កាលពីវេលាម៉ោង១យប់រហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ នៅច្រកព្រំដែន៩៣ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានសកម្មភាពទាហ៊ានជើងគោក ដេញបាញ់បង្រ្តាបក្រុមរថយន្តដឹកឈើគ្រញូងម៉ាកនីសាន់កែច្នៃទំងន់៥តោនដោយ
ឃាត់រថយន្តបាននៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។ ប៉ុន្តែអ្វីដែលស្មានមិនដល់នោះ នៅក្នុងការបង្ក្រាបនោះបានធ្វើឲ្យ ប្រជាពលរដ្ឋស្លូតត្រង់ម្នាក់ជិះរថយន្តម៉ាកឆ្លាម បានស្លាប់បាត់បង់ជីវិត។
បើតាមក្រុមយោធាការិយាល័យទី២កងទ័ពជើងគោកមណ្ឌល៥បាននិយាយគ្នាឲ្យដឹងថា លោកវរៈសេនីយ៍ត្រី ហូ ឌឿន នាយស្នាក់ការខេត្តបន្ទាយមានជ័យ (ការិយាល័យទី២កងទ័ពជើងគោកមណ្ឌល៥) បានបើករថយន្តម៉ាកកាំម៉ារីបាឡែនតាមប្រម៉ាញ់ពីក្រោយក្រុមរថយន្តដឹកឈើគ្រញូងម៉ាកនីសាន់កែច្នៃទំងន់៥តោនចាប់ពីម៉ោង១យប់តាមច្រកព្រំដែន៩៣ស្រុកម៉ាឡៃខេត្តបន្ទាយមានជ័យរួចបាញ់ជាមួយក្រុមបទល្មើសជាង១០គ្រាប់ពេលនោះក្រុមល្មើសឈើគ្រញូងបាញ់មកលើរថយន្តខ្លួន(ហូឌឿន)ត្រូវ១គ្រាប់ និងទំលាក់ដុំថ្មជាច្រើនដុំពីលើរថយន្តគ្រញូង។ ការបង្ក្រាបនេះប្រៀបបានឆាករឿងក្នុងវីដេអូរលុះរហូតដល់ម៉ោង៤ភ្លឺថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ ទើបឃាត់រថយន្តដឹកឈើគ្រញូងម៉ាកនីសាន់កែច្នៃចំណុះ៥តោនបានលើកំណាត់ផ្លូវជាតិលេខ៥ស្ថិតភូមិអណ្តូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង។ ប៉ុន្តែតាមពិតទៅក្នុងការបង្ក្រាបនោះ លោក ហូ ឌឿន បានបាញ់ច្រឡំទៅលើរថយន្តពលរដ្ឋម្នាក់ បណ្តាលឲ្យស្លាប់ពេលដឹកជិតដល់មន្ទីរពេទ្យ។
ពាក់ព័ន្ធករណីនេះបុរសម្នាក់ឈ្មោះ ហោ ដារ៉ា អាយុ២៨ឆ្នាំរស់នៅភូមិកាប់គោ សង្កាត់អូរចារ ក្រុងបាត់ដំបង ជាអ្នកបើកបរថយន្តអោយជនរងបានអោយដឹងថា ក្រោយពេលខ្លួននិងថៅកែឈ្មោះ លឹម ប៊ុនឡេង ហៅវ៉ៃ ភេទប្រុស អាយុ៣១ឆ្នាំ ជាថៅកែកាប់ជ្រូកមានទីលំនៅភូមិ១៣មករា សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នៅម៉ោង១យប់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៣ ខ្លួនបានត្រឡប់ពីគិតគូសាច់ប្រាក់ទិញជ្រូកជាមួយថៅកែ ដោយបានបើករថយន្ត ពីស្រុកម៉ាឡៃដើម្បីឆ្ពោះមកបាត់ដំបង តែពេលបើកបរមកតាមផ្លូវ ក៏បានឃើញរថយន្តម៉ាកបាឡែនមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2P-0801 ឈប់ចតលើចិញ្ចើមផ្លូវ។ ខ្លួនបានបើករថយន្តហួស ពេលនោះរថយន្តពាក់ស្លាកលេខ ភ្នំពេញ 2P-0801 នោះបានបើកប្រដេញតាមក្រោយ និងបើកភ្លើងហ្វាកូដលុះបានចំងាយប្រហែល២គីឡូម៉ែត្រ បានបាញ់សំដៅមកលើរថយន្តខ្លួនចំនួន២គ្រាប់។ ដោយខ្លួន ហោ ដារ៉ា ភ័យខ្លាចចោរប្លន់ ក៏បានបន្ថែមល្បឿនរថយន្តទៅមុខទៀត រីឯរថយន្តស្លាកលេខ ភ្នំពេញ 2P-0801 បានតាមពីក្រោយប្រកិតរហូតដល់មៅង១និង៣០នាទីយប់ នៅចំណុចភូមិអូរសម្ពរ ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ អ្នកដែលជិះលើរថយន្តពាក្យស្លាកលេខ ភ្នំពេញ 2P-0801 ក៏បានបាញ់សំដៅមកលើរថយន្តខ្លួនម្តងទៀត ប្រហែល១០គ្រាប់បណ្តាលអោយត្រូវឈ្មោះ លឹម ប៊ុនឡេង ហៅវ៉ៃ មួយគ្រាប់ត្រង់បោះដៃផុតខាងឆ្វេង បន្ទាប់មកខ្លួនបានដឹកថៅកែចូលមន្ទីរពេទ្យសំពៅលូន ក្រោយក្រុមគ្រូពេទ្យលាងរបួសដាក់សេរ៉ូមរួច ក៏ យករថយន្តសង្គ្រោះជួយដឹកបន្តមកបាត់ដំបង។ ពេលដឹកអ្នករបួសមកដល់ផ្សារជ្រៃ ភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ជនរងគ្រោះជាថៅកែខ្លួនក៏បានដាច់ខ្យល់ស្លាប់តែម្តង។
ប្រពន្ធសពជនរងគ្រោះអ្នកស្រី ឡុង វណ្ណនី អាយុ៣៥ឆ្នាំបានអំពាវនាវដល់ថ្នាក់ដឹកនាំជួយរកយុត្តិធម៌ដល់ប្តីខ្លួន ព្រោះ ករណីសមត្ថកិច្ចធ្វើការបង្ក្រាបនេះ គឺខុសនីតិវិធី ព្រោះ ទី១មិនមែនជារថយន្តសមត្ថកិច្ច ទី២ ការឈប់តាមផ្លូវស្ងាត់កាក់គ្មានភ្លើងសញ្ញា ទី៣ ការបង្ក្រាបគ្មានសហការជំនាញ ទី៤ មិនមែនជាជំនាញ ទី៥ «រថយន្តផ្សេងជាអ្នកដឹកឈើ ចុះហេតុអ្វីមកបាញ់រថយន្តប្តីខ្ញុំ ឬមួយដើម្បីស្នាដៃយកតួនាទីរំលោភអ្នកដ៏ទៃផ្គាប់ចិត្តមេមិនគិតពីការស្លាប់រស់របស់អ្នកផ្សេង»៕
ប្រភពពី៖ cambodiapage.info


0 comments:
Post a Comment