ភ្នំពេញៈ មុខមាត់រាជធានីភ្នំពេញនឹងផ្លាស់ប្តូរបន្ថែមទៀតនៅពេលអគារខ្ពស់កប់ពពក Bali Scenery ដែលនៅជិតស្ពានហង្សនៃទីក្រុងរណបកោះពេជ្រ លេចចេញជារូបរាងនៅឆ្នាំ២០១៦ ខាងមុខ។
លោក អួង គីមសាយ ប្រធានគ្រប់គ្រងការដ្ឋានសាងសង់អគារខុនដូ Bali Scenery បានប្រាប់ថា ការសាងសង់ខុនដូទី១ ដែលមានកម្ពស់១៩ជាន់បានឡើងដល់ជាន់ទី១រួចហើយ។ ចំណែកខុនដូ ទី២ មានកម្ពស់៣២ជាន់នៅពេលនេះកំពុងដំណើរការបុកគ្រឹះដោយរំពឹងថា នឹងសង់ផុតពីដីនៅខែកក្កដាខាងមុខ។ លោកបានបន្តថា យើងកំពុងដំណើរការសាងសង់យ៉ាងសកម្មទាំងយប់ទាំងថ្ងៃដើម្បីបញ្ចប់គម្រោងទៅតាមពេលវេលាដែលបានគ្រោងទុកនៅក្នុងឆ្នាំ២០១៦ខាងមុខ។
លោកបានថ្លែងថា៖«លក្ខណពិសេសរបស់ខុនដូ Bali Scenery ដោយសារស្ថិតនៅចំទីតាំងល្អ មានតម្លៃសមរម្យ ការរចនាអគារប្រកបដោយសោភណភាពនិងសំណង់មានគុណភាពខ្ពស់»។
គម្រោងខុនដូ Bali Scenery មានចំនួន២អគារ គឺខុនដូទី១មានកម្ពស់១៩ជាន់មានផ្ទះសរុបចំនួន១៤៤យូនីត ដោយមានផ្ទៃក្រឡាចំនួន៨៦៣ម៉ែត្រការ៉េចំណែកខុនដូទី២ មានកម្ពស់៣២ជាន់មានផ្ទះចំនួន៣៧៨យូនីត ដោយមានផ្ទៃក្រឡាសរុប១.១១០ម៉ែត្រការ៉េដោយមានកន្លែងចតរថយន្តនៅជាន់ខាងក្រោម។
លោក លឿង ជី ប្រធានផ្នែកលក់ និងទីផ្សារនៃគម្រោងខុនដូខាងលើបានប្រាប់ថា រហូតមកដល់ពេលនេះផ្ទះប្រមាណពី៦០ទៅ៧០ភាគរយក្នុងគម្រោងនេះបានលក់អស់ហើយ ដោយមានអតិថិជនចម្រុះជាតិសាសន៍។ លោកបានប្រាប់ថា អគារក្នុងគម្រោងទី១ នឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៤ចំណែកអគារទី២កម្ពស់៣២ជាន់ គម្រោងនឹងបញ្ចប់ការសាងសង់នាដើមឆ្នាំ២០១៦។ ផ្ទះ ១យូនីតមានតម្លៃចាប់ពី ៩៩០០០ ដុល្លារដល់ទៅ ២៨០.០០០ដុល្លារ សហរដ្ឋអាមេរិក។
លោកបានថ្លែងថា៖ «គម្រោង Bali Scenery រំពឹងថា នឹងទទួលបានជោគជ័យ ដោយសារអតិថិជនរបស់យើងសុទ្ធតែមានទំនុកចិត្តលើគុណភាព និងសោភណភាពរបស់គម្រោងទី១ដែលយើងបានសាងសង់នៅតាមផ្លូវ២០០៤ (ផ្លូវសឡា)»។ លោកបន្ថែមថា៖«គម្រោងថ្មីនេះស្ថិតនៅចំទីតាំងល្អមានការចាប់អារម្មណ៍ច្រើនពីអតិថិជន ពីព្រោះនៅទីនោះមានបរិស្ថាន និងបរិយាកាសល្អ»។
ទោះបីយ៉ាងណាលោក លឿង ជី មិនបានបញ្ជាក់ពីទំហំទឹកប្រាក់ដែលត្រូវចំណាយនៅក្នុងគម្រោងនោះទេ ប៉ុន្តែបើតាមលោក អួង គីមសាយ ប្រធានគ្រប់គ្រងការដ្ឋានសំណង់នេះធ្លាប់បានគណនាឲ្យដឹងថា គម្រោងនេះអាចនឹងចំណាយប្រមាណ៣០លានដុល្លារសហរដ្ឋអាមេរិក ដោយមិនគិតបញ្ចូលតម្លៃដីធ្លី។
លោក ស៊ឹង ប៊ុណ្ណា អគ្គនាយកក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ធ្លាប់មានប្រសាសន៍ថា ទីតាំងនេះអាចរាប់ថាជាតំបន់លំនៅឋានលេខ១ បើគិតពីគោលដៅរបស់អតិថិជនគឺទីតាំងនេះអាចប្រៀបធៀបជាមួយ Rose Condo បាន ប៉ុន្តែអ្វីដែលសំខាន់គឺគុណភាពនៃការសាងសង់ និងការរចនាអគាររបស់ក្រុមហ៊ុនអភិវឌ្ឍន៍ផ្ទាល់។
លោកបញ្ជាក់ថា៖ «ភាពជោគជ័យរបស់គម្រោងនេះវាអាស្រ័យលើការលក់ការគ្រប់គ្រងការរចនា និងគុណភាពរបស់អគារ»។
លោក ឌឹត ចណ្ណា ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យវីអឹមស៊ី បាននិយាយថា ទីតាំងខុនដូនេះនៅចំកន្លែងល្អលេខ១ដោយសារវាមានទីតាំងនៅជាប់ទន្លេ និងតំបន់ពាណិជ្ជកម្មដែលមានសេវាកម្មចម្រុះដូចជា ផ្សារទំនើប សាលារៀន ធនាគារ ផ្លូវខ្វាត់ខ្វែង និងមានសេវាកម្មជាច្រើនទៀតដែលសម្រួលដល់ការរស់នៅប្រកបដោយផាសុកភាព។ គម្រោងនេះក៏ជាផ្នែកមួយដែលនឹងជួយលើកកម្ពស់សោភណភាពរាជធានីភ្នំពេញ ហើយព្រមទាំងជួយទាក់ទាញភ្ញៀវទេសចរមកទស្សនាកម្ពុជាទៀតផង។
លោកបានថ្លែងថា៖«ខ្ញុំគិតថាគម្រោងនេះនឹងទទួលជោគជ័យ ប៉ុន្តែអ្វីៗក៏អាស្រ័យលើតម្លៃនិងគុណភាពសំណង់ផងដែរ»៕
ប្រភពពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment