រាជធានីភ្នំពេញ៖ អ្នកទាក់ឆ្កែ២នាក់ ជិះម៉ូតូដឹកឆ្កែ១បាវ ត្រូវរថយន្តបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យរងរបួស ហើយគ្រាគ្នា រត់ចោលម៉ូតូ និងខ្មោចឆ្កែ ព្រោះខ្លាច សមត្ថកិច្ចមកទាន់។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង៤និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១២មិថុនា ត្រង់ចំណុចផ្លូវលេខ១៦៣ ប្រសព្វនឹងផ្លូវលេខ៣៦០ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
អ្នកឃើញហេតុការណ៍បានរាប់រៀបថា បុរស២នាក់ជិះម៉ូតូ១គ្រឿងឌុបគ្នាហើយមានដឹកស្អី១បាវទៀត ទិសដៅពីត្បូងទៅជើង ស្របទិសគ្នាជាមួយរថយន្តដឹកម៉ាស៊ីនត្រជាក់។ លុះដល់ចំណុចកើតហេតុស្រាប់តែ រថយន្តជ្រុលទៅបុកពីក្រោយពេញទំហឹង រួចបើករត់គេចបាត់ បណ្តាលឲ្យដួលរងរបួស និងខ្ទាតខ្មោចឆ្កែរប៉ាត់រប៉ាយពេញថ្នល់។
ក្រោយពេលកើតហេតុ ដោយខ្លាចសមត្ថកិច្ចមកទាន់ ជនទាំង២នាក់ បានគ្រាគ្នាគេចខ្លួនបាត់ បន្សល់ខ្មោចឆ្កែ១បាវជាមួយ និងម៉ូតូ១គ្រឿង នៅកណ្តាលផ្លូវ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌចំការមន៕
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment