ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ សាលាដំបូងរាជ ធានីភ្នំពេញបានបើកសវនាការជំនុំ ជម្រះទៅលើសំណុំរឿងនិស្សិតពេទ្យ បើកបរបណ្ដាល ឱ្យស្លាប់ក្មេងស្រី៣នាក់ និងមានអ្នករបួស៦នាក់នៅមុខក្រសួងមហាផ្ទៃ ដែល សវនាការនោះមានការចូលរួមពីលោក កោ វណ្ឌី ចៅក្រមជំនុំជម្រះ និងលោកស្រី ស៊ឺ វណ្ណនី តំណាងអយ្យការ ក្រោមបទ ចោទប្រកាន់ បើកបរបណ្ដាលឱ្យស្លាប់ ដល់អ្នកដទៃដោយអចេតនា និងបើកបរ បណ្ដាលឱ្យរបួសដល់អ្នកដទៃដោយ អចេតនា ។
ជនជាប់ចោទ គាម ពិសិដ្ឋម៉ានី អាយុ ២៣ឆ្នាំ អតីតនិស្សិតសាកលវិទ្យាល័យ វេជ្ជសាស្ដ្រនិងវិទ្យាសាស្ដ្រសុខាភិបាល ឆ្នាំទី៦ ក្នុងសវនាការបានបដិសេធថា ខ្លួនមិនបានដឹងរឿងហេតុដែលកើតឡើង ទេ ដោយសារខ្លួនមានជំងឺដុះសាច់ខួរ ក្បាល ហើយនៅពេលកើតហេតុខ្លួនងងឹត មុខ ពេលដឹងខ្លួនឡើងវិញ ទើបមានសមត្ថ កិច្ចប្រាប់ថា ខ្លួនបើករថយន្ដបុកអ្នកដទៃ។ ក្នុងហេតុការណ៍នេះដែរ ខ្លួនបានបើក បរក្នុងល្បឿនពី២០ទៅ៣០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ ។
យោងតាមរបាយការណ៍សំយោគរបស់ ការិយាល័យចរាចរណ៍ជើងគោករាជធានី ភ្នំពេញ នៅពេលក្រឡាបញ្ជីអានក្នុងបន្ទប់ សវនាការបានឱ្យដឹងថា មូលហេតុដែល បណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរខាងលើ កើតឡើង បណ្ដាលមកពីអ្នកបើកបរបើក ហួសល្បឿនកំណត់ និងមានការធ្វេស ប្រហែសទើបបណ្ដាលឱ្យមានគ្រោះថ្នាក់ ចរាចរកើតឡើង ។
តាមការឆ្លើយដោះសារបស់និស្សិតពេទ្យខាងលើនេះបញ្ជាក់ថា និស្សិតពេទ្យរូបនេះមិនមានភាពទទួលខុសត្រូវចំពោះ មុខច្បាប់នោះទេ ដោយនាងបានកុហក អង្គសវនាការ ទាំងមូលហេតុថា នាងមិនបានដឹងរឿងអ្វីទាំងអស់ ។
ចំពោះដើមបណ្ដឹងរដ្ឋប្បវេណីទាំងអស់ បានដកពាក្យបណ្ដឹងរួចហើយ ។ មិនតែប៉ុណ្ណោះ បែរជាសុំឱ្យតុលាការដោះលែង ជនជាប់ចោទទៅវិញ ។ ចំពោះសំណង រដ្ឋប្បវេណីដែលក្រុមគ្រួសារជនជាប់ ចោទចំណាយ គឺមានរហូតដល់ទៅជិត ៣ម៉ឺនដុល្លារ ។
ក្រោយបញ្ចប់ការសួរដេញដោល តំណាងអយ្យការ លោកស្រី ស៊ឺ វណ្ណនី បានសន្និដ្ឋានសុំឱ្យចៅក្រមមេត្ដាផ្ដន្ទា ទោសជនជាប់ចោទទៅតាមផ្លូវច្បាប់ ដោយសំអាងថា ជនជាប់ចោទបើកបរ ហួសល្បឿនកំណត់ និងខ្វះការប្រុងប្រយ័ត្ន ។ ក្រោយបញ្ចប់សេចក្ដីសន្និដ្ឋាន លោក កោ វណ្ឌី បានលើកយករឿងនេះទៅប្រកាស នៅថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៣ខាងមុខ ៕
ប្រភពពី នគរវត្ត


0 comments:
Post a Comment