រាជធានីភ្នំពេញ ៖ មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើង កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៣ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នៅលើដងផ្លូវជាតិលេខ២ ក្នុងចំណុចភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ទល់មុខវិទ្យាស្ថាន IIC ដែលបញ្ហានេះផ្តើមចេញពីទំនាស់ក្នុងគ្រួសាររវាងម្តាយក្មេកនិងកូនប្រសារប្រុស រហូតមានការបើករថយន្តដេញបុកគ្នានិងឈានទៅដល់ការផ្ទុះអាវុធទៀតផង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចដែលបានចុះទៅអន្តរាគមន៍ក្នុងហេតុការណ៍នោះបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ រថយន្តម៉ាក អូឌី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2V-7797 បើកបរដោយស្ត្រីម្នាក់ ឈ្មោះ ហែម សុជាតា ភេទស្រី អាយុ៤៧ឆ្នាំ ដែលត្រូវបានគេដឹងថា ជាម្តាយក្មេករបស់ឈ្មោះ សៀន សិលា ភេទប្រុស អាយុ៣៣ឆ្នាំ ដែលជាអ្នកបើករថយន្តម៉ាក វីស្តូ ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ 2W-0360 ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា ដំបូងឡើយអ្នកដែលបានឃើញហេតុការណ៍នេះ ស្មានថាជារឿងគ្រោះថ្នាក់ចរាចរណ៍ ប៉ុន្តែក្រោយពេលដែលសមត្ថកិច្ចចុះសួរនាំ ទើបដឹងថាជារឿងទំនាស់ក្នុងគ្រួសារ ដោយទំនាស់នេះផ្តើមចេញពីឈ្មោះ សៀន សិលា បានវាយតប់ទៅលើឈ្មោះ យ៉ន លីននី ភេទស្រី អាយុ១៧ឆ្នាំ ដែលជាឈ្នួលបម្រើរបស់បងថ្លៃ និងបានទូរស័ព្ទគំរាមទារប្រាក់ពីបងថ្លៃចំនួន៥ម៉ឺនដុល្លារ ទើបម្តាយក្មេកនាំក្រុមគ្រួសារជិះរថយន្តតាមឃាត់រថយន្តឈ្មោះ សៀន សិលា ដើម្បីធ្វើការសួរនាំដោះស្រាយគ្នា។ ប៉ុន្តែឈ្មោះ សៀន សិលា ចេះតែបើករថយន្តគេចរហូតដល់ចំណុចកើតហេតុខាងលើ ទើបត្រូវរថយន្តរបស់ម្តាយក្មេកបើកកៀររថយន្តឈ្មោះ សៀន សិលា ផ្ទប់នឹងទ្រូងផ្លូវ បង្កឲ្យមានការប្រទូស្តរាយគ្នា រហូតឈានដល់ការផ្ទុះអាវុធ២គ្រាប់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះទៅអន្តរាគមន៍ និងបានឃាត់ខ្លួនភាគីបង្កទាំង២ ទៅកាន់អធិការដ្ឋាន ដើម្បីធ្វើការសួរនាំលម្អិត ៕


