ខេត្ដបាត់ដំបង ៖ ក្លឹបឌីស្កូថេកដែលមានយីហោ ប៊ីស៊ីអាយ(BCI) ក្នុងក្រុងបាត់ដំបង ដែលបើកការរាំរែកទាំងយប់ ទាំងថ្ងៃ ពង្វក់សិស្សសាលាក្មេងៗប្រុសស្រីឱ្យភ្លេចសាលា ត្រូវបានសមត្ថកិច្ចនគបាលនៃស្នងការនគរបាលខេត្ដបាត់ដំបង ចុះបង្ក្រាបបិទអាជីវកម្ម និងឃាត់ខ្លួនសិស្សប្រុសស្រីចំនួន៧៦នាក់យកមកអប់រំ ។
ប្រតិបត្ដិការចុះបង្ក្រាបទីតាំងក្លឹបឌីស្កូថេកយីហោ ប៊ីស៊ីអាយ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុង-ខេត្ដបាត់ដំបង ដឹកនាំដោយលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ និងលោក ជេត វណ្ណនី ស្នងការរងទទួលផែនកណ្ដាលយុត្ដិធម៌នៃស្នងការដ្ឋាន នគរបាលខេត្ដបាត់ដំបង ឃាត់ក្មេងៗសិស្សសាលាចំនួន៧៣នាក់ ប្រុស៤៣នាក់ និងរឹបអូសម៉ូតូបានចំនួន២៩គ្រឿង យកមក កាន់ស្នងការដ្ឋាននគរបាលខេត្ដ ។
ពាក់ព័ន្ធទៅនឹងករណីបង្ក្រាបទីតាំងឌីស្កូថេក ប៊ីស៊ីអាយ ចំកណ្ដាលក្រុងបាត់ដំបងនិងមានម្ចាស់ឈ្មោះ ហ៊ី ពិសិដ្ឋ ភេទប្រុស អាយុ៤៣ឆ្នាំ នេះធ្វើឡើងតាមពាក្យបណ្ដឹង របស់អាណាព្យាបាលសិស្ស ដោយកន្លងមក សិស្សនៅតាមអនុវិទ្យាល័យ វិទ្យាល័យ រួមទាំងសាកលវិទ្យាល័យ ផងនោះ ពួកគេបានពពាក់ពពូនគ្នាចូលទៅរាំរែកក្នុងក្លឹបខាងលើនេះ មានទាំងពេលថ្ងៃ និងពេលយប់ សុទ្ធតែក្បត់ទំនុកចិត្ដ ឪពុកម្ដាយ អាណាព្យាបាល គេចសាលា និងសេពគ្រឿងស្រវឹង ធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅជិតខាងបានឃើញពី ទិដ្ឋភាពទាំងនេះ គួបផ្សំនឹងអាណាព្យាបាលរបស់ប្ដឹងសមត្ថកិច្ចផងនោះ ទើបព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ដ បាត់ដំបង ដឹកនាំកម្លាំងចុះបង្ក្រាប និងបិទការធ្វើអាជីវកម្មក្លឹបខាងលើនេះផងដែរ ៕
_______________________
ប្រភពព័ត៌មានពី៖ នគវត្ត
ប្រភពព័ត៌មានពី៖ នគវត្ត

