ភ្នំពេញៈ ខណៈដែលការបោះឆ្នោតជាតិ កាន់តែខិតជិតចូលមកដល់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញ បានធ្វើការវាយប្រហារជាថ្មីទៀត ទៅលើមេដឹកនាំគណបក្សប្រឆាំង ដោយមានប្រសាសន៍ថា នឹងមានការធ្វើបាតុកម្មទូទាំងប្រទេស ប្រសិនបើលោក កឹម សុខា ពុំសុំទោស ចំពោះអ្វីដែលគាត់ [កឹម សុខា]បាននិយាយថា គុកទួលស្លែងជាគុកសិប្បនិម្មិតនោះ។
លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានទទួលរងនូវការរិះគន់យ៉ាងខ្លាំង នៅក្នុងរយៈពេលជាច្រើនថ្ងៃកន្លងមកនេះ បន្ទាប់ពីរដ្ឋាភិបាលបានចេញផ្សាយឃ្លីបសំឡេងខ្លីមួយកាលពីថ្ងៃទី២០ ខែឧសភាដែលគេឮលោក សុខា និយាយថា គុកទួលស្លែងឈ្មោះអាសោចនៃរបបខ្មែរក្រហមជាគុកសិប្បនិម្មិត រៀបចំឡើងដោយវៀតណាម។
ប៉ុន្តែលោក សុខា ដែលបានចេញដំណើរទៅកាន់សហរដ្ឋអាមេរិក កាលពីម្សិលមិញដើម្បីចូលរួមពិធីរៃអង្គាសប្រាក់សម្រាប់គណបក្សរបស់លោកក្នុងសន្និសីទកាសែតកាលពីថ្ងៃពុធ បានបដិសេធយ៉ាងដាច់អហង្ការថា លោកពុំដែលបាននិយាយបែបនោះទេ ហើយបានគូសបញ្ជាក់ថា ឃ្លីបសំឡេងដែលត្រូវបានគេផ្សព្វផ្សាយនោះគឺត្រូវបានកាត់តដើម្បីមួលបង្កាច់លោក។
លោកសុខា ដែលឪពុករបស់លោក ត្រូវបានខ្មែរក្រហមសម្លាប់បានបញ្ជាក់ថា៖«ខ្ញុំពិតជាមិនដែលបាននិយាយដូច្នោះទេ។ គេថា ខ្ញុំនិយាយនៅខេត្តព្រៃវែង កាលពីថ្ងៃទី១៨ ខែឧសភា។ ប៉ុន្តែនៅថ្ងៃទី១៨ ខែឧសភា ខ្ញុំមិនបាននៅខេត្តព្រៃវែងទេ គឺខ្ញុំនៅ.ខេត្តកំពង់ចាម មានប្រជាជនរាប់ពាន់នាក់ជាសាក្សី ហើយខ្ញុំក៏មិនបាននិយាយពីខ្មែរក្រហមដែរ»។
នៅក្នុងពិធីនៅវត្តមួយ ក្នុងស្រុកត្បូងឃ្មុំខេត្តកំពង់ចាម កាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា កម្ដៅកំពុងតែកើនឡើង រវាងលោកកឹម សុខា និងសាធារណជន ដោយលោកព្រមានថា លោក ជុំ មី អ្នករស់រានមានជីវិតពីគុកទួលស្លែងគ្រាន់តែគោះជួង នឹងចាប់ផ្តើមបាតុកម្មគ្រប់ទីកន្លែង។
លោកនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ទៀតថា៖ «បាតុកម្មនឹងកើតឡើងមិនត្រឹមតែនៅរាជធានីភ្នំពេញប៉ុណ្ណោះទេ គឺមានទូទាំងប្រទេស។ បាតុកម្មនឹងកើតឡើងគ្រប់ទីកន្លែងដែលគាត់(កឹម សុខា) ទៅ» ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា បាតុកម្មគួរធ្វើឡើងដោយអហិង្សា និងមានសណ្តាប់ធ្នាប់។ លោកបានបញ្ជាក់ថា សូម្បីតែហូលីវូដមិនអាចកែសំឡេងថតបានផងហើយទន្ទឹមនឹងនេះ លោកបានស្តីបន្ទោស លោក សុខា ថា បានប្រមាថអ្នករស់រានមានជីវិតរាប់លាននាក់ ដែលទទួលរងទុក្ខបុកម្នេញហើយលោកបញ្ជាក់ថា បញ្ហានេះគឺរវាងប្រជាពលរដ្ឋ និងលោក សុខា មិនមែនរូបលោកឡើយ។ លោក ហ៊ុន សែន បានបន្ថែមថា៖ «ប្រសិនបើបុគ្គលមេដឹកនាំគណបក្សនយោបាយម្នាក់នឹងមិនសុំទោសចំពោះប្រជាជនជាសាធារណៈ កម្ដៅនយោបាយនឹងធ្ងន់ធ្ងរ»។
ប៉ុន្តែលោក កឹម សុខា បានបញ្ជាក់រួចហើយថា ជនរងគ្រោះនៅគុកទួលស្លែង នឹងយល់ចំពោះអ្វីដែលបានកើតឡើងហើយនឹងអាចទទួលយកបានចំពោះអ្វីដែលលោកបានធ្វើការបំភ្លឺហើយប្រសិនបើនៅតែមានអ្វីមិនច្បាស់ទៀតនោះ គឺអាចជួបតទល់មុខគ្នាជាមួយលោក។
លោក កឹម សុខា បានគូសបញ្ជាក់ទៀតថា មិនមែនលោកត្រូវទៅសុំទោសជនរងគ្រោះនោះទេគឺអ្នកដែលកាត់តសំឡេងរបស់លោកឲ្យប្រាសចាកពីបរិបទដើមនោះទៅវិញទេ ដែលត្រូវសុំទោសជនរងគ្រោះ និងរូបលោក។
កាលពីថ្ងៃសៅរ៍ លោក ជុំ មី ប្រធានសមាគមជនរងគ្រោះ នៃរបបកម្ពុជាប្រជាធិបតេយ្យបានទុករយៈពេល ១០ ថ្ងៃដល់លោក កឹម សុខា ដើម្បីសុំទោស បើមិនដូច្នោះទេនឹងប្រឈមបណ្តឹងផ្លូវច្បាប់ជាមិនខាន។
ប៉ុន្តែ លោក ប៊ូ ម៉េង អ្នករស់រានមានជីវិតពីគុកទួលស្លែងដូចលោក ជុំ មី ដែរ បានថ្លែងមកកាន់ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃពុធថា បញ្ហានេះជាជម្លោះរវាងគណបក្សនយោបាយ ហើយថា លោកមិនខ្វល់ទេថា តើលោក កឹម សុខា សុំទោសឬមិនសុំទោសនោះ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ជុំ មី បានព្រមានជាថ្មីទៀតថា ប្រសិនបើលោក កឹម សុខា មិនធ្វើតាមការកំណត់ទេនោះ ប្រជាជនគ្រប់ទីកន្លែងនឹងចូលរួមបាតុកម្មតាមការអំពាវនាវរបស់លោក។
លោកបានបន្ថែមថា៖ «មានសមាជិក ១៧០០ នាក់ក្នុងសមាគមរបស់ខ្ញុំ ដែលជាជនរងគ្រោះនៃរបបខ្មែរក្រហម ប៉ុន្តែខ្ញុំនឹងមិនបង្ខំឲ្យពួកគេ ចូលរួមក្នុងបាតុកម្មទេ»។ លោកបន្តថា៖ «ប្រសិនបើគាត់មកទីនេះដើម្បីសុំទោសគាត់លែងមានបញ្ហាទៀតហើយ ហើយបាតុកម្មប្រឆាំងគាត់ក៏មិនកើតឡើងដែរ»។
ទោះជាយ៉ាងនេះក្តី ការសុំទោសនោះហាក់ដូចជាមិនអាចកើតឡើងទេ។ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងកាលពីម្សិលមិញថា ជំហររបស់លោក កឹម សុខា គឺខ្លីហើយច្បាស់។ លោកបានបន្តថា៖ «លោក កឹម សុខា មិនបានធ្វើអ្វីខុសទេ ដូច្នេះ គាត់មិនសុំទោសទេ ព្រោះអ្វីគ្រប់យ៉ាង គឺគណបក្សប្រជាជនកម្ពុជាបានបង្កើតឡើង។ គាត់បាននិយាយច្បាស់រួចហើយថា គាត់មិនបានធ្វើអ្វីខុសទេ»។
លោកបានបន្ថែមថា៖ «ខ្ញុំមិនព្រួយបារម្ភសោះ ព្រោះវាជាសិទិ្ធរបស់ពួកគេក្នុងការធ្វើបាតុកម្ម ប្រសិនបើពួកគេគោរពច្បាប់ ប៉ុន្តែប្រសិនបើពួកគេមិនចង់បង្កើតបញ្ហា វាគួរគ្រប់គ្រាន់ហើយ ពីព្រោះលោក កឹម សុខា បានបំភ្លឺរួចហើយ»។
អ្នកឃ្លាំមើលបានខ្វែងគំនិតគ្នាថា តើ ពួកគេគិតថា សម្តីរបស់លោក សុខា ត្រូវបានកាត់តឬយ៉ាងណា? ហើយគណបក្សសង្គ្រោះជាតិនៅតែមិនអាចរកឃើញអ្វីដែលខ្លួនអះអាងថា ជាពាក្យសម្តីដែលកាត់តដើម្បីបំភាន់នោះឬយ៉ាងណាទេ?
លោក កែម ឡី អ្នកសិក្សាស្រាវជ្រាវ និងជាអ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងកាលពីម្សិលមិញថា លោកពុំជឿជាក់ចំពោះការបំភ្លឺរបស់លោក កឹម សុខា ដែលថា លោកបាននិយាយថា ខ្មែរក្រហម បានរៀបចំភ័ស្តុតាងនៅគុកទួលស្លែង ដើម្បីកាត់ទោសជនគ្មានកំហុសនោះទេ។
លោកបានបញ្ជាក់ថា៖ «ច្បាស់ណាស់មិនអាចទេ សូម្បីពេលគាត់រៀបចំសន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ដែលខ្ញុំបានស្តាប់។ ប៉ុន្តែសម្តីដើមរបស់គាត់មិនអាចគេចវេះទេ លើកលែងតែគាត់អាចពន្យល់ច្បាស់ដល់សាធារណជន»។ លោក កែម ឡី បានជំរុញឲ្យលោក សុខា សុំទោស ដើម្បីបញ្ចប់បញ្ហា ខណៈដែលស្ថានការណ៍កំពុងតែឆ្ពោះទៅរកការបោះឆ្នោតជាតិនាខែកក្កដា។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយម្នាក់ទៀត បានថ្លែងថា ទោះបីជាលោក កឹម សុខា មានកំហុសដោយថ្លែងបែបនោះឬអត់ក៏ដោយមិនគួរទៅឲ្យសាធារណជនជាអ្នកសម្រេចទេ។
លោក ម៉ុងហៃ បានស្នើថា៖ «រដ្ឋសភាអាចបង្កើតគណៈកម្មការបណ្តោះអាសន្នដើម្បីរកឲ្យឃើញថា តើអ្វីដែលលោក កឹម សុខា ពិតជាបាននិយាយនោះ។ ត្រូវមានសាក្សី ពីព្រោះគាត់មិនមែននិយាយក្នុងទីលំហនោះទេ។ វាគួរតែមានសាក្សីថាតើអ្វីពួកគេបានឮ?»។
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិត្រូវបានគេមើលឃើញថា គឺជាគូប្រជែងដ៏ស្រួចស្រាល់ក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ៕ TK
__________________
ប្រភពព័ត៌៖ ខ្មែរប៉ុស្តិ៍
ប្រភពព័ត៌៖ ខ្មែរប៉ុស្តិ៍


0 comments:
Post a Comment