ខេត្តព្រះសីហនុ ៖ ចោរលួចទ្រព្យសម្បត្តិជនបរទេសម្នាក់បានក្លាយ ជាជនរងគ្រោះនៃអំពើទារុណកម្មលើរូបរាងកាយ និងកាត់ម្រាមដៃ ពីជនបរទេសមួយក្រុមដែលគេសង្សយ័ថា មានជនជាតិរុស្សីនិងជនជាតិអ៊ុយក្រែនផង។ ករណីនេះបានកើតឡើងនៅចំណុចផ្ទះរបស់ជនជាតិអ៊ុយក្រែនម្នាក់ឋិតនៅខាងលិចវត្តឥន្ទញ្ញាណហៅវត្តក្រោម ក្រុងព្រះសីហនុ ក្នុងក្រុមទី៣៥ ភូមិ៣ សង្កាត់លេខ៣ក្រុងព្រះសីហនុ ។
សមត្ថកិច្ចឲ្យដឹងថា ការធ្វើទារុណកម្មដ៏ធ្ងន់ធ្ងរនេះបន្ទាប់ពីជនរងគ្រោះបានចូលទៅលួចយកទ្រព្យសម្បត្តិជនបរទេសមានទូរសព្ទ័ដៃណូគាអិនចុចពិល១គ្រឿង នៅក្នុងផ្ទះស្នាក់នៅរបស់ពួកគេ កាលពីយប់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៣ ហើយត្រូវពួកគេចាប់បាន។
មន្ត្រីនគរបាលខេត្តព្រះសីហនុបានប្រាប់ទៀតថា នៅព្រលប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៣ មានកម្មករសំណង់ម្នាក់ធ្វើដំណើរឆ្លងកាត់ផ្លូវមុខផ្ទះជនបរទេសនោះគាត់បានឃើញមានគេចងមនុស្សព្យួរជើងឡើងលើ គាត់ស្មានតែគេហាត់ប្រាណក៏ដើរចូលទៅពិនិត្យមើល ស្រាប់តែឃើញជនជាតិខ្មែរម្នាក់ត្រូវជនបរទេសចងព្យួរជើងហើយមានស្លាមកាត់ម្រាមដៃបង្ហូរឈាមទៀត គាត់មានការភិតភយ័ក៏រត់មករាយការណ៍ឲ្យនគរបាលប៉ុស្តិ៍តែម្តងទៅ។
សមត្ថកិច្ចបានបន្តថា ជនរងគ្រោះដោយធ្វើទារុណកម្មលើរូបរាងកាយនិងកាត់ម្រាមដៃនោះមានឈ្មោះ មុំ រិទ្ធី ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅភូមិ៣សង្កាត់លេខ១ ក្រុងព្រះសីហនុ មុខរបរគ្មានទើបចេញពីពន្ធាគារ ដោយជាប់ចោទពីបទលួចទ្រព្យសម្បត្តិជនបរទេសកន្លងមក ។រីឯជនសង្សយ័នៃអំពើទារុណកម្មកាត់ម្រាមដៃជាជនបរទេសនោះមានមេក្លោងជាជនដៃដល់ក្នុងការប្រព្រឹត្តកាត់ម្រាមដៃមានឈ្មោះ SUNDAROY VADYM ភេទប្រុស អាយុ៣៣ឆ្នាំជនជាតិអ៊ុយ ក្រែន(ម្ចាស់ផ្ទះ) និងបក្ខពួកពីរនាក់ទៀតជាជនជាតិរុស្សី មិនត្រូវបានស្គាល់ឈ្មោះ នៅឡើយកំពុងសាកសួរ ។
សូមបញ្ជាក់ថា ការធ្វើទារុណកម្មនោះចាប់តាំងពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី១៨ ខែមិថុនាឆ្នាំ២០១៣មកម្ល៉េះ លុះដល់ព្រលប់ថ្ងៃដដែល ទើបសមត្ថកិច្ចដឹង ហើយចាត់ការបន្ទាន់។
បច្ចុប្បន្នជនរងគ្រោះកំពុងព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រីឯជនសង្សយ័ជាជនបរទេសទាំង៣នាក់សមត្ថកិច្ចកំពុងសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ៕
ប្រភពពី៖ cambodiapage.info
