ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃព្រហស្បត៍ ទី៣០ ខែ ឧសភានេះ បានធ្វើការជំនុំជម្រះ បុរសអ្នករត់មូតូឌុបម្នាក់ឈ្មោះឆេង សុផា អាយុ ៣៣ឆ្នាំ ពាក់ព័ន្ធនឹងការយកឈ្មោះ យុវនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន ទៅដើរអង្គាសលុយនិងឆបោកលុយចំនួន ១០០ ដុល្លារអាមេរិក ពីសាលារៀនភាសាកូរ៉េ K.T.N. C ដែលមានទីតំាងស្ថិតនៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកកែវ មុនី ចៅក្រមនៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ ឆេង សុផា បានក្លែងខ្លួនគាត់ ជាជំនួយការរបស់អគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុ នៃក្រសួងការងារ បណ្តុះបណ្តាលនិង វិជ្ជាជីវៈ ទៅអង្គាសលុយចំនួន ១០០ ដុល្លារអាមេរិកពីលោកកង តុលា នាយកសាលារៀនភាសាកូរ៉េ K.T.N. C ដោយយកលេសថា នឹងយកលុយនោះទៅជួយដល់ក្រុមយុវនិស្សិតស្ម័គ្រចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នៅតាមខេត្ត។
ឈ្មោះ ឆេង សុផា ត្រូវបានចោទប្រកាន់ពីតុលាការពីបទ៖«ឆបោក» និង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ ទី ៥ ខែ វិច្ឆិកា ឆ្នាំ ២០១២ តាមបណ្តឹងរបស់ឈ្មោះ កង តុលា នាយកសាលារៀនភាសាកូរ៉េ K.T.N. C ។
ប្រភពពី ភ្នំពេញប៉ុស្តិ៍


0 comments:
Post a Comment