ភ្នំពេញៈ សារធាតុគីមីផ្សំ និងគ្រឿងសម្អាងខុសច្បាប់ប្រមាណជា ៣០ តោនត្រូវបានដុតកម្ទេចចោលនៅព្រឹកថ្ងៃចន្ទនេះ នៅទីលានចាក់សម្រាមបឹងជើងឯកក្នុងរាជធានីភ្នំពេញ បន្ទាប់ពីធ្វើការបង្ក្រាបនិងរឹបអូសពីជនជាតិចិនកាលពីខែមិនាកន្លងមកនេះ។
សារធាតុគីមីផ្សំ គ្រឿងសម្អាង សម្បកវេចខ្ចប់និងផលិតផលសម្រេចខុសច្បាប់សរុបប្រមាណជា ៣០ តោនត្រូវបានដឹកតាមឡានកុងតឺនឺមួយគ្រឿង សំដៅទៅកាន់ទីលានចាក់សម្រាមបឹងជើងបឹងជើងឯកក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ តាំងតែពីព្រឹកព្រលឹមថ្ងៃចន្ទ ទី២៤ ខែមិថុនានេះ។ របស់របរខុសច្បាប់ទាំងនេះ ត្រូវបានគេរើចេញ ដាក់គរដើម្បីរៀបចំដុត និងចាកចោលនៅក្នុងរណ្តៅដ៏ធំមួយ។
លោកឡុង ស្រេង អនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ក្រោយពេលធ្វើពិធីដុតបំផ្លាញចោលនោះថាសារធាតុគីមីផ្សំជាវត្ថុធាតុដើមទាំងនោះត្រូវបានជនជាតិចិនលួចនាំចូលមកក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបាន កាលពីថ្ងៃទី១ ខែមិនា កន្លងទៅនៅក្នុងរាជធានីភ្នំពេញ។
លោកឡុង ស្រេង បានបញ្ជាក់ថា៖ «គេយកមកលាយ កែច្នៃដោយគ្មានលក្ខណៈបច្ចេកទេសស្តង់ដាត្រឹមត្រូវ ហើយលួចម៉ាក យីហោរបស់គេមកលួចច្រកធ្វើឡេលាប។ ដូចនេះវាមានហានិភ័យខ្ពស់ចំពោះអ្នកប្រើប្រាស់»។
លោកឃ្លាំង សាម៉េត អនុប្រធានការិយាល័យនិយត្តកម្មដែលជាមន្ត្រីចុះត្រួតពិនិត្យឱសថ នៅក្រសួងសុខាភិបាលបានមានប្រសាសន៍ នៅក្នុងឱកាសនោះថា ការយកសារធាតុគីមីមកលាយផ្សំធ្វើជាគ្រឿងសម្អាងគ្មានបច្ចេកទេសបែបនេះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាព ខូចស្បែក អ្នកប្រើប្រាស់និងអាចកើតជម្ងឺមហារីកថែមទៀតផងទៅថ្ងៃអនាគត។
ប្រភពពី ភ្នំពេញប៉ុស្តិ៍

