រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រូវបានរងរបួសធ្ងន់ធ្ងរ ដោយសារតែត្រូវចោរមួយក្រុមបានធ្វើសកម្មភាពបាញ់ប្រហារ ខណៈពេលដែលជនរងគ្រោះរួមនិងបក្ខពួកបាននាំគ្នាព្រួតវាយក្រុមចោរ បន្ទាប់ពីឃើញក្រុមចោរទាំងនោះធ្វើសកម្មភាពកាច់សោ.កម៉ូតូរបស់ខ្លួនដែលកំពុងចតនៅពីមុខហាង យីហោ ហ្គេយឡាង កាលពីវេលាម៉ោង ៣ និង១០នាទី ទៀបភ្លឺថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៣៨ ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាជនរងគ្រោះក្នុងអំពើបាញ់ប្រហារនោះមានឈ្មោះ បូរ គឺជាម្ចាស់ម៉ូតូដែលត្រូវក្រុមចោរធ្វើសកម្មភាពលួច។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុគេបានឃើញ ជនសង្ស័យ ៣នាក់ ជិះម៉ូតូ ២គ្រឿង ម៉ាកនិចពណ៌ស ១គ្រឿង និងម៉ាកអាយខុន ១គ្រឿង បានធ្វើសកម្មភាពកាច់សោ.កម៉ូតូធំ ម៉ាកផាលសា ១គ្រឿង ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BS-6507 ដែលចតនៅមុខហាងហ្គេយឡាង ប៉ុន្តែខណៈនោះក៏ត្រូវបុគ្គលិកហាងបានឃើញទាន់ក៏ទាញដបគប់សំដៅទៅពួកគេ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ម្ចាស់ម៉ូតូ។ ពេលនោះជនរងគ្រោះរួមនិងមិត្តភក្តិ ប្រមាណ ៥-៦ នាក់ទៀត បានស្ទុះទៅព្រួតចាប់ពួកក្រុមចោរទាំងនោះ តែត្រូវក្រុមចោរមានអាវុធ បាញ់ប្រហារ បណ្តាលឲ្យរងរបួស ធ្ងន់ធ្ងរតែម្តង។
បន្ទាប់ពីកើតហេតុ គេបានឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ដើម្បីធ្វើកំណត់ហេតុ។ ចំណែកជនរងគ្រោះត្រូវបានគេដឹកតាមរ៉ឺម៉កកង់បី យកទៅសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ៕
ប្រភពពី វត្តភ្នំ


0 comments:
Post a Comment