ខេត្តកំពង់ចាម៖ បុរសម្នាក់បានទុកម៉ូតូនិងកូនសោចោលរួចចូលទៅធ្វើការជាអ្នកបើកគ្រឿងចក្រឲ្យក្រុមហ៊ុនដំឡូងមី ពេលចោរឃើញក៏លួចជិះទៅបាត់ ប៉ុន្តែត្រូវបានកម្លាំងអ.ហ.ស្រុកមេមត់ស្ទាក់បានជនសង្ស័យនិងម៉ូតូ ប្រគល់ឲ្យវិញ បន្ទាប់ពីមានពាក្យប្តឹងមកសមត្ថកិច្ចភ្លាមៗក្រោយកើតហេតុ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ នៅចំណុចបុស្សតាកុក ខាងមុខរោងចក្រដំឡូងមីមួយកន្លែងស្ថិតក្នុងភូមិបេង ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាម។
មេបញ្ជាការកងរាជអាវុធហត្ថស្រុកមេមត់ លោកព្រំ វុទ្ធី បានឲ្យដឹងថា នៅវេលាម៉ោង៨និង២០នាទីព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៣ ដោយទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះប៉ាល់ ផលិត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិព្រែកក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បច្ចុប្បន្នជាកម្មករក្នុងរោង ចក្រដំឡូងមីស្ថិតនៅកន្លែងកើតហេតុខាងលើថាមានជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចយកម៉ូតូរបស់ គេយកទៅ។ ភ្លាមនោះលោកបានបញ្ជាមកកងរាជអាវុធហត្ថស្រុកឲ្យស្ទាក់មកគោលដៅដើម្បីស្វែងរក ជនសង្ស័យជាចោរខាងលើ ហើយក៏ឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះធុន ធាក់ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិឃុំដូនតី ស្រុកពញាក្រែក ខេត្តកំពង់ចាម រួមនឹងវត្ថុតាងម៉ូតូជនរងគ្រោះ១គ្រឿងដែលចោរនោះលួចយកទៅម៉ាកវ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ នៅត្រង់ចំណុចផ្លូវជាតិលេខ៧ ក្នុងភូមិ៧មករា ឃុំដារ ស្រុកមេមត់ ខេត្តកំពង់ចាមតែម្ដង។
លោកមេបញ្ជាបានឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញកសាង សំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងចាត់ការតាមនីតិវិធី៕
_____________________
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment