថា សម្តេចម៉ែខ្ញាល់នឹងអត្ថាធិប្បាយរបស់លោក គង់ គាំ នោះ ប៉ុន្តែ ព្រះអង្គមិនបានបញ្ជាឲ្យមន្រ្តីណាចាត់វិធានការប្រឆាំងនឹងលោក គង់ គាំ ទេ។
លោក អ៊ុំ តារាវុធ បានថ្លែងប្រាប់ភ្នំពេញ ប៉ុស្តិ៍តាមទូរស័ព្ទថា៖ «សម្តេចម៉ែ មានព្រះទ័យឈឺចាប់…ជាមួយនឹងព័ត៌មានបំផ្លើសនេះ»។ លោកលើកឡើងថា សម្តេចម៉ែ បានគង់នៅជាប់ជាមួយសម្តេចឪអស់ជាង៦០ឆ្នាំ។ ប៉ុន្តែសម្តេចម៉ែនៅក្នុងស្ថាប័នកំពូលខ្ពស់ខ្លាំងណាស់ដូច្នេះសម្តេចម៉ែមិនចាត់ការអ្វីតបទៅលើលោក គង់ គាំ ទេ»។
លោក អ៊ុំ តារាវុធ បានថ្លែងថា អត្ថាធិប្បាយរបស់លោក គង់ គាំ គឺផ្ទុយពីប្រវត្តិសាស្រ្តទាំងស្រុង និងខុសពីការពិត។
លោកថ្លែងថា៖ «អត្ថាធិប្បាយរបស់លោក គង់ គាំ គឺខ្វះការពិចារណាដិតដល់»។ លោកថា មិនត្រឹមតែសម្តេចម៉ែទេ ដែលមិនសព្វព្រះទ័យនឹងអត្ថាធិប្បាយបែបនេះ សូម្បីតែប្រជាជនក៏មិនពេញចិត្តដែរ។
នៅពេលទាក់ទងកាលពីម្សិលមិញលោក គង់ គាំ បានថ្លែងថា នោះគឺការសន្និដ្ឋានខុសដែលថា សម្តេចម៉ែខ្ញាល់ចំពោះអត្ថាធិប្បាយ ដែលព្រះអង្គមិនដឹងច្បាស់តាមពិតទៅនេះគ្រាន់តែជាបញ្ហារបស់មេដឹកនាំនយោបាយដែលមិនគួរនាំឲ្យខូចដល់អព្យាក្រឹតភាព ឯករាជភាព របស់សម្តេចម៉ែ និងព្រះបរមរាជវាំងទេ។
លោក គង់ គាំ បានថ្លែងបញ្ជាក់ថា៖ « ខ្ញុំស្តាប់ទៅយល់ថា សម្តេច ប៊ុន រ៉ានី ភរិយារបស់សម្តេចតេជោ ប្រមុខរដ្ឋាភិបាល នាំយកបញ្ហានោះទៅរាយការណ៍ថ្វាយសម្តេចម៉ែ»។ «ប៉ុន្តែខ្ញុំគិតថា វានឹងប្រសើរជាងនេះ ប្រសិនបើមិននាំយកបញ្ហាដូចជា បញ្ហានយោបាយទៅរាយការណ៍ថ្វាយសម្តេចម៉ែឬព្រះបរមរាជវាំងដែលអព្យាក្រឹតឲ្យពាក់ព័ន្ធជាមួយអ្នកនយោបាយ»៕
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍

