ភ្នំពេញៈ អតីតអ្នកភូមិបឹងកក់បានមកបោះតង់ ដេកនៅមុខសាលារាជធានីភ្នំពេញពេញមួយយប់កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីស្នើសុំឲ្យសាលាក្រុងជួយ ដោះស្រាយការលំបាកផ្នែកលំនៅដ្ឋាន និងជីវភាព ក្រោយពេលពួកគាត់ព្រមទទួលយកគោលនយោបាយសំណង ហើយបានចាកចេញពីតំបន់បឹងកក់អស់រយៈពេលប្រមាណ៤ឆ្នាំមកហើយ។
ប្រជាពលរដ្ឋជាង៣០០០គ្រួសារហើយដែលបានចេញពីបឹងកក់ ដែលក្នុងនោះមានអ្នកស្មគ្រ័ចិត្ត និងអ្នកចេញដោយបង្ខំ បានមកស្នើសុំឲ្យជួយដោះស្រាយបញ្ហារបស់ពួកគេជាច្រើនលើកហើយ ប៉ុន្តែគ្មានការឆ្លើយតបនោះឡើយ។
យោងតាមសេចក្តីជូនដំណឹងរបស់សាលាខណ្ឌដូនពេញ កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០០៩ បានលើកគោលនយោបាយជាថ្នូររុះរើលំនៅដ្ឋានមានបីចំណុចដែលទីមួយ មានសំណង៨០០០ដុល្លារ, ទី២ ផ្តល់ផ្ទះល្វែងនៅតំណាក់ត្រយឹងជាយក្រុង និងទី៣ ការអភិវឌ្ឍនៅហ្នឹងកន្លែង។អតីតអ្នកភូមិបឹងកក់បាននិយាយថា គោលនយោបាយទី៣ ដែលអភិវឌ្ឍន៍នៅហ្នឹងកន្លែង មិនត្រូវបានសាលាក្រុងអនុវត្តន៍ចំពោះប្រជាពលរដ្ឋនេះឡើយ។
រហូតមកដល់ពេលនេះ អ្នកភូមិទាំងនោះ កំពុងនៅតែបន្តតវ៉ាមុខសាលារាជធានីភ្នំពេញ នៅឡើយ។
អ្នកភូមិម្នាក់ បានឲ្យដឹងថា ដោយសារថ្ងៃនេះជាឈប់សម្រាក ដូច្នេះមិនមានមន្ត្រីសាលារាជធានីភ្នំពេញ ចេញមកដោះស្រាយទេ រហូតដល់ថ្ងៃចូលធ្វើការវិញ។
ប្រភពពី ភ្នំពេញ ប៉ុស្តិ៍



0 comments:
Post a Comment