គណបក្ស​សង្គ្រោះ​ជាតិ​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ

ភ្នំពេញ — គណបក្ស​សង្គ្រោះ​ជាតិ​បាន​ប្រកាស​ជំហរ​ដាច់​ខាត​របស់​ខ្លួន​ថា​ នឹង​មិន​បង្កើត​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់​ អំណាច​យូរ​នោះ​ទេ។​លោក​ យឹម ​សុវណ្ណ ​អ្នក​នាំ​ពាក្យ​គណបក្ស​ជំទាស់​មាន​ប្រសាសន៍​ថា ​ជំហរ​នេះ​ត្រូវ​បាន​សម្រេច​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។​ [....]

1:41 AM
ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃទី​១៤​ ខែមិថុនា ឆ្នាំ​២០១៣​នេះ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ធ្វើការ​បញ្ជាក់ថា ការលើកឡើង​របស់​អង្គការ​តម្លាភាព​កម្ពុជា អំពី​ គណបក្ស​ប្រជាជន​កម្ពុជា បដិសេធ​មិន​ចូលរួម​នៅក្នុង​ការចុះហត្ថលេខា​លើ​ការប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះ គឺជា​ការ​មួលបង្កាច់ ​ខុសពី​ការពិត​ទាំងស្រុង ហើយ​លោក​បាន​ចាត់​ទុកថា​ ការលើកឡើង​របស់​អង្គការ​តម្លាភាព​កម្ពុជា​នេះ មិន​ស័ក្តិសម ​ធ្វើជា​សង្គម​ស៊ីវិល​ ដែល​អាច​ឲ្យ​គេ​ជឿទុកចិត្ត​បានទេ​។​
លោក ​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ជា​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ការបំភ្លឺ​ពាក់ព័ន្ធ​ករណី​ខាងលើនេះ នៅ​ព្រឹក​ថ្ងៃទី​១៤ ​ខែមិថុនា ឆ្នាំ២០១៣ នៅ​ក្រសួង​ព័ត៌មាន បន្ទាប់ពី​អង្គការ​តម្លាភាព​កម្ពុជា បានប្រកាស​នៅក្នុង​សន្និសីទកាសែត ដែល​ធ្វើឡើង​ កាលពី​ថ្ងៃទី​១២ ​ខែមិថុនា ឆ្នាំ​២០១៣​ ថា គណបក្ស​ប្រជាជន​កម្ពុជា ដែលជា​គណបក្សកាន់អំណាច បាន​បដិសេធ​ក្នុងការ​អញ្ជើញ​ចូល​រួម​​ក្នុង​ពិធី​ប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​។​
​ជាមួយគ្នា​នោះ លោក ​ខៀវ កាញារីទ្ធ បាន​បញ្ជាក់ថា “​មិនមែន​គណបក្ស​ប្រជាជន​មិន​ចុះហត្ថលេខា​លើ​ការសម្រេចចិត្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះទេ ហើយ​ការ​មាន​សារព័ត៌មាន​មួយចំនួន ដូចជា កាសែត ឌឺ ​ខាំ​បូ​ឌា​ដេលី និង​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​​ចុះផ្សាយ​ជាការ​ភ័ន្តច្រឡំ ហើយ​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា បច្ចុប្បន្ន បាន​ដើរ​តាម​មាគ៌ា​​នយោបាយ​គណបក្ស​ប្រជាជន​កម្ពុជា​”​។​
​លោក ​ខៀវ កាញារីទ្ធ បានលើកឡើង​ទៀតថា “​គណ​ប្ស​ប្រជាជន​កម្ពុជា បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ ជាមួយ​អង្គការ​ប្រឆាំង​អំពើពុករលួយ​រួចហើយ កាលពី​ឆ្នាំ​២០១២ ហើយ​មិនមែន​គណបក្ស​ប្រជាជន​កម្ពុជា មិន​ឲ្យ​តម្លៃ​លើ​សង្គម​ស៊ីវិល​នោះទេ ហេតុនេះ ហើយ​បានជា​គណបក្ស​ប្រជាជន​កម្ពុជា មិនចាំបាច់​ទៅ​ចុះ​ហត្ថលេខា​លើ​ការប្តេជ្ញាចិត្ត​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នោះទេ​”​។​
​លោក​ ខៀវ កាញារីទ្ធ បាន​សម្តែង​នូវ​ការសោកស្តាយ ​ចំពោះ​ការចុះផ្សាយ​របស់​សារព័ត៌​មាន ដូចជា កាសែត ឌឺ​ ខាំ​បូ​ឌា​ដេលី និង​ភ្នំពេញ​ប៉ុស្តិ៍ ដែល​បាន​ចុះផ្សាយ​ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ ហើយ​លោក​ក៏បាន​អះអាងថា “​គណបក្ស​ប្រជាជន​កម្ពុជា ធ្វើ​គ្រប់​​យន្តការ​ទាំងអស់ ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ​”៕​
__________
ប្រភពពី CEN