ប្រមុខរាជរដ្ឋាភិបាល ព្រមានប្តឹងអ្នកនយោបាយណា ដែលនិយាយពីប្រវត្តិរូប មេដឹកនាំទាំងបី របស់គណបក្សប្រជាជនកម្ពុជា ខណៈដែលអ្នកនយោបាយខ្លះ បានលាតត្រដាងប្រាប់ពលរដ្ឋ ពីប្រវត្តិរបស់មេដឹកនាំបច្ចុប្បន្ន។
នៅក្នុងពិធីសម្ពោធអាគារគណៈកម្មាធិការជាតិអូឡាំពិច នៅរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា លោកនឹងប្តឹងអ្នកដែលនិយាយបកស្រាយ ពីប្រវត្តិរូប របស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា នៅក្រោយការបោះឆ្នោត ៖ "ប្រពន្ធខ្ញុំទៅចុចប៉ះចំសម្តីម្នាក់ ដែលគេនិយាយពីប្រវត្តិគណបក្សប្រជាជន ប្រវត្តិ ហេង សំរិន ប្រវត្តិ ហ៊ុន សែន ប្រវត្តិ ជា ស៊ីម រឿងនេះវាធ្ងន់ធ្ងរ បើសិនជារឿងនេះកើតឡើងនៅក្នុងព្រឹត្តិការណ៍បោះឆ្នោត ប្រហែលជាអាចមានបញ្ហាផ្លូវច្បាប់ទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ព្រោះសំដីបំផ្លៃការពិតបែបនេះ គឺយើងមិនអាចទទួលយកបានទេ គណបក្សប្រជាជនមិននៅស្ងៀមនោះទេ"។
ប្រធានគណបក្សសមរង្ស៊ី លោក គង់ គាំ មានប្រសាសន៍ថា ដែលបាននិយាយពីប្រវត្តិ នៃមេដឹកនាំទាំងបីរបស់គណបក្សកាន់អំណាចនោះ អះអាងថា អ្វីដែលលោកលើកឡើងសុទ្ធតែជារឿងពិត ដែលត្រូវលាតត្រដាងឲ្យសាធារណជនជាតិ និងអន្តរជាតិបានដឹង ៖ "អ្នកនយោបាយតែងតែមានប្រវត្តិហើយ លើកលែងតែគេនិយាយមួលបង្កាច់ បើគេនិយាយតែពីការពិតទេ ខ្ញុំគិតថា នោះជាការធម្មតា ខ្ញុំមិនឈប់ជម្រាបការពិតដល់មតិជាតិ និងមតិអន្តរជាតិទេ ព្រោះមុននឹងមកដល់ថ្ងៃនេះ យើងតស៊ូដើម្បីឲ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិដឹងពីដំណាក់កាល មុនកិច្ចព្រមព្រាងប៉ារីសយ៉ាងណា ហើយនិងបន្ទាប់ពីកិច្ចព្រមព្រាងប៉ារីស បោះឆ្នោតឆ្នាំ ៩៣នេះ យ៉ាងណា"។
សម្រាប់អ្នកវិភាគឯករាជ្យលោក ឡៅ ម៉ុងហៃ មានប្រសាសន៍ថាមូលហេតុដែលលោកនាយករដ្ឋមន្ត្រី ព្រមានកុំឲ្យលើកប្រវត្តិថ្នាក់ដឹកនាំគណបក្សកាន់អំណាច ព្រោះពួកគេមានប្រវត្តិជាប់ពាក់ព័ន្ធនឹង របបសម័យខ្មែរក្រហម ៖ "នៅតុលាការហ្នឹង គឺឃើញថាគេបានលើកសក្ខីកម្ម ដែលខ្ញុំទើបនឹងស្តាប់ ទៅមើលហ្នឹង ឃើញគេលើកជាបណ្តើរៗទាំងបីហ្នឹង ជាពិសេស គឺពាក់ព័ន្ធខ្លាំងជាងគេ សម្តេចប្រធានរដ្ឋសភា ហើយក៏គេបានកោះហៅកោះអី ប៉ុន្តែបរាជ័យក្នុងការកោះអញ្ជើញចូលរួមជាសាក្សី សម្តេចទាំងបីហ្នឹង ហើយក៏ពាក់ព័ន្ធនឹងរឿង ជាពិសេសសម្តេចតេជោហ្នឹងគាត់ធ្វើអន្តរាគមន៍ឲ្យរាំងស្ទះការស៊ើបអង្កេត ករណី០០៣ ០០៤"។
សហចៅក្រមនៃសាលាក្តីខ្មែរក្រហម ធ្លាប់បានកោះហៅ ថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មួយចំនួន ឲ្យចូលបំភ្លឺ ពាក់ព័ន្ធនឹងរបបខ្មែរក្រហម ដែលមានការសម្លាប់មនុស្សជិតពីរលាននាក់នោះ តែពុំមានឆ្លើយទេ។ ក្រោយមកសហចៅក្រម និងសហព្រះរាជអាជ្ញាអន្តរជាតិផ្សេងទៀត បានលាឈប់ពីការងារ ដែលអ្នកវិភាគយល់ថា ដោយសារបរាជ័យលើការកោះហៅ មេដឹកនាំគណបក្សប្រជាជនកម្ពុជា ឲ្យចូលបំភ្លឺក្នុងសវនាការ៕
ប្រភពពី៖ VOD
ប្រភពពី៖ VOD

